លោក Fu Zhiming ប្រធានរដ្ឋបាលផ្នែកដឹកជញ្ជូនខេត្តយូណាន ភាគខាងត្បូងប្រទេសចិនបានប្រាប់បណ្តាញព័ត៌មាន CNS ក្នុងកិច្ចសម្ភាសមួយកាលពីថ្ងៃទី២២ ខែធ្នូ ថា ចាប់តាំងពីបើកឱ្យមានការដឹកជញ្ជូនទំនិញតាមនាវាជាផ្លូវការរួចមក ផ្លូវទឹកទន្លេមេគង្គបានចរាចរណ៍ទំនិញចេញ-ចូលបានចំនួន៤.៥០០តោនហើយ ។ នេះបើយោងតាមប្រភពគេហទំព័រ ecns.com ចេញផ្សាយកាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០១១ ។
ប្រភពបន្តថា ខ្សែទឹកទន្លេមេគង្គបានហូរកាត់ប្រទេសចិន, ឡាវ, មីយ៉ាន់ម៉ា(ភូមា), ថៃ,កម្ពុជា និងប្រទេសវៀតណាម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់ ដែលស័ក្តិសមនិងត្រូវបានគេឱ្យតម្លៃថា ទន្លេមេង្គគឺជា Golden Waterway ។
ការចរាចរណ៍ទំនិញស្រប់ច្បាប់ទាំងឡាយ ត្រូវបានសម្របសម្រួល និងអធ្យាស្រ័យគ្នាទៅវិញទៅមក ដោយសារស្ថានភាពក្រីក្រនៅក្នុងតំបន់ ។ ទន្ទឹមនឹងនេះ ត្រូវបង្កើនការរឹតបន្តឹងសកម្មភាពនៃការលួចនាំចូលគ្រឿងញៀន និងអំពើខុសច្បាប់ផ្សេងៗ ។
របាយការណ៍បានបញ្ជាក់ថា កន្លងមកកិច្ចការជំនួញស្របច្បាប់ និងការដោះដូរការងារសង្គមមួយចំនួននៅក្នុងតំបន់ត្រូវជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានការវាយប្រហារបណ្តាលឱ្យបាត់បង់អាយុជីវិតជនជាតិចិន កាលពីដើមខែតុលា កន្លងមក ។ ដូច្នេះពេលនេះត្រូវតែធានាថា ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកនៅទន្លេមេគង្គត្រូវតែមានសុវត្ថិភាព និងបញ្ឈប់ការសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃ ។
ប្រភពដដែលបន្តថា ការចុះហត្ថលេខាដោយគណៈកម្មការទំនាក់ទំនងប្រទេសក្នុងតំបន់កាលពីចុងខែតុលា ឆ្នាំ២០១១ កន្លងមកនោះ គឺមានទិសដៅបង្កើតការិយាល័យពិសេសមួយសម្រាប់ពង្រឹងច្បាប់សន្តិសុខនៅក្នុងតំបន់ ។
មន្ត្រីអ្នកនាំពាក្យចិនបានអះអាងថា ប្រទេសចិននឹងបន្តការពារផ្លូវទឹក និងធានានូវសុវត្ថិភាពសេវាកម្ម ស្របតាមបេសកកម្មមួយមានឈ្មោះថា « Golden » ដើម្បីជាប្រយោជន៍ផ្នែកសេដ្ឋកិច្ចក្នុងមហាអនុតំបន់ទន្លេមេគង្គ ។
គួររំលឹកថា កាលពីថ្ងៃទី១០ ខែធ្នូ នៅកំពង់ផែ Guanlei ស្ថិតក្នុងតំបន់ស្វយ័ត Dai នៃខេត្តស៊ីស៊ុងបាណា (Xishuangbanna) ភាគនិរតីនៃខេត្តយូណាន មានប្រារព្ធពិធីមួយ ដោយមានការចូលរួមពីមន្ត្រីប៉ូលិសមកពីប្រទេសចិន ឡាវ ភូមា និងថៃ ក្នុងគោលបំណងបើកកិច្ចសហប្រតិបត្តិការដើរល្បាតរួមគ្នាដើម្បីការពារសុវត្ថិភាពក្នុងតំបន់តាមដងទន្លេមេគង្គ។
ប្រភពបន្តថា ការចូលរួមដើរល្បាតនេះគឺផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងវិញនូវសេវាកម្មដឹកជញ្ជូនទំនិញតាមនាវាជាលក្ខណៈអន្តរជាតិតាមដងទន្លេមេគង្គ ដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន ចាប់តាំងពីមានការវាយប្រហារទៅលើនាវាដឹកទំនិញរបស់ចិនមួយ បណ្តាលឱ្យមនុស្សស្លាប់កាលពីថ្ងៃទី៥ ខែតុលា កន្លងមក ៕
ចែករំលែកព័តមាននេះ