ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិភូ​មូលនិធិ​សង្គ្រោះ​កុមារ​អាស៊ី​អាគ្នេយ៍​ ផ្ដល់​អំណោយ​គ្រឿង​បរិក្ខារ​ពេទ្យមួយ​ចំនួនដល់មណ្ឌល​សុខភាព​ចំនួន​៥ក្នុងខេត្ដបាត់ដំបង

13 ឆ្នាំ មុន

ខេត្ដបាត់ដំបង ៖ ប្រតិភូ​មូលនិធិសង្គ្រោះ​កុមារ​អាស៊ី​អាគ្នេយ៍​ដែល​មាន​ទី​ស្នាក់ ការ​នៅ​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក ចំនួន​១៨រូប ដែល​ដឹកនាំ​ដោយ​លោកស្រី ឡេ​ង សុផល ជា​នាយិកាបាន​នាំ​យក​គ្រឿង​បរិក្ខារ​ពេទ្យមួយ​ចំនួន​មក​ប្រគល់​ឱ្យ​មណ្ឌល​ សុខភាព​ចំនួន​៥ ក្នុងស្រុក​សង្កែ ខេត្ដបាត់ដំបង ក្នុង​នោះមាន​ម៉ាស៊ីន​មីក្រូ​ទស្សន៍​ចំនួន​៥​គ្រឿង និងមួយ​ចំនួន​ទៀត​រំលែក​ទៅ​ឱ្យ​មន្ទីរពេទ្យយោធភូមិ​ភាគ​ទី​៥ ចំនួន​៧​គ្រឿង ដែល​៣គ្រឿង​នៅ​ប្រើប្រាស់​បាន

ខេត្ដបាត់ដំបង ៖ ប្រតិភូ​មូលនិធិសង្គ្រោះ​កុមារ​អាស៊ី​អាគ្នេយ៍​ដែល​មាន​ទី​ស្នាក់ ការ​នៅ​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក ចំនួន​១៨រូប ដែល​ដឹកនាំ​ដោយ​លោកស្រី ឡេ​ង សុផល ជា​នាយិកាបាន​នាំ​យក​គ្រឿង​បរិក្ខារ​ពេទ្យមួយ​ចំនួន​មក​ប្រគល់​ឱ្យ​មណ្ឌល​សុខភាព​ចំនួន​៥ ក្នុងស្រុក​សង្កែ ខេត្ដបាត់ដំបង ក្នុង​នោះមាន​ម៉ាស៊ីន​មីក្រូ​ទស្សន៍​ចំនួន​៥​គ្រឿង និងមួយ​ចំនួន​ទៀត​រំលែក​ទៅ​ឱ្យ​មន្ទីរពេទ្យយោធភូមិ​ភាគ​ទី​៥ ចំនួន​៧​គ្រឿង ដែល​៣គ្រឿង​នៅ​ប្រើប្រាស់​បាន ឯ​៤​គ្រឿង​ទៀត​ខូចខាត​ក្នុង​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយដូច្នេះ​ទុក​ធ្វើជា​គ្រឿងបន្លាស់ និង​គ្រឿង​សំភារ​ជា​ច្រើនទៀត​ទុក​សំរាប់​ប្រើប្រាស់​ជួយ​ព្យាបាល​អ្នកជំងឺ​នៅ​ទីនោះ ។ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ឧសភា ឆ្នាំ​២០១០ នៅ​ក្នុង​មណ្ឌល​សុខភាព​ស្រុក​សង្កែ ខេត្ដ​បាត់ដំបង ប្រតិភូ​អា​មេ​រិ​ក​ខាងលើ​ត្រូវ​បាន​ទទួលការ​ស្វាគមន៍​ពី​លោក​ពិន សំ​ផុង អនុប្រធានមន្ទីរ​សុខាភិបាល​ខេត្ដបាត់ដំបង លោក​អ៊ឹម ចិ​ត្រា នាយក​ប្រតិបត្ដិ​មណ្ឌល​សុខភាព​ស្រុកសង្កែ និង​អ្នកបច្ចេកទេស​ផ្នែក​សុខាភិបាលផ្សេង​ៗ​ទៀត​ចំនួន​២០​រូប បាន​មក​ចូលរួមដើម្បី​ទទួល​គ្រឿង​សំភារ​យក​ទៅ​ប្រើប្រាស់​។

លោក​អ៊ឹម ចិ​ត្រា នាយក​ប្រតិបត្ដិ​មណ្ឌលសុខភាព​ស្រុក​សង្កែ បាន​រាយការណ៍​អំពីសភាពការណ៍​ទូទៅ​នៅ​តាម​មណ្ឌល​សុខភាព​ដែល​នៅ​ទី​ឆ្ងាយ​ៗ​មាន​ចម្ងាយ​ដល់​ទៅ​១០០​គីឡូម៉ែត្រ​នៅ​ខាង​ទិស​ទន្លេសាប ហើយ​ធ្វើដំណើរ​ទៅ​តាម​ទូកកាណូត ដើម្បី​ពិនិត្យ​តាមដាន ទប់ស្កាត់ព្យាបាល​ជំងឺ​ដែល​តែងតែ​កើត មាននៅ​លើ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីនោះ សំខាន់​ផ្ដោត​លើ​ជំងឺអេដស៍ គ្រុនចាញ់ និង របេង ។ លោក​បាន​បញ្ជាក់​ថា អ្នកជំងឺ​មានការ​កើនឡើង​នៅ​លើ​ស្ដ្រី​ដែល​សំរាលកូន ដោយសារ​ម្នាក់​ៗ​បាន​គោរព​ទៅ​តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ដែល​តំរូវ​ឱ្យមក​សំរាលកូន​ក្នុង​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដែលមាន​ឆ្មប​ប្រកបដោយ​សមត្ថភាព​ជំនាញ​ចាំទទួល​សំរាល ដើម្បី​បញ្ចៀស​ការ​គ្រោះថ្នាក់ ដែល​តែងតែ​កើត​មាន​ទៅ​លើ​ស្ដ្រី​ជា​ម្ដាយ និងទារក​កុំឱ្យ​កើត​មាន​គ្រោះថ្នាក់ និង​ទទួល​ការឆ្លង​រោគ​ផ្សេង​ៗ​ពី​អ្នក​ដទៃ​ទៅ​វិញ​ទៅ​មក ហើយ​សំខាន់ គឺ​ខ្វះខាត​ទីកន្លែង​រង់ចាំ​សំរាប់ស្ដ្រី​ជិត​សំរាលកូន ព្រោះតែ​អ្នក​មក​សំរាលកូន​មានការ​កើនឡើង​ជាង​ឆ្នាំទៅ ឯ​កន្លែងនៅ​តែ​តូច​ចង្អៀត​ដដែល ។

លោកស្រី JOANN BURKHARDT  សាស្ដ្រាចារ្យ​ទទួល​បន្ទុក​លើ​សិស្សសាលាពេទ្យ​អា​មេ​រិ​ក បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំងលើ​បញ្ហា​ស្ដ្រី​ដែល​តែងតែ​ជួប​ការ​លំបាក ហើយ​អ្នកស្រី​បាន​សន្យា​ថា នឹង​គិតគូរ​ពី​បញ្ហាទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ខេត្ដបាត់ដំបង​នេះ ដោយ​ធ្វើការ​ស្វែងរក​ជំនួយ​ផ្នែក សប្បុរសធម៌​មក​ជួយ​បន្ថែម​ទៀត​តាម​រយៈ អង្គការ​មូលនិធិ​សង្គ្រោះ​កុមារ​អាស៊ី​អាគ្នេយ៍ ដែល​កំពុង​តែ​ធ្វើការ​ជាមួយ​គ្នា​នៅ​សហរដ្ឋអា​មេ​រិ​ក​នោះ  ។
លោក​ពិន សំ​ផុង អនុប្រធាន​មន្ទីរ​សុខាភិ​បាល​ខេត្ដ​បាន​ថ្លែងអំណរគុណ​ដល់​ប្រតិភូ ដែល​បាន​ចាប់អារម្មណ៍​ដល់​ប្រជាពលរដ្ឋ​ខេត្ដបាត់ដំបង សំខាន់​គឺ​សាស្ដ្រាចារ្យ​បាន​នាំ​សិស្ស និស្សិត​ពេទ្យ និង​នាំ​ទាំង​គ្រឿង​បរិក្ខារ​មក ជួយ​តាម​រយៈ​អង្គការ​មូលនិធិ​សង្គ្រោះ​កុមារ​អាស៊ី​អាគ្នេយ៍​ដែល​មាន​លោកស្រី ឡេ​ង សុផល ជា​នាយិកាដែល​ធ្លាប់​ឆ្លងកាត់​ការ​រស់នៅ​តំបន់​នេះ កាលពី​សម័យ​អាវ​ខ្មៅ ប៉ុ​លពត​។

ការ​ជួយ​ទ្រទ្រង់​ផ្នែក​សុខភាព​ជា​មុនសិន ទើប​ជា​ការ​ប្រសើរ​សំរាប់​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​ទូទៅ​គ្រប់​ៗ​គ្នា ។ នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ​ដែរកម្មវិធី​ប្រគល់ សំភារ​បរិក្ខារ​ពេទ្យ​ត្រូវ​បាន​ធ្វើ​នៅ​ក្នុង​មន្ទីរពេទ្យ​យោធភូមិ​ភាគ​ទី​៥ ដែល​មាន​លោក​វរសេនីយ៍​វេជ្ជបណ្ឌិត ងួ​ន សូ​ភី នាយករង​មន្ទីរពេទ្យ​បាន​ទទួល​ស្វាគមន៍ និង​បញ្ជាក់​ថា ប្រតិភូ​ដែល​បាន​យក​សំភារ​មក​ឱ្យ​ប្រើប្រាស់ នេះ​គឺ​ត្រូវ​ចំ​សភាពការណ៍​ដែល​មន្ទីរពេទ្យកំពុង​ត្រូវការ ។ លោកស្រី ឡេ​ង សុផល ក៏​បាន​សន្យា​ថា ពេល​ក្រោយ​ៗ​ទៀត​អ្នកស្រី នឹង​ខិតខំ​រក​សំភារ និង​ឧបករណ៍​សំរាប់​ពេទ្យមក​ប្រគល់​ឱ្យ​សំរាប់​ទុក​ព្យាបាល​ជំងឺ​ដល់​ជនកម្ពុជា​ដោយ​មិន​គិត​កំរៃ​អ្វី​ឡើយ ។