ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ និយាយ​ត្រង់​ៗ​ចង់បាន​ប្រេង​អ៊ី​រ៉​ង់ និង​ពិចារណា​ដណ្តើម​កាន់កា.ប់​កោះ​ប្រេង​ដ៏​សំខាន់​ប្រទេស​នេះ

2 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយនឹង​កាសែត​ចក្រភព​អង់គ្លេស Financial Times លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump)…

សហរដ្ឋអាមេរិក ៖ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយនឹង​កាសែត​ចក្រភព​អង់គ្លេស Financial Times លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​លើក​ឡើង​ពី​ការ​រំពឹង​ទុក​ថា សហរដ្ឋអាមេរិក​ចង់បាន​ប្រេង​របស់​អ៊ី​រ៉​ង់ ដោយ​លោក​បាន​បន្ថែម​ថា លោក​នៅ​តែ​ពិចារណា​ដណ្តើម​កាន់កាប់​កោះ Kharg ដែល​ជា​មជ្ឈមណ្ឌល​ប្រេង​ដ៏​សំខាន់​របស់​អ៊ី​រ៉​ង់​។ នេះ​បើ​តាម​ប្រភព​ពី CNN និង BBC ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦​។

លោក​ប្រធានាធិបតី ត្រាំ បាន​បញ្ជាក់​ដូច្នេះ​ថា «​និយាយ​ឱ្យ​ស្មោះត្រង់​ទៅ រឿង​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាងគេ​គឺ​យក​ប្រេង​នៅ​អ៊ី​រ៉​ង់ ប៉ុន្តែ​មនុស្ស​ល្ងង់​មួយ​ចំនួន​នៅ​អា​មេ​រិ​ក​និយាយ​ថា ហេតុ​អ្វី​បានជា​អ្នក​ធ្វើ​បែប​នោះ?​»​។ លោក​បន្ត​ថា «​ប្រហែលជា​យើង​ដណ្តើម​កាន់កាប់​កោះ Kharg ឬ​ក៏​ប្រហែលជា​យើង​មិន​ធ្វើ​នោះ​ទេ​។ យើង​មាន​ជម្រើស​ច្រើន ហើយ​វា​ក៏​មាន​ន័យ​ថា យើង​ត្រូវ​នៅ​ទីនោះ (​កោះ Kharg) មួយ​រយៈ​»​។

នៅ​ពេល​សួរ​អំពី​ការ​ការពារ​របស់​អ៊ី​រ៉​ង់​លើ​កោះ Kharg លោក ត្រាំ បាន​បន្ថែម​ថា «​ខ្ញុំ​មិន​គិត​ថា ពួក​គេ​អាច​ការពារ​បាន​ទេ​។ យើង​អាច​ដណ្តើម​យក​វា​បាន​យ៉ាង​ងាយស្រួល​»​។

ការ​អត្ថាធិប្បាយ​របស់​ប្រធានាធិបតី​បាន​កើតឡើង នៅ​ពេល​ដែល​កងទ័ព​អា​មេ​រិ​ក​ចំនួន ៣ ៥០០​នាក់​បន្ថែម​ទៀត​បាន​ទៅ​ដល់​មជ្ឈិមបូព៌ា ដោយ​បង្កើត​ការ​ភ័យ​ខ្លាច​បន្ថែម​ទៀត​អំពី​ការ​កើនឡើង​កម្តៅ​កាន់តែ​ខ្លាំង​រវាង​កងកម្លាំង​អា​មេ​រិ​ក​ប្រឈម​មុខ​នឹង​ការ​វាយប្រហារ​របស់​អ៊ី​រ៉​ង់​។ លោក ត្រាំ ក៏​បាន​បន្ថែម​ថា ការ​ចរចា​ដោយ​ប្រយោល​រវាង​អា​មេ​រិ​ក និង​អ៊ី​រ៉​ង់​តាម​រយៈ​អ្នកតំណាង​ប៉ា​គី​ស្ថាន​កំពុង​តែ​ដំណើរការ​ទៅ​ដោយ​រលូន ប៉ុន្តែ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លើ​ថា តើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​អាច​សម្រេច​បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដែរ​ឬទេ?

តម្លៃ​ប្រេង​អន្តរជាតិ​បាន​កើនឡើង​ជិត ១១៥ ដុល្លារ​ក្នុង​១​បារ៉ែល នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦ ខណៈ​ជម្លោះ​មជ្ឈិមបូព៌ា​នៅ​តែ​បន្ត​ឥត​ស្រាក់ស្រាន្ត​។ តម្លៃ​ប្រេង​ឆៅ​ប្រភេទ Brent ឡើង​ដល់ ១១៥,៨៤ ដុល្លារ ដែល​ជា​ការ​កើនឡើង ២,៩% បើ​ធៀប​នឹង​ការ​ជួញដូរ​នៅ​ប្រហែល ៧២ ដុល្លារ​ក្នុង​១​បារ៉ែល មុន​ថ្ងៃ​ទី ២៨ ខែកុម្ភៈ នៅ​ពេល​ដែល​ការ​វាយប្រហារ​របស់​សហរដ្ឋអាមេរិក និង​អ៊ី​ស្រា​អែ​ល​គ្រប់​ដណ្តប់​លើ​អ៊ី​រ៉​ង់​បាន​ចាប់ផ្តើម​។ តម្លៃ​បាន​ឡើង​ដល់​កំពូល ១១៨ ដុល្លារ​ក្នុង​១​បារ៉ែល កាលពី​ថ្ងៃ​ទី ១៩ ខែមីនា ហើយ​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៧ ខែមីនា តម្លៃ​ស្ថិត​ក្រោម ១១២ ដុល្លារ​បន្តិច​ក្នុង​១​បារ៉ែល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ