រាជធានីភ្នំពេញ ៖ ក្មេងស្រីជនជាតិវៀតណាមចំនួន៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១ មករា ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុការណ៍បានឱ្យដឹងថា ក្មេងស្រីដែលស្លាប់ទាំង៣នាក់ នេះមាន ១-ឈ្មោះអាម៉ុក អាយុ១៥ឆ្នាំ ២-ឈ្មោះង្វៀន យ៉ាំងមាំង អាយុ១៦ឆ្នាំ និង៣-ឈ្មោះវិញ យ៉ាំងងាង អាយុ១៦ឆ្នាំ ។ ទាំង៣នាក់នេះជាបងប្អូនជីដូនមួយនឹងគ្នា ក្នុងនោះឈ្មោះវិញ យ៉ាងងាង មានទីលំនៅជិតវត្តចំប៉ា ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌមានជ័យ ចំណែកឯ២នាក់ទៀតស្នាក់នៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានដដែលបានឱ្យដឹងទៀតថា ក្មេងស្រីវៀតណាមទាំង៣នាក់បងប្អូនជិះម៉ូតូម៉ាកវ៉េវអ៊ី ពណ៌ខ្មៅ ឌុបគ្នាធ្វើដំណើរលើដងផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចខាងលើ ក៏បុកគ្នាជាមួយរថយន្តក្រុងហូជីមិញ ដែលដឹកភ្ញៀវពីរាជធានីភ្នំពេញ ឆ្ពោះទៅប្រទេសវៀតណាម ក្នុងទិសដៅពីលិចទៅកើត គឺបញ្ច្រាសទិសគ្នា។ ក្នុងហេតុការណ៍នេះបណ្តាលឱ្យដួលម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវ ហើយអ្នកជិះម៉ូតូទាំង៣នាក់ដួលបោកទៅលើផ្លូវជាតិត្រូវរថយន្តកិនស្លាប់ភ្លាមៗ ទាំង៣នាក់។ ចំណែកអ្នកបើកបររថយន្តឈ្មោះហា ហ៊ីហ្វុង អាយុ៣៥ឆ្នាំ បានរត់គេចខ្លួនបាត់ បន្ទាប់ពីដឹងថា បុកមនុស្សស្លាប់រដូករណែលលើទ្រូងផ្លូវ។
តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុនិយាយថា មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដ៏រន្ធត់នេះកើតឡើងគឺមកពីអ្នកបើកបររថយន្តបើកវ៉ារថយន្តផ្សេងទៀតចូលទៅស្តាំដៃរបស់អ្នកជិះម៉ូតូ ធ្វើឱ្យអ្នកជិះម៉ូតូស្លន់ស្លោក៏ដួលម៉ូតូតែម្តង។ សពក្មេងស្រីទាំង៣នាក់បងប្អូនត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមទំនៀមទម្លាប់ប្រពៃណី ចំណែករថយន្ត និងម៉ូតូត្រូវប៉ូលិសយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីចាត់ការតាមច្បាប់ ៕ ជោគជ័យ
ចែករំលែកព័តមាននេះ