ខេត្តស្ទឹងត្រែង ៖ ពលរដ្ឋខ្មែរចំនួន៥នាក់ត្រូវទាហានឡាវចាប់ខ្លួនបញ្ជូនទៅស្រុកមឿង ខូង ប្រទេសឡាវ និងម្នាក់ទៀតបានបាត់ខ្លួនក្នុងព្រៃ មិនទាន់រកឃើញនៅឡើយ ព្រមទាំងមានរបួសផង ដោយការបាញ់ប្រហារពីទាហានការពារព្រំដែនប្រទេសឡាវ ខណៈពួកគេចូលទៅក្នុងទឹកដីប្រទេសឡាវ ខុសច្បាប់កាលពីថ្ងៃទី២១ តុលា ២០១១។
មន្ត្រីនគរបាលវរសេនាតូចការពារព្រំដែនលេខ១០១ បានឱ្យដឹងនៅវេលាល្ងាចម៉ោង៥និង៤៥នាទីថ្ងៃទី២៥ តុលា ២០១១ នេះ ថា ពលរដ្ឋខ្មែរដែលចូលទៅក្នុងទឹកដីឡាវមានចំនួន៦នាក់ ក្នុងចំណុចបង្គោលលេខ០៦៦ ចន្លោះអូរកាំផា និងអូរឡែ ក្នុងទឹកដីប្រទេសឡាវ ទើបបណ្តាលឱ្យទាហានឡាវចាប់ខ្លួនបានចំនួន៥នាក់ និងម្នាក់ទៀតរត់គេចខ្លួនចូលព្រៃរកមិនទាន់ឃើញនៅឡើយ ខណៈទាហានឡាវបាញ់ឱ្យរបួស
ជើង។
អ្នកដែលត្រូវចាប់ខ្លួននោះមាន១-ឈ្មោះសា រឿន អាយុ៣៩ឆ្នាំ ២-ឈ្មោះភា អាយុ៣៨ឆ្នាំ ៣-ឈ្មោះញឹម សាទ អាយុ៤០ឆ្នាំ រស់នៅឃុំសេកុង ស្រុកសៀមប៉ាង ៤-ឈ្មោះភី អាយុ៤៨ឆ្នាំ និង៥-ឈ្មោះវណ្ណ អាយុ៤១ឆ្នាំ បច្ចុប្បន្នកំពុងឃុំខ្លួនក្នុងស្រុកមឿងខូង ប្រទេសឡាវ។ ចំណែកម្នាក់ទៀតមិនទាន់ដឹងឈ្មោះពិតប្រាកដ ហើយក៏មិនទាន់វិលត្រឡប់មកវិញនៅឡើយ ។
មន្រ្តីដដែលបានបន្តថា ក្នុងថ្ងៃទី២៥ តុលា នេះ លោកអភិបាលស្រុកមឿងខូង ប្រទេសឡាវ បានជូនដំណឹងមកកម្ពុជាថា ពលរដ្ឋខ្មែរទាំង៥នាក់ដែលបានចាប់ខ្លួននោះ ភាគីឡាវបានព្រមប្រគល់ឱ្យកម្ពុជាវិញនៅពេលណាមន្ត្រីថ្នាក់ស្រុកមកដល់ និងធ្វើលិខិតបញ្ជាក់ពីលោកអភិបាលស្រុកសៀមប៉ាង និងលោកមេភូមិ មេឃុំ លើការទទួលស្គាល់ដោយការប្រគល់នេះធ្វើនៅប៉ុស្តិ៍ភូគិវ ព្រំដែនឡាវទល់មុខប៉ុស្តិ៍កាំភោគ ព្រំដែនកម្ពុជា៕
ចែករំលែកព័តមាននេះ