ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុរស​ជន​លើក​ទី​2 ​ជូនដល់​ដៃ​ស្ត្រី​មេម៉ាយ​​កូន​4​ជួប​ការ​លំបាក​គ្មាន​ទី​ជម្រក

12 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ស្រ្តីមេម៉ាយកូន៤​ដែល​មានជីវិតក្រលំបាក​គ្មានទីជម្រក​រស់នៅភូមិ​ព្រែកតានប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល បានទទួលអំណោយជាលើក​ទី២ ពី​សប្បុរសជនដែលមានការអាណិតអាសូរ​ ហើយការផ្តល់​អំណោយនេះត្រូវបានធ្វើឡើង​តាម​រយៈ​ភ្នាក់ងារ​កាសែតកោះសន្តិភាព​ យក​ទៅ​ជូនដល់ដៃស្រ្តីមេ​ម៉ាយឈ្មោះ​ម៉ិញ សុំ កាលពី​ព្រឹក​ថ្ងៃទី​២៨

ខេត្តកណ្តាល ៖ ស្រ្តីមេម៉ាយកូន៤​ដែល​មានជីវិតក្រលំបាក​គ្មានទីជម្រក​រស់នៅភូមិ​ព្រែកតានប់ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល បានទទួលអំណោយជាលើក​ទី២ ពី​សប្បុរសជនដែលមានការអាណិតអាសូរ​ ហើយការផ្តល់​អំណោយនេះត្រូវបានធ្វើឡើង​តាម​រយៈ​ភ្នាក់ងារ​កាសែតកោះសន្តិភាព​យក​ទៅ​ជូនដល់ដៃស្រ្តីមេ​ម៉ាយឈ្មោះ​ម៉ិញ សុំ កាលពី​ព្រឹក​ថ្ងៃទី​២៨ វិច្ឆិកា ឆ្នាំ​២០១១ កន្លងទៅនេះ ដោយ​​មាន​ការ​​ចូលរួមជាសាក្សីពីលោក​កុយ ណារ៉ុង មេឃុំ​កំពង់​ស្វាយផងដែរ។

សប្បុរសជនដែលបាន​ផ្តល់​អំណោយរួម​មាន​ក្រុមហ៊ុន ស៊ែន រីសស (Sandresource) ថវិកា​ចំនួន​១០០​ដុល្លារ​សហ​រដ្ឋអាមេរិក, លោក​អ៊ុន ស៊ីណា និង​លឹម គីម​ហ្គេច ចំនួន​១៥ដុល្លារសហ​រដ្ឋ​អាមេរិក, លោក​សេង គី លក់ជ្រូកខ្វៃនៅ​ច្បារ​អំពៅ១ ផ្ទះលេខ​40E0 ផ្លូវជាតិលេខ១ ខណ្ឌ​មាន​ជ័យ​ ឧបត្ថម្ភ​ចំនួន​៣​ម៉ឺន​រៀល។

បងស្រី ម៉ិញ សុំ បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះសប្បុរសជនដែលបានជួយ ឧបត្ថម្ភថវិកាដល់រូបគាត់​ និង​កូនៗទាំង៤​​នាក់​ដែល​កំពុងរស់នៅយ៉ាងលំបាកទាំងជីវភាព និង​ជម្រក។ បងស្រី​បាន​ជូនពរដល់​សប្បុរស​ជន​ទាំង​អស់​ឱ្យ​ជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ និង​ប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀង​ឃ្លាតឡើយ។ បងស្រី បាន​បញ្ជាក់ថា អំណោយ​​ទាំង​អស់​នេះ​បងស្រី នឹង​យកទៅផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗដែល​ពួកគេកំពុងជួបការលំបាក​ខ្វះមុខខ្វះ​ក្រោយ ។

ស្ថិតក្នុងភាពជាស្រ្តីមេម៉ាយ​ស្រ្តី​ឈ្មោះ​ម៉ិញ សុំ កំពុងតែរស់នៅក្នុងជីវ​ភាព​លំបាកលំបិន ហើយ​សូម្បីតែជម្រកក៏ត្រូវ​សំពះ​សុំ​សំយាប​ផ្ទះ​គេជ្រកដែរ។ តាមការរៀប​រាប់​របស់ស្រ្តីមេ​ម៉ាយ​រូបនោះគឺជីវិតគាត់មិនដែល​ស្គាល់នូវអ្វីដែល​ជា​ភាពគ្រប់គ្រាន់នោះទេតាំង​ពីប្តី​គាត់នៅរស់ម៉្លេះ ហើយ​ក្រោយពី​ប្តីស្លាប់ទៅជីវិតរស់នៅ​កាន់តែ​លំបាកថែមទៀត ​សំខាន់ការទ្រាំទ្រចិញ្ចឹមកូន​កំព្រា​ទាំង​៤​នាក់​ដែលពួក​គេមិនគ្រាន់តែត្រូវ​ការ​រស់​នឹងម្ហូបអាហារនោះទេ តែ​ពួកគេត្រូវការ​សិក្សា​រៀនសូត្របន្ថែមទៀត។ បច្ចុ​ប្បន្នគាត់​ប្រកបរបរដើរបេះត្រកួននៅក្នុង​បឹងដើម្បី​យក​ទៅលក់ ហើយ​ក្នុង​មួយ​ថ្ងៃគាត់​អាច​រក​​កម្រៃ​បាន​ប្រមាណ​៥.០០០​រៀល​ប៉ុណ្ណោះ។ ប៉ុន្តែ​ប្រសិន​បើជំងឺប្រចាំកាយរបស់​គាត់​រើ​ឡើងវិញ​នោះ គឺ​គាត់ត្រូវខកខាន​មិនបានទៅ​បេះ​ត្រកួន​នោះទេ ហើយ​ច្បាស់ជាត្រូវខ្វះ​អង្ករ​ច្រកឆ្នាំង​មិន​ខាន។ ដូច្នេះ​អំណោយដែលសប្បុរស​ជនផ្តល់ជូន​ដល់​រូបគាត់នោះគឺជាទឹកចិត្តមនុស្ស​ធម៌ដែល​មិន​អាច​កាត់ថ្លៃបានឡើយ។ គាត់បានលើកដៃសំពះ​ទាំង​ទឹក​ភ្នែក​​សូមឱ្យសប្បុរស​ជនមេត្តាបន្តជួយ​ដល់​រូបគាត់ផង ហើយគាត់សន្យាថានឹងយក​អំណោយ​​ទាំងនោះទៅចំណាយលើអ្វីដែលមាន​ប្រយោជន៍​សម្រាប់ជីវិតនិងការសិក្សារបស់
កូនៗ។

បងស្រី ម៉ិញ សុំ បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅនិងអស់ពីចិត្តពីថ្លើមផងដែរ ចំពោះ កាសែតកោះសន្តិភាពដែលបានអាណិតអាសូរ ជួយចុះផ្សាយអំពីជីវិតពិតនិងភាពក្រីក្ររបស់​គាត់​ដែលនាំឱ្យមានសប្បុរសជនផ្តល់ថវិកា​ជា​បន្ត​បន្ទាប់។ បងស្រីសូមជូនពរ​ដល់​ថ្នាក់ដឹកនាំ បុគ្គ​លិក កម្មករ​កាសែតកោះសន្តិភាព​ទាំងអស់​ជួប​ប្រទះ​តែ​សេច​ក្តីសុខ សិរីសួស្តី អាយុយឺនយូរ និង​ប្រកប​មុខ​របរបាន​ចម្រុងចម្រើនសមតាមសេចក្តី​ប្រាថ្នា ៕