ក្រុមមន្ត្រី និងអាជ្ញាធរ នៅក្នុងខេត្តតាកែវបានវាយតម្លៃថា សាលាក្តីខ្មែរក្រហមកំពុងតែដើរតួនាទីដ៏សំខាន់នៅក្នុងការស្វែងរកការពិត និងយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែរដែលជាជនរងគ្រោះក្នុងរបបខ្មែរក្រហម និងកំពុងដើរតួនាទីក្នុងការពង្រឹងចំណេះដឹងប្រវត្តិសាស្ត្រ និងការយល់ដឹងដល់ពលរដ្ឋខ្មែរជំនាន់ក្រោយដែលមិនបានឆ្លងកាត់របបខ្មែរក្រហមដ៏សាហាវឃោរឃៅ ។
ការវាយតម្លៃដែលបានធ្វើឡើងនៅក្នុងឱកាសដែលមន្ត្រីផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីនេះបានចុះទៅធ្វើការផ្សព្វផ្សាយស្តីពីការវិវឌ្ឍថ្មីៗរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដល់សិស្សានុសិស្សជាង២.៣០០នាក់នៅក្នុងវិទ្យាល័យហ៊ុន សែន ពោធិ៍អំពិល ស្ថិតនៅក្នុងស្រុកទ្រាំង ខេត្តតាកែវ ។ ការផ្សព្វផ្សាយស្តីពីសាលាក្តីខ្មែរក្រហមដែលបានធ្វើឡើង កាលពីថ្ងៃទី២៣ ធ្នូ កន្លងទៅ ក៏មានការចូលរួមពីសិស្សានុសិស្សពីអនុវិទ្យាល័យព្រៃឈើទាល និងវិទ្យាល័យ ព្រៃទប់ផងដែរ។
លោកអិុត សុខ អភិបាលរងខេត្តតាកែវបានថ្លែងថា ការសិក្សាពីប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហមគឺមានសារសំខាន់ណាស់សម្រាប់សិស្សានុសិស្សដែលកើតក្រោយសម័យខ្មែរក្រហម។ លោកអភិបាលរងខេត្តបានថ្លែងថា៖ «ការ យល់ដឹងពីអំពើព្រៃផ្សៃនៃរបបខ្មែរក្រហម គឺដើម្បីឱ្យក្មួយៗដែលពលរដ្ឋខ្មែរជំនាន់ក្រោយចងចាំពីប្រវត្តិសាស្ត្ររបស់ខ្លួន និងសិក្សាពីអតីតកាលរបស់ខ្លួនដើម្បីកសាងខ្លួន និងកសាងប្រទេសជាតិទៅថ្ងៃអនាគត» ។ លោកអិុត សុខ ក៏បានបន្ថែមថា លោកគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចការរបស់តុលាការខ្មែរក្រហមដែលបាន និងកំពុងបំពេញសម្រាប់ប្រទេសកម្ពុជាប្រជាជនខ្មែរ និងពិភពលោកទាំងមូលក្នុងការស្វែងរកការពិត និងយុត្តិធម៌ និងជាពិសេសគាំទ្រលើដំណើរការ ផ្សព្វផ្សាយពីដំណើរការរបស់សាលាក្តីខ្មែរ
ក្រហមដល់ប្រជាពលរដ្ឋខ្មែរ ដើម្បីឱ្យពួកគាត់បានយល់ដឹងពីការជំនុំជម្រះក្តីដ៏មានសារសំខាន់នេះ ។
ចំណែកលោកសុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាលដែលបានចូលរួមនៅក្នុងពិធីផ្សព្វផ្សាយពីសាលាក្តីខ្មែរក្រហមដល់សិស្សានុសិស្សនៅតាមវិទ្យាល័យនានាក្នុងស្រុកទ្រាំង បានមានប្រសាសន៍ថា ការបង្កើតសាលាក្តីខ្មែរក្រហមនេះឡើងគឺមានសារសំខាន់ណាស់ ព្រោះធ្វើឱ្យពលរដ្ឋខ្មែរទាំងអស់ ជាពិសេសពលរដ្ឋខ្មែរជំនាន់ក្រោយស្គាល់ថា ពិតជាមានរបបខ្មែរក្រហមដ៏ឃោរឃៅសម្លាប់មនុស្សគ្មានត្រាប្រណីនៅកម្ពុជាពិតប្រាកដមែន ។ លោកបានបន្តថា ការយកអតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរមកជំនុំជម្រះក្តីនៅពេលនេះ គឺដើម្បីផ្តល់យុត្តិធម៌ដល់ពលរដ្ឋខ្មែររាប់លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហមនេះ។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា «ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន សាលាក្តីខ្មែរក្រហមត្រូវបានបង្កើតឡើង ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម» ។ លោកបានបន្ថែមថា ការជំនុំជម្រះក្តីនេះនឹងផ្តល់ជាមេរៀនប្រវត្តិសាស្ត្រ និងផ្តល់នូវការពិត យុត្តិធម៌ជូនដល់ពលរដ្ឋខ្មែរ»។ លោកបានអំពានាវដល់ពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជនត្រូវសិក្សា និងស្វែងយល់ឱ្យបានកាន់តែទូលំទូលាយពីបញ្ហាប្រវត្តិសាស្ត្រនៃរបបខ្មែរក្រហមសម្លាប់មនុស្ស និងតាមដានពីដំណើរការនៃការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហមដែលបាន និងកំពុងកើតមាន។ សិស្សានុសិស្សប្រកបដោយប៊ិច និងសៀវភៅបានអង្គុយត្រង់ត្រាប់ស្តាប់យ៉ាងយកចិត្តទុកដាក់លើការធ្វើបទបង្ហាញផ្សេងៗពីមន្ត្រីផ្នែកកិច្ចការសាធារណៈ។
លោកឌឹម សុវណ្ណារុំ ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហមបានពន្យល់ដល់សិស្សានុសិស្សថា សាលាក្តីនេះត្រូវបានបង្កើតឡើងដោយកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិដែលចុះហត្ថលេខានៅខែមិថុនា ឆ្នាំ២០០៣ ហើយតុលាការនេះបានដំណើរការដំបូងនៅឆ្នាំ២០០៦ ។លោកបានបន្តថា សាលាក្តីខ្មែរក្រហមមានដែនយុត្តាធិការជំនុំជម្រះក្តីតែទៅលើជនពីរជំពូកប៉ុណ្ណោះ គឺអតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលប្រព្រឹត្តឡើងនៅចន្លោះថ្ងៃទី១៧ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ មករា ឆ្នាំ១៩៧៩។
លោកឌឹម សុវណ្ណារុំ បានបញ្ជាក់ថា រហូតមកទល់ពេលនេះសាលាក្តីខ្មែរក្រហមកំពុងត្រៀមបិទបញ្ចប់សំណុំរឿង០០១ប្រឆាំងកាំង ហ្គេច អ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែងជាមួយនឹងការប្រកាសសាលដីកាដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១២។ ចំណែកសំណុំរឿង០០២ប្រឆាំងនឹងនួន ជា អៀង សារី និងខៀវ សំផន កំពុងដំណើរការសវនាការលើភស្តុតាង ហើយសវនាការនេះនឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី១០ មករា ឆ្នាំ២០១២ បន្ទាប់ពីឈប់សម្រាកចូលឆ្នាំសាកល។ នៅក្នុងពិធីផ្សព្វផ្សាយនោះ រូបភាពស្តីពីសាលាក្តីខ្មែរក្រហម និងរូបភាពជនជាប់ចោទទាំង៥រូបនៅក្នុងសំណុំរឿង០០១ និង០០២ ត្រូវបានបង្ហាញដល់សិស្សានុសិស្ស។
លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរ ក្រហមបានថ្លែងថា បើទោះបីជាពួកគេមិនបានឆ្លងកាត់នូវរបបខ្មែរក្រហម ប៉ុន្តែតាមរយៈការសិក្សានៅសាលា និងការរៀបរាប់របស់ឪពុកម្តាយ ជីដូនជីតា របស់ពួកគេ និងដោយមានការផ្សព្វផ្សាយពីសំណាក់មន្ត្រីសាលាក្តីខ្មែរក្រហម សិស្សានុសិស្សទាំងអស់បានចាំឈ្មោះជនជាប់ចោទយ៉ាងច្បាស់ និងអាចឆ្លើយតបភ្លាមៗទៅកាន់មន្ត្រីផ្នែកកិច្ចការសាធារណៈនៅពេលចោទសួរសំណួរថា តើជនជាប់ចោទទាំងនោះជានរណា ។ លោកនេត្រ ភក្ត្រា បានបន្ថែមថា ដើម្បីពង្រឹងការយល់ដឹងរបស់សិស្សានុសិស្សទាំងនោះផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហមក៏បានចែកជូនសៀវភៅណែនាំស្តីពីអង្គ
ជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលក្នុងនោះមានសំណួរ និងចម្លើយជាច្រើន ដែលអាចជាព័ត៌មានដល់ពួកគេក្នុងការស្វែងយល់ឱ្យកាន់តែច្បាស់ពីដំណើរការសាលាក្តីខ្មែរក្រម៕
ចែករំលែកព័តមាននេះ