ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរជាងដំដែក«តត្រកូល»ធ្វើកាំបិតពូថៅ​ជាប្រពៃណី

8 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កាំបិត ពូថៅ ចបកាប់ ខ្វែវ ប៉ែល ចបជីក ។​ល​។ សុទ្ធ​សឹង​ជា​ឧបករណ៍​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ចម្ការ…

ខេត្តសៀមរាប ៖ កាំបិត ពូថៅ ចបកាប់ ខ្វែវ ប៉ែល ចបជីក ។​ល​។ សុទ្ធ​សឹង​ជា​ឧបករណ៍​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​ចម្ការ ឬ​ប្រើប្រាស់​ក្នុង​គ្រួសារ ។ បច្ចុប្បន្ន មុខរបរ​ជាងដែក​ផលិត​កាំបិតពូថៅ មានការ​ថយ​ចុះ​គួរ​ឱ្យ​កត់សម្គាល់​ដោយសារ​តែ​ការ​នាំ​ចូល​ពី​ប្រទេស​ក្រៅ​បាន​លុកលុយ​ទីផ្សារ​គ្រប់​រូប
ភាព ។

ទោះបីជា​បែប​ណា ទីតាំងមួយ​នៅ​ខាងត្បូង​ផ្សារ​ក្រោម​ចម្ងាយ​ប្រហែល ៣០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប មានការ​ដាក់​លក់​កាំបិត ពូថៅ ក្នុង​តម្លៃ​សមរម្យ ដែល​ការ​ផលិត​ជា​ច្រើនសុទ្ធតែ​ជា​ឧបករណ៍​ប្រើប្រាស់​ដោយ​ដៃ​សម្រាប់​ប្រជាពលរដ្ឋ ។ លោក ព្រុំ អ៊ែ​ល អាយុ​៤៤​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​មមានស្រុក​កំណើត​នៅ​ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប និង​ជា​ជាងដែក បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ២០២៥​ថា គាត់​មានកូន​ចំនួន​៥​នាក់​(​ស្រី​៤ ប្រុស​១) ចាប់​មុខរបរ​ដំ​ដែក​នេះ​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ ដោយ​ធ្វើ​កាំបិត ពូថៅ ចបកាប់  ប៉ែល ចបជីក កាំបិតបន្ទោះ ។​ល​។ ដោយចេះ​បន្ត​មក​ពី​ឪពុក បើ​និយាយ​ឱ្យ​ចំ​ទៅ​គឺ​ចេះ​ត​គ្នា​ពី​ដូនតា​មក ។

ចំពោះ​ដែក​គឺ​គាត់​ទិញ​ពី​អ្នកលក់​អេ​ត​ចាយ​តម្លៃ ៣ ០០០​រៀល ទៅ ៥ ០០០​រៀល តាម​ដែក​ល្អ​មិនល្អ ។ ចំណែក​ការ​ធ្វើ​កាំបិត ពូថៅ ចបកាប់ ខ្វែវ ប៉ែល ចបជីក ។​ល​។ ក្នុង​១​ថ្ងៃ​ធ្វើ​បាន​ចាប់ពី​៥ ទៅ​១០ ទើប​ទាន់​ម៉ូយ គេ​ទិញ​យក​ទៅ​លក់​បន្ត​បោះ​ដុំ​តាម​ស្រុក​នានា ។ លោក ព្រុំ អ៊ែ​ល មានកូន​ជាង​ម្នាក់់ ឈ្មោះ ផា ហៅ អ៊ូ​ក ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​នៅ​តំបន់​អង្គរ ក្នុងភូមិ​នគរ​ក្រៅ សង្កាត់​នគរធំ ក្រុង​សៀមរាប បាន​មក​រៀន​ធ្វើ​កាំបិត ពូថៅ ជាមួយ​គាត់​រយៈពេល​ជាង ៥​ឆ្នាំ​មក​ហើយ​ដែរ ។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ជាងដែក​លក់​កាំបិត​ពូថៅ នេះ​ដែរ ក៏​មាន​វត្តមាន​លោក ភិ​រម្យ មុខរបរ​រត់​ម៉ូតូ​កង់​បី រស់នៅ​ក្នុង​ក្រុង​សៀមរាប បាន​ដឹក​ភ្ញៀវ​ជា​បុរស​ជនជាតិ​បារាំង​២​នាក់ មក​ទិញ​កាំបិតបន្ទោះ​១​ថ្លៃ ៤០ ០០០​រៀល ដើម្បី​យក​ទៅ​ប្រើប្រាស់ ។ ជាងដែក​រូប​នេះ បាន​ប្រាប់​ពី​របៀប​ធ្វើ​កាំបិត ពូថៅ ប៉ែល ចបជីក គឺ​ត្រូវ​យក​ដែក​ចន្ទាសឬ​ដែក​ផ្សេង​ៗ​ទៀត មក​កាត់​ជា​កង់​ៗ ហើយ​យក​មក​ដុត​ឱ្យ​ទន់ រួច​ដំ ហើយ​យក​ទៅ​ដាក់​ក្នុង​ទឹក​ដែល​ហៅ​ថា​លត់ ។

បន្ទាប់​មក យក​ទៅ​ដំ​បន្ត​ទៀត​តម្រង់​មើល​ឱ្យ​ត្រង់​ទៅ​តាម​លំដាប់លំដោយ​តាម​ខ្នាត​រហូត​ចប់​សព្វគ្រប់ ។អ្នកស្រី សាលី ណា កូនស្រី​របស់​លោក ព្រុំ អ៊ែ​ល គឺជា​អ្នកលក់​កាំបិត រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។ កាំបិត​ដែល​លក់​ចេញ មាន​ប្រភេទ​លេខ​១ និង​លេខ​២ និង​បោះ​ដុំ​មាន​ដូច​ជា ៖

-​កាំបិត​ហាន់សាច់​លេខ​២ កាំបិត​១​លក់​ចេញថ្លៃ ៨​ពាន់​រៀល ។

-​កាំបិត​ហាន់សាច់​លេខ​១ កាំបិត​១​លក់​ចេញថ្លៃ ២​ម៉ឺន​រៀល ទៅ ២៥ ០០០​រៀល ។

-​កាំបិត​កាប់​ឆ្អឹង ១​ថ្លៃ​៦​ម៉ឺន​រៀល ។

-​កាំបិត​ខ្វែវ​ធ្វើ​ពី​ដែក​ចន្ទាស លក់​ចេញ​១​ថ្លៃ​៦​ម៉ឺន​រៀល ។

-​ចបកាប់​សញ្ញា​ត្រា​មាន់ ១​ថ្លៃ​៣​ម៉ឺន​រៀល ។ 

-​ចបកាប់​ធម្មតា ១​ថ្លៃ​១​ម៉ឺន​៥​ពាន់​រៀល ។

-​ចបជីក​ដង​ឈើ ១​ថ្លៃ​២​ម៉ឺន​រៀល ។

-​ចបជីក​ដង​ដែក ១​ថ្លៃ​១​ម៉ឺន​៥​ពាន់​រៀល ។

-​ចបកាប់​តូច ១​ថ្លៃ​១​ម៉ឺន​រៀល ។

-​ចបជីក​សម្រាប់​អង្គុយ​ជីក​ស្មៅ​តាម​រង​ត្រកួន ១​ថ្លៃ​១​ម៉ឺន​រៀល ។

-​ខ្នោសកោសដូង ១​ថ្លៃ​១​ម៉ឺន​រៀល ។

-​ប៉ែល ១​ថ្លៃ​៣​ម៉ឺន​រៀល ។

-​ដែកគាស់​តូច ១​ថ្លៃ​១​ម៉ឺន​៥​ពាន់​រៀល ។

-​ដែកគាស់​ធំ ១​ថ្លៃ​៤​ម៉ឺន​រៀល ។

-​កាំបិតបន្ទោះ ១​ថ្លៃ​២​ម៉ឺន​៥​ពាន់​រៀល ។

-​កាំបិត​ចិត​ត្នោត ១​ថ្លៃ​៤​ម៉ឺន​រៀល ។ 

-​កាំបិតចែត ១​ថ្លៃ​៤​ម៉ឺន​រៀល ។

-​រនាស់ ១​ថ្លៃ​២​ម៉ឺន​រៀល ។

លោក សុទ្ធ វិសាល អាយុ​៥៨​ឆ្នាំ រស់នៅ​ស្រុក​វ៉ា​រិ​ន ជា​អ្នក​ដឹក​លក់​តាម​ភូមិ​ស្រុក បាន​ប្រាប់​កោះសន្តិភាព​ថា គាត់​ដឹក​លក់ តាម​ម៉ូតូ​រ៉ឺ​ម៉ក​តាម​ផ្លូវជាតិ និង​តាម​ភូមិ ឃុំ ស្រុក ដែល​មានកាំបិត ពូថៅ ចប ប៉ែល និង​សម្ភារៈ​ផ្សេង​ៗ​ទៀត ។​ល​។ ជាមួយ​ក្រុម​គ្រួសារ​យក​ពីរោង​ដំ​ដែក​ក្នុង​ក្រុង​សៀមរាប ។

ជួនកាល​ទៀត យក​ពី​តាម​ស្រុក​ដូច​ជា ស្រុក​ដំ​ដែក ស្រុក​សូទ្រនិគម យក​ទៅ​លក់​បន្ត​ក្នុង​តម្លៃ​បោះ​ដុំ និង​លក់​បន្ត​ទៅ​ឱ្យ​អ្នកទិញ​រាយ​បាន​ចំណេញ​តិចតួច ក្នុង កាំបិត​១ ចំណេញ​បាន​៥០០​រៀល ទៅ១០០០​រៀល គ្រប់​សម្ភារៈ​ទាំងអស់ ។

បើ​តាម​លោក ព្រុំ អ៊ែ​ល និយាយ​ថា នៅ​ភូមិ​ដែល​គាត់​ប្រកប​របរ​នេះ​ក៏​មាន​បងប្អូន​គាត់​២​នាក់​ទៀត​ចាប់​យកមុខរ​បរដំ​ដែក​ធ្វើ​កាំបិត ពូថៅ​ដែរ ។ គាត់​ថា កន្លង​មក មាន​ក្រុម​ក្មេង​ទំនើង​មក​កុម្ម​ង់​ឱ្យ​គាត់​ធ្វើ​ដាវ​សា​មូ​រ៉ៃ​ដែរ តែ​គាត់​បាន​បដិសេធ​មិន​ធ្វើ​ឡើយ ។

គាត់​បន្ត​ថា ក្នុង​១​ខែ​សមត្ថកិច្ច​ចុះ​មក​ត្រួតពិនិត្យ​ម្តង ខ្លាចក្រែង​មានការ​លួច​ធ្វើ​កាំបិត ឬ​ដាវ​លក់ តែ​អំពើ​ខុសច្បាប់​គាត់​មិន​ធ្វើ​ឡើយ ។ ឧបករណ៍​លក់ដាច់​ជាងគេ​គឺ កាំបិត​ផ្គាក់ កាំបិតខ្វែវ ចបកាប់ និង​ចបជីក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ