រាជធានីភ្នំពេញ ៖ ចុកទ្រូងគឺជាការឈឺចាប់នៅនឹងកណ្តាលដើមទ្រូងខាងក្រោយឆ្អឹងសន្ទះទ្រូង ហើយការឈឺចាប់នេះអាចរាលដាលទៅកន្លែងផ្សេងៗទៀត ដូចជាស្មា ក ថ្គាម និងដៃជាដើម ដែលមានរយៈពេលមិនលើសពី១០នាទី។ ចំពោះការឈឺចាប់នេះបណ្តាលមកពីលោកអ្នកធ្វើចលនាធ្វើការងារធ្ងន់ៗ ឬក៏មានការភ័យខ្លាច ឬក៏រំភើបខ្លាំងពេកជាដើម។ ប៉ុន្តែការឈឺចុកចាប់នេះវានឹងបាត់ទៅវិញនៅពេលដែលលោកអ្នកសម្រាកនៅស្ងៀមមួយកន្លែង ឈប់ធ្វើការងារ ឬក៏ទទួលទានថ្នាំពង្រីកសរសៃឈាមជាដើម។
លោកវេជ្ជបណ្ឌិតឈឺ ប្រកប អនុប្រធានផ្នែកជំងឺទូទៅនៃមន្ទីរពេទ្យព្រះកុសុមៈបានមានប្រសាសន៍ឱ្យដឹងថា ការចុកទ្រូងនេះអាច បណ្តាលមកពីការជ្រាបចូលនៃជាតិខ្លាញ់ទៅក្នុងស្រទាប់សរសៃឈាមបេះដូង ដែលជាមូលហេតុធ្វើឱ្យសរសៃឈាមបេះដូងរួមមាឌតូច ធ្វើឱ្យបេះដូងមិនអាចទទួលឈាមគ្រប់គ្រាន់ ហើយបង្កឱ្យកើតមានការឈឺចុកចាប់ទ្រូងតែម្តង។ ចំពោះកត្តាមួយចំនួន ដែលជំរុញឱ្យលោកអ្នកមានជំងឺចុកទ្រូងនោះគឺ អ្នកដែលកើតមានជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ឬក៏អាចបណ្តាលមកពីអ្នកដែលធាត់លើសទម្ងន់ តំណពូជ កត្តាដែលមានអាយុច្រើន មនុស្សប្រុសចាប់ពីអាយុ៦៥ឆ្នាំ រីឯមនុស្សស្រីចាប់ពីអាយុ៥៥ឆ្នាំឡើងទៅ ទាំងនេះក៏ជាមូលហេតុធ្វើឱ្យលោកអ្នកចុកទ្រូងដែរ។ លោកអ្នកមួយចំនួនដែលមិនសូវចូលចិត្តធ្វើពលកម្ម ឬក៏ធ្វើលំហាត់ប្រាណ ពិសាបារី និងទទួលទានស្រា ក៏ជាចំណុចមួួយដែលធ្វើឱ្យលោកអ្នកងាយនឹងកើតបញ្ហាចុកទ្រូងនេះដែរ។
ចំពោះរោគសញ្ញានៃការចុកទ្រូង ដែលលោកអ្នកគួរតែចាប់អារម្មណ៍ឈឺគឺការចាប់នៅនឹងកណ្តាលដើមទ្រូង ណែនទ្រូង ថប់ដង្ហើមធ្ងន់ៗនៅនឹងដើមទ្រូង ជួនកាលឈឺក្តៅក្រហាយ អាចច្រឡំជាមួយជំងឺក្រពះ។ បើសិនជាជំងឺស្តែងឡើងនូវការឈឺចាប់ច្បាស់លាស់ ដូចជាមានការឈឺចាប់នៅកណ្តាលដើមទ្រូង ហើយការឈឺចាប់មួយដែលបង្កឡើងនៅពេលធ្វើចលនា ឬក៏ធ្វើការងារធ្ងន់ផ្សេងៗគឺអាចបញ្ជាក់បានថា លោកអ្នកអាចកើតមានជំងឺស្ទះសរសៃឈាមបេះដូង។ ចំពោះការឈឺចាប់នេះវានឹងបាត់ទៅវិញ នៅពេលដែលលោកអ្នកសម្រាកស្ងៀមនៅមួយកន្លែង ឬក៏ទទួលទានថ្នាំពង្រីកសរសៃឈាមបេះដូង។
ជាទូទៅការធ្វើរោគវិនិច្ឆ័យមិនមានអ្វីជាធំដំនោះទេ បើសិនជាលោកអ្នកមានរោគសញ្ញាដូចដែលបានរៀបរាប់ខាងលើនេះ។ ប៉ុន្តែនៅក្នុងករណីខ្លះរោគសញ្ញាខ្លះអាចមិនច្បាស់លាស់ ដោយមានការយល់ច្រឡំជាមួយនឹងជំងឺក្រពះអាចច្រឡំជាមួយជំងឺថ្លើម ជំងឺស្ត្រេសដោយមានការពិបាកចិត្ត ហើយបង្កឱ្យកើតមានថប់ដង្ហើម។ ដូចនេះទាមទារការពិនិត្យច្បាស់លាស់ណាស់ ដើម្បីជ្រើសរើសនូវការព្យាបាលឱ្យបានត្រឹមត្រូវ ដោយត្រូវមកជួបជាមួយគ្រូពេទ្យ ដើម្បីវាស់ចង្វាក់បេះដូង ពិនិត្យមើលបេះដូង តាមដានចង្វាក់បេះដូងនៅពេលអ្នកជំងឺធ្វើចលនាជាដើម។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ជំងឺចុកទ្រូងនេះអាចបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះអាយុជីវិតរបស់អ្នកជំងឺ បើសិនជាការឈឺចាប់នេះ នៅតែមិនបានព្យាបាលឱ្យបានទាន់ពេលវេលា ថ្ងៃណាមួយដុំខ្លាញ់វាកាន់តែរីកធំទៅៗ អាចធ្វើឱ្យរហែក និងបាក់ដំុខ្លាញ់ ហើយធ្វើឱ្យមានកកឈាមនៅក្នុងសរសៃឈាមបេះដូង។ នេះជាដំណាក់កាលធ្ងន់ធ្ងរ ដែលអាចធ្វើឱ្យស្ទះសរសៃឈាមបេះដូង និងអាចធ្វើឱ្យអ្នកជំងឺបាត់បង់ជីវិត។ លោកអ្នកត្រូវគិតដល់ស្ថានភាពនេះប្រសិនបើកការឈឺចាប់មានភាពញឹកញាប់ជាងមុន ឬការឈឺចាប់មានសភាពធ្ងន់ធ្ងរ និងមានរយៈពេលយូរជាងមុនលើសពី២០នាទី ទៅ៣០នាទី ឬក៏ការឈឺចាប់នេះមិនធូរស្រាល ឬគ្មានប្រសិទ្ធភាពដោយសារប្រើថ្នាំដែលលោកអ្នកធ្លាប់ប្រើកន្លងមក។ ដូចនេះលោកអ្នកគួរតែអញ្ជើញទៅមន្ទីរពេទ្យជាបន្ទាន់ បើមិនដូច្នេះទេអាចធ្វើឱ្យលោកអ្នកបាត់បង់ជីវិតគ្រប់ពេលវេលា។
ចំពោះការព្យាបាលភាគច្រើនគឺគ្រូពេទ្យតែងតែឱ្យអ្នកជំងឺទទួលទានថ្នាំ ហើយករណីខ្លះត្រូវព្យាបាលដោយការពង្រីកសរសៃឈាម ដើម្បីបើកផ្លូវឱ្យឈាមហូរទៅចិញ្ចឹមបេះដូងបាន។ ចំពោះលោកអ្នកមួយចំនួន ដែលមានការឈឺចុកចាប់នៅនឹងដើមទ្រូង មុននឹងសម្រេចចិត្តប្រើប្រាស់ថ្នាំ លោកអ្នកគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន ដើម្បីដឹងថា តើលោកអ្នកត្រូវប្រើថ្នាំអ្វីឱ្យសមនឹងសភាពនៃជំងឺ។
ជំងឺនេះកើតឡើងដោយមានមូលហេតុមួយចំនួន មូលហេតុទាំងនេះមានច្រើនដូចជា លោកអ្នកមានជំងឺទឹកនោមផ្អែម ឬជំងឺលើសឈាម ទាំងនេះគឺសុទ្ធតែជាធាតុបង្កដែលអាចឱ្យលោកអ្នកកើតមាននូវអាការចុកទ្រូង។ ដូចនេះនៅពេលដែលលោកអ្នកកើតមានជំងឺទាំងនេះ លោកអ្នកគួរតែទៅពិភាក្សាជាមួយគ្រូពេទ្យដើម្បីឱ្យគ្រូពេទ្យធ្វើការព្យាបាលឱ្យបានត្រឹមត្រូវ។ នៅពេលដែលលោកអ្នកធាត់លើសទម្ងន់ លោកអ្នកគួរតែព្យាបាលដោយបញ្ចុះជាតិខ្លាញ់។ លើសពីនេះលោកអ្នកគួរតែឈប់ទទួលទានស្រា និងបារី ហើយត្រូវធ្វើលំហាត់ប្រាណឱ្យបាន៣០នាទីក្នុងមួយថ្ងៃ។ លោកអ្នកគួរតែទទួលទានសាច់ត្រីឱ្យបានច្រើន ត្រូវចៀសវាងការទទួលទានសាច់ ដែលមានជាតិខ្លាញ់ ដូចជាសាច់មាន់ សាច់គោ សាច់ជ្រូកជាដើម។ លោកអ្នកត្រូវទទួលទានអាហារណាដែលអាចជួយការពារសុខភាពរបស់លោកអ្នក ដូចជាបន្លែ និងផ្លែឈើឱ្យបានច្រើន ទាំងនេះគឺជាការការពារកុំឱ្យកើតមានជំងឺចុកទ្រូងបាន៕
ចែករំលែកព័តមាននេះ