ក្រុងប៉ោយប៉ែត ៖ គ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់២ថ្ងៃជាប់គ្នានៅក្រុងប៉ោយប៉ែត មួយករណីគឺស្ត្រីមានផ្ទៃពោះ ជិតគ្រប់ខែម្នាក់ត្រូវម៉ូតូបុកឱ្យរងរបួសធ្ងន់ បាក់ជើងម្ខាង និងមួយករណីទៀតក្មេងប្រុសម្នាក់ត្រូវរថយន្តដឹកដីកិនស្លាប់។
ករណីទី១-កើតឡើងនៅវេលាម៉ោង២និង៣០នាទីទៀបភ្លឺថ្ងៃទី១៨ វិច្ឆិកា ២០១១ នៅចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត បណ្តាលឱ្យស្ត្រីមានផ្ទៃពោះជិតគ្រប់ខែរងរបួសបាក់ជើង ខណៈគាត់កំពុងឈរទិញបង្អែម។
ស្ត្រីដែលរងគ្រោះដោយម៉ូតូបុកនោះឈ្មោះព្រុំ មុន្នី បញ្ចៈ ហៅមុំ អាយុ២៧ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ត្រូវម៉ូតូម៉ាកសង់ C125 ពណ៌ខ្មៅ ដែលបើកបរដោយឈ្មោះវ៉ាន់ ខៀង ភេទប្រុស អាយុ២២ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅកាស៊ីណូក្រែន ដាយមិន ស៊ីធី បើកបរពីកើតទៅលិច បុកពេញទំហឹង ខណៈស្ត្រីរងគ្រោះកំពុងឈរទិញបង្អែម ។ ស្ត្រីរងគ្រោះមិនត្រឹមតែរងរបួសបាក់ស្នងជើងនោះទេ ថែមទាំងត្រូវវះកាត់ដើម្បីសង្គ្រោះកូនក្នុងផ្ទៃទៀត ព្រោះក្រោយកើតហេតុ នាងមានអាការឈឺចុកចាប់ក្នុងផ្ទៃ ហើយត្រូវគ្រូពេទ្យនៅគ្លីនិកឯកជនមួយធ្វើការវះកាត់សង្គ្រោះទាន់ពេល បានកូនស្រីម្នាក់ ។ ចំណែកបុរសបង្កហេតុ និងម៉ូតូត្រូវបានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបញ្ជូនទៅស្នងការខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់។
ដោយឡែកករណីទី២ ក្មេងប្រុសម្នាក់ត្រូវរថយន្តដឹកដីកិនស្លាប់ ខណៈចេញពីសាលារៀន។ ក្មេងប្រុសរងគ្រោះឈ្មោះម៉ាប់ សីហា អាយុ១១ឆ្នាំ ជាសិស្ស មានទីលំនៅចំណុចគ្រួសារអភិវឌ្ឍ ទើបផ្លាស់ទីលំនៅពីផ្លូវរថភ្លើងស្ថិតក្នុងភូមិផ្សារកណ្តាល ត្រូវរថយន្តដឹកដីកិនបែកក្បាល ខណៈកំពុងដើរចេញពីសាលារៀនតាមផ្លូវជាតិ។ ក្រោយកើតហេតុ រថយន្តដឹកដីបានព្យាយាមបើករត់គេច ប៉ុន្តែត្រូវអ្នកស្រុកដែលមានផ្ទះក្បែរចំណុចកើតហេតុ នាំគ្នាបើកម៉ូតូតាមរហូតចាប់បានទាំងមនុស្សទាំងរថយន្ត។ រថយន្តបង្កហេតុខាងលើ ប្រភេទបែនកូនកាត់ម៉ាកហ៊ីយ៉ាន់ដាយ បើកបរដោយឈ្មោះវ័ន្ត ម៉ៅ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
អ្នកបើកបររថយន្តបង្កហេតុបានបដិសេធថា ខ្លួនមិនបានបុកទេ ប៉ុន្តែកងរាជអាវុធហត្ថប្រាប់ថា មានសាក្សីជាច្រើនបានឃើញ។ លោកសៅ សារឿន នាយផ្នែកនគរបាលចរាចរសណ្តាប់ធ្នាប់សាធារណក្រុងប៉ោយប៉ែតបានប្រាប់តាម ទូរស័ព្ទថា ពេលនេះកំពុងធ្វើការស្រាវជ្រាវបន្ត ហើយលោកថា ក្រោយធ្វើកំណត់ហេតុរួចនឹងបញ្ជូនអ្នកបើកបរ រួមទាំងវត្ថុតាងទៅកាន់ស្នងការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ