ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំ​ជួប​គ្នាតាមទូរស័ព្ទជា​​មួយ​​លោកពូទីនជាថ្មី​ទៀត

8 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​ពេល​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​ជា​ថ្មី​ទៀត ​កាលពី​ថ្ងៃ​ទី​៣ ​កក្កដា ​អស់​ពេល​​ប្រមាណ​១​ម៉ោង ប្រធានាធិបតី​រុស្ស៊ីលោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន គូសបញ្ជាក់​ប្រាប់​ដល់​សម​ភាគី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថា លោក​នឹង​មិន​បោះបង់​ចោល​ឡើយ​បណ្ដា​ទិស​ដៅ​របស់​លោក​ក្នុង​សង្គ្រាម​​នៅ​អ៊ុយ​ក្រែ​ន ។…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្នុង​ពេល​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​ជា​ថ្មី​ទៀត ​កាលពី​ថ្ងៃ​ទី​៣ ​កក្កដា ​អស់​ពេល​​ប្រមាណ​១​ម៉ោង ប្រធានាធិបតី​រុស្ស៊ីលោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន គូសបញ្ជាក់​ប្រាប់​ដល់​សម​ភាគី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថា លោក​នឹង​មិន​បោះបង់​ចោល​ឡើយ​បណ្ដា​ទិស​ដៅ​របស់​លោក​ក្នុង​សង្គ្រាម​​នៅ​អ៊ុយ​ក្រែ​ន ។ នេះ​បើ​តាម​ទីប្រឹក្សា​ការទូត​រុស្ស៊ី​លោក​អ៊ីអ៊ូ​រី​អ៊ូ​ឆា​កូវ​ ។

ទិស​ដៅ​នោះរបស់​លោកពូ​ទី​ន​គឺ​លុប​បំបាត់​ចោល​បណ្ដា​មូលហេតុ​សំខាន់​ដែល​នាំ​ឲ្យ​កើត​មាន​សភាពការណ៍​ប​ច្ចប្ប​ន្ន ​។ នៅ​មុខ​អ្នកកាសែត​ជា​ច្រើន​លោក​អ៊ីអ៊ូ​រី​អ៊ូ​ឆា​កូវ​បញ្ជាក់​ថា លោកពូ​ទី​ន​គូសបញ្ជាក់​ពី​ឆន្ទៈ​របស់​ភាគីរុស្ស៊ី បន្ត​ដំណើរការ​នៃ​ការ​ចរចា ដែល​ចាប់ផ្ដើម​នៅ​ក្រុងអ៊ី​ស្តង់​ប៊ុល ដែល​មានការ​ចរចា​ដោយ​ផ្ទាល់​រវាងរុស្ស៊ី ​និង​អ៊ុយ​ក្រែ​ន​២​លើក​រួច​មក​ហើយ តែ​ទទួល​បាន​ផល​តិចតួច​បំផុត​។ ចំណែក​ប្រ​ធា​ច​នា​ធិ​បតី​អា​មេ​រិ​ក​វិញ បាន​ប្រាប់​សារព័ត៌មាន​នា​យប់​ថ្ងៃ​ទី​៣​កក្កដា​ថា មិន​មានការ​រីក​ចម្រើន​អ្វី​ឡើយ ក្រោយ​ការ​ជួប​និយាយ​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​លោកពូ​ទី​ន​។

ភាគី​រុស្ស៊ីចាត់​ទុក​ការ​ជួប​និយាយ​គ្នា​តាម​ទូរស័ព្ទ​លើក​ទី​៦​នោះ រវាង​មេដឹកនាំ​ទាំង​២​ថា​ត្រង់​ទៅ​ត្រង់​មក​។ ការ​ជួប​គ្នា​តាម​ទូរស័ព្ទ​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​អា​មេ​រិ​ក​ផ្អាក​ការ​បញ្ជូន​អាវុធ​មួយ​ចំនួន​ដល់​អ៊ុយ​ក្រែ​ន​។ រឿង​នោះ​មិន​ត្រូវ​បាន​លើក​មក​និយាយ​ក្នុង​ការ​ជួប​គ្នា​តាម​ទូរស័ព្ទ រវាង​លោកពូ​ទី​ន​និង​លោក​ត្រាំ​ឡើយ​។ លោក​ត្រាំ​ថ្លែង​កាលពី​ថ្ងៃ​ទី​៣​កក្កដា​ថា អា​មេ​រិ​កបាន​ផ្ដល់​អាវុធ​ច្រើន​ពេក​ហើយ​ដល់​អ៊ុយ​ក្រែ​ន ក្រោម​រដ្ឋការ​មុន​របស់​លោក​ចូ​បៃ​ដិ​ន​។

នោះ​ជា​ការ​ធ្វើ​អត្ថាធិប្បាយ​ជា​សាធារណៈ​ដំបូង​របស់​លោក ពី​ការ​ផ្អាក​លែង​ផ្ដល់​អាវុធ​មួយ​ចំនួន​ដល់​ក្រុង​គៀវ ពិសេស​បណ្ដា​មី​ស៊ីល​ការពារ​អាកាស​និង​កា​ភ្លើង​ធំ​ព្រមទាំង​គ្រាប់​ផ្លោង ខណៈ​រុស្ស៊ី​បង្កើន​ការ​វាយលុក​។ ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​មុន​ពេល​លោក​ឡើង​យន្តហោះ​ប្រធានាធិបតី​ទៅ​កាន់​រដ្ឋ​អៃ​យ៉ូ​វ៉ា​លោក​ត្រាំ​ថ្លែង​ថា អតីត​ប្រធានាធិបតី​លោក​ចូ​បៃ​ដិ​ន បាន​ឲ្យ​គេ​យក​ចេញ​អស់ពី​ស្តុក​បណ្ដា​អាវុធ ហើយ​ពេល​នេះ​យើង​ត្រូវ​បំពេញ​ស្តុក​វិញ ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​យើង​ផ្ទាល់​។ បណ្ដា​មី​ស៊ី​ល​ការពារ​អាកាស កាំភ្លើង​ធំ​បាញ់​ច្បាស់​ចំ​គោលដៅ​និង​អាវុធ​ដទៃ​ៗ​ទៀត​ស្ថិត​ក្នុង​ចំណោម​អាវុធ​ដែល​យើង​លែង​ផ្ដល់​ដល់​អ៊ុយ​ក្រែ​ន​ទៀត​។ លោក​ក៏​លើក​ដែរ​ថា អា​មេ​រិ​ក​មិន​អាច​បំពេញ​ជំនួយ​អា​មេ​រិ​ក​ដល់​អ៊ុយ​ក្រែ​ន​ឡើយ​។

រុ​ស្ស៊ីបន្ត​វាយប្រហារ​ខ្លាំង​លើ​អ៊ុយ​ក្រែ​ន
មនុស្ស​យ៉ាងតិច​៨​នាក់​ស្លាប់​និង​ប្រមាណ​១០​នាក់​ទៀត​រង​របួស ក្នុង​ការ​វាយប្រហារ​ជា​ច្រើន​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ទី​៣​ កក្កដា ​លើ​អ៊ុយ​ក្រែ​ន​។ នេះ​បើ​តាម​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​។ ការ​វាយប្រហារ​ថ្មី​ៗ​របស់​រុស្ស៊ី​ធ្វើ​លើ​ទីក្រុង​អូ​ដេ​សា ប៉ុ​លតា​វ៉ា​និង​ជិត​ទីក្រុង​ដូ​ណេ​ត​ស្ក៍​។ បណ្ដា​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់​ផែ​រង​ការ​ខូចខាត​ក៏​ដូច​ជា​មជ្ឈមណ្ឌល​ជ្រើសរើស​ទ័ព​មួយ ។

ចំណែក​កងទ័ព​អ៊ុយ​ក្រែ​ន​វិញ​ប៉ុនប៉ង​វាយប្រហារ​រុស្ស៊ី​ដោយ​ដ្រូ​ន ក្នុង​ទឹកដី​រុស្ស៊ី​ដោយ​ផ្ទាល់​ដែរបណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​នៅ​ក្រុង​លីពីត​ស្ក៍ ចម្ងាយ​ប្រមាណ​៤០០​គីឡូម៉ែត្រ​នា​ភាគ​អាគ្នេយ៍​ក្រុង​មូ​ស្គូ​។ ដ្រូ​ន​អ៊ុយ​ក្រែ​ន​ក៏​បណ្ដាល​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ក្នុង​ទីតាំង​សហគ្រាស​មួយ​នៃ​ទីក្រុង​ឡឺ​ឡែ​ត​ក្នុង​តំបន់​លីពីត​ស្ក៍ កន្លែង​ដែល​មាន​ប្លុក​ឧស្សាហកម្ម​ជា​ច្រើន តែ​មិន​បណ្ដាល​ឲ្យ​មាន​ជន​រង​គ្រោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ