សហរដ្ឋអាមេរិក ៖ សមាជិកសភាអាមេរិក២រូប កាលពីពេលថ្មីៗនេះបានស្នើបង្កើតច្បាប់អនុញ្ញាតឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ផ្តល់យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 និងគ្រាប់បែក Bunker Buster ទម្ងន់១គ្រាប់ជិត១៤ ០០០គីឡូក្រាមទៅឱ្យអ៊ីស្រាអែល បើអ៊ីរ៉ង់នៅតែបន្តអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ បន្ទាប់ពីការវាយប្រហាររបស់អាមេរិក កាលពីខែមុន។
សេចក្តីរាយការណ៍ពីទូរទស្សន៍អាមេរិក Fox News កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ «Bunker Buster Act» ត្រូវបានបង្ហាញដោយលោក Josh Gottheimer អ្នកតំណាងរាស្ត្រមណ្ឌលទី៥ រដ្ឋញូវចឺស៊ី (New Jersey) និងលោក Mike Lawler អ្នកតំណាងរាស្ត្រមណ្ឌលទី១៧ រដ្ឋញូវយ៉ក (New York) ដោយវានឹងអនុញ្ញាតឱ្យលោក ត្រាំ ចាត់វិធានការដើម្បីធានាថា អ៊ីស្រាអែលបានត្រៀមខ្លួនសម្រាប់គ្រប់កាលៈទេសៈទាំងអស់ ប្រសិនបើអ៊ីរ៉ង់ស្វែងរកការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ។
លោក Mike Lawler ថ្លែងថា លោកប្រធានាធិបតីនឹងមានសិទ្ធិក្នុងការបំពាក់ឧបករណ៍យោធា និងការហ្វឹកហ្វឺនរបស់អ៊ីស្រាអែលដែលពួកគេត្រូវការ ដើម្បីរារាំងទីក្រុងតេហេរ៉ង់ (Tehran) និងធ្វើឱ្យពិភពលោកក្លាយជាកន្លែងមានសុវត្ថិភាព។
ជម្លោះរយៈពេល១២ថ្ងៃដ៏ក្តៅនៅតំបន់មជ្ឈិមបូព៌ា កើតឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ពោលនៅពេលអ៊ីស្រាអែលបើកការវាយប្រហារដោយមីស៊ីលលើទីតាំងជាច្រើនរបស់អ៊ីរ៉ង់។ ជាការសងសឹកអ៊ីរ៉ង់ក៏បានបាញ់ផ្លោងមីស៊ីលលើទីតាំងយោធា ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់អ៊ីស្រាអែលផងដែរ មុនការចូលរួមរបស់អាមេរិក។ យន្តហោះបំបាំងកាយ B-2 ទើបបញ្ចប់បេសកម្មទម្លាក់គ្រាប់បែក Bunker Buster ១៤គ្រាប់លើទីតាំងនុយក្លេអ៊ែរសំខាន់ ចំនួន ៣ របស់អ៊ីរ៉ង់ រួមមាន Fordow, Natanz និង Isfahan កាលពីថ្ងៃទី២២ ខែមិថុនា ដោយលោក ត្រាំ អះអាងថា ការទម្លាក់បានបំផ្លាញចោលទាំងស្រុងនូវកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។
ប្រធានទីភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ (IAEA) លោក Rafael Grossi បានប្រាប់វិទ្យុបារាំងថា មជ្ឈមណ្ឌលនុយក្លេអ៊ែរនៅទីតាំងនុយក្លេអ៊ែរ Fordow ក្រោមដីរបស់អ៊ីរ៉ង់លែងដំណើរការទៀតហើយ បន្ទាប់ពីការវាយប្រហាររបស់អាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ សំនួរត្រូវបានសួរថា តើអ៊ីរ៉ង់អាចផ្លាស់ទីតាំងស្តុកសារធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់ចេញពីកន្លែងដែលអាមេរិកវាយប្រហារ ឬក៏អត់? លោក Grossi បានប្រាប់ទូរទស្សន៍ CBS ថា អ៊ីរ៉ង់អាចនឹងចាប់ផ្តើមចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមម្តងទៀតក្នុងរយៈពេលប៉ុន្មានខែទៀត។ លោកបានបន្ថែមទៀតថា «វាច្បាស់ណាស់គឺជាការខូចខាតធ្ងន់ធ្ងរ ប៉ុន្តែមិនមែនជាការខូចខាតសរុបនោះទេ។ អ៊ីរ៉ង់មានសមត្ថភាពទាំងផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យា។ ដូច្នេះបើពួកគេចង់បាន ពួកគេនឹងអាចចាប់ផ្តើមធ្វើវាម្តងទៀត»។
គិតត្រឹមឆ្នាំ២០២៤ អាមេរិកមានយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ចំនួន១៩គ្រឿងកំពុងដំណើរការ ដោយក្នុង១គ្រឿងមានតម្លៃច្រើនជាង២ពាន់លានដុល្លារ។ យន្តហោះដ៏ទំនើបប្រភេទនេះ មិនត្រូវបានសហរដ្ឋអាមេរិកផ្តល់ ឬលក់ទៅឱ្យប្រទេសសម្ព័ន្ធមិត្តណាមួយឡើយ។ ចំណែកគ្រាប់បែក Bunker Buster គឺជាប្រភេទគ្រាប់បែកដែលត្រូវបានរចនាឡើងជាពិសេស ដើម្បីផ្ទុះខួងចូលទៅក្នុងគោលដៅរឹង ឬគោលដៅស្ថិតក្រោមដីយ៉ាងជ្រៅ ដូចជាលេណដ្ឋានយោធាជាដើម៕ ប្រភព ៖ Fox News




ចែករំលែកព័តមាននេះ