ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះហៅមន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីកិច្ចសន្យា៩នាក់ពាក់ព័ន្ធករណីឃាត់រថយន្ដជនជាតិឥណ្ឌូនេស៊ីមកធ្វើការសួរនាំ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​កោះហៅ​មន្ដ្រី​នគរបាល​ចរាចរណ៍ និង​មន្ដ្រី​កិច្ចសន្យា សរុប​ចំនួន​៩​នាក់…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​កោះហៅ​មន្ដ្រី​នគរបាល​ចរាចរណ៍ និង​មន្ដ្រី​កិច្ចសន្យា សរុប​ចំនួន​៩​នាក់ នៅ​គោលដៅ​ស្ដុ​ប​ព្រះ​សក្យមុនីចេតិយ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ មក​ធ្វើការ​សួរនាំ និង​ឆ្លើយ​បំភ្លឺ​ករណី​ឃាត់​រថយន្ដ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​កាលពី​ពេល​កន្លង​ទៅ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស នា​ព្រឹក​ថ្ងៃ​ទី​៤ ខែកក្កដា​នេះ​ថា ក្រោយ​មានការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​សង្គម ​ករណី​ឃាត់​រថយន្ត​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​០១​គ្រឿង ហើយ​សួរនាំ​រក​ឯកសារ​រថយន្ត នៅ​ពេល​នោះ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី បាន​បង្ហាញ​ប័ណ្ណបើកបរ​អាស៊ាន​រួច​ហើយ តែ​ប៉ូលិស​នៅ​តែ​ទាមទារ​រក​ឯកសារ​ផ្សេង​ៗ​រហូត​ប៉ូលិស​ទាមទារ​លុយ ចំនួន​៣០០​ដុ​លា្ល​រ តែ​បុរស​ឥណ្ឌូ​នេ​ស៊ី​បាន​សម្រួល​មក​ត្រឹម​៥០​ដុល្លារ​វិញ មិនតែប៉ុណ្ណោះ​មាន​ប៉ូលិស​មក​ទាមទារ​បន្ថែម​៤០០០​រៀល​កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ ។

ចំពោះ​ករណី​នេះ អនុវត្ត​តាម​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ទៅ​លោកស្នងការ​រង​ផែនការ​ងារ​ធនធានមនុស្ស​ឲ្យ​ការិយាល័យ​បុគ្គលិក នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០២៥ កោះហៅ​មន្ត្រី​នគរបាល​ចរាចរណ៍ និង​មន្ត្រី​ជាប់កិច្ចសន្យា​ចំនួន​៩​រូប នៅ​គោលដៅ​ស្តុ​ប​ព្រះ​សក្យមុនីចេតិយ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ដើម្បី​សួរនាំ​បំភ្លឺ និង​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ​របស់​នគរបាល ប្រមូល​ព័ត៌មាន​ឲ្យ​បាន​ច្បាស់លាស់​គ្រប់​ជ្រុងជ្រោយ​យក​មក​វិភាគ​វាយតម្លៃ ហើយ​ធ្វើ​របាយការណ៍ រាយការណ៍​ជូន​ឯកឧត្តម​ស្នងការ ដើម្បី​ពិនិត្យ និង​សម្រេច​។

សូម​បញ្ជាក់​ថា កន្លង​មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​មន្ត្រី​ចុះ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពេល​ចុះ​អនុវត្ត​បំពេញភារកិច្ច​ត្រូវ​មាន​ក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដី​ថ្លៃថ្នូរ សាក​សមជា​កម្លាំង​នគរបាល​ជាតិ ដោយ​ត្រូវ​អនុវត្ត​ច្បាប់​ប្រកាន់​យក​វិធានការ​ជំនាញ និង​វិធានការ​ច្បាប់ ដោយ​ភាព​ម៉ត់ចត់​បំផុត ។

ដោយឡែក​ចំពោះ​មន្ត្រី​ណា​ដែល​រក​ឃើញ​ថា អនុវត្ត​ការងារ គ្មាន​វិន័យ ខ្វះ​ក្រមសីលធម៌ វិជ្ជាជីវៈ​នគរបាល​ជាតិ ត្រូវ​តែ​ទទួល​វិន័យ​របស់​នគរបាល​ជាតិ ជា​ដាច់ខាត​ដោយ​មិន​លើកលែង​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ