ទីក្រុងសេអ៊ូល ៖ កូរ៉េខាងត្បូងបានស្នើថវិកាបន្ថែមចំនួន ១៧,៣ ពាន់លានដុល្លារ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ដែលជាប់ទាក់ទងនឹងជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមប្រភពពី Reuters និង The Korea Times បានចេញផ្សាយ។
យោងតាមក្រសួងថវិកា ផែនការចំណាយចំនួន ២៦,២ ទ្រីលានវ៉ុន ឬ ១៧,៣ ពាន់លានដុល្លារ រួមមានទាំង ៦,៧ ពាន់លានដុល្លារ សម្រាប់ឆ្លើយតបទៅនឹងការកើនឡើងតម្លៃប្រេងខ្ពស់ ១,៨ ពាន់លានដុល្លារ សម្រាប់គាំទ្រប្រជាជនមានប្រាក់ចំណូលទាប និងយុវជន តាមរយៈការផ្តល់ជំនួយជាសាច់ប្រាក់ចាប់ពី ១០ម៉ឺន ដល់ ៦០ម៉ឺនវ៉ុន ឬស្មើនឹង ៦៥ ដល់ ៣៩០ ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់ៗ ដល់ប្រជាជនប្រហែល ៣៥,៨ លាននាក់ ក៏ដូចជា ១,៧ ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុនដែលរងផលប៉ះពាល់ដោយសារតែជម្លោះនៅមជ្ឈិមបូព៌ាផងដែរ។
វិធានការនេះ បានបញ្ចាំងពីការឆ្លើយតបផ្នែកហិរញ្ញវត្ថុជាបន្ទាន់របស់រដ្ឋាភិបាលកូរ៉េខាងត្បូង ខណៈដែលការកើនឡើងតម្លៃប្រេងជាសកលបង្កើនការបារម្ភថា សេដ្ឋកិច្ចកូរ៉េខាងត្បូងអាចប្រឈមមុខនឹងអតិផរណាខ្ពស់ អត្រាការប្រាក់ខ្ពស់ និងការធ្លាក់ចុះរូបិយប័ណ្ណ។
ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបានដាក់ជូនរដ្ឋសភាដើម្បីអនុម័តនៅថ្ងៃដដែលនោះ ហើយគណបក្សប្រជាធិបតេយ្យកូរ៉េដែលកំពុងកាន់អំណាច និងគណបក្សអំណាចប្រជាជន (PPP) ដែលជាបក្សប្រឆាំងសំខាន់បានយល់ព្រមអនុម័តវានៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។
ថវិកាបន្ថែមនេះ នឹងបង្កើនការចំណាយសរុបរបស់រដ្ឋាភិបាលសម្រាប់ឆ្នាំ ២០២៦ ឡើងដល់ ៥០០ ពាន់លានដុល្លារ ពោលកើនឡើង ១១,៨% ធៀបទៅនឹងឆ្នាំមុន ដ្បិតមុនពេលសង្គ្រាមផ្ទុះឡើង រដ្ឋាភិបាលបានគ្រោងនឹងចំណាយត្រឹមជាង ៤៨៣ ពាន់លានដុល្លារតែប៉ុណ្ណោះ៕

ចែករំលែកព័តមាននេះ