ប្រជាជនក្នុងទីក្រុងស៊ីកៀរ៉េស និងទីក្រុងនៅ ជិតខាងក្នុងប្រទេសកូស្តារីកា បានរួមគ្នាប្រារព្ធពិធីបុណ្យខ្មោចក្រពើ «ប៉ូសូ» មានភ្នែកម្ខាងអាយុ៦០ឆ្នាំ ដែលធ្លាប់ជាក្រពើល្បី និងជាទីសំណព្វរបស់ភ្ញៀវទេសចរពីទូទាំងពិភពលោក។
អ្នកស្រុក និងក្រុមគ្រួសាររបស់លោកហ្គីល ប៊័រតូ ហ្ស៊ីដាន ជាម្ចាស់ក្រពើ «ប៉ូសូ» បានរៀបចំពិធីបុណ្យខ្មោចក្រពើនេះដោយដង្ហែជាក្បួននៅជុំវិញទីក្រុង និងមានមនុស្សចូលរួមយ៉ាងច្រើនកុះករ ក្នុងបរិយាកាសសម្តែងការសោកសៅ និងពោរពេញដោយដំណក់ទឹកភ្នែក ។
ក្រពើយក្សប៉ូសូ មានប្រវែង៤ម៉ែត្រកន្លះ ទម្ងន់១តោន ចាត់ទុកថាជាក្រពើមានភាពឆ្លាតវៃ មិនធ្វើបាបមនុស្ស ចូលចិត្តបង្ហាញកាយវិការធ្វើឱ្យទស្សនិកជនមានក្តីរំភើប និងជាទីពេញនិយមសម្រាប់ភ្ញៀវទេសចរនៅទូទាំងពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមគ្រួសាររបស់លោកហ្ស៊ីដាន បានឱ្យដឹងថា នឹងយកគ្រោងខ្មោចក្រពើទៅរក្សាទុក និងរៀបចំតាំងបង្ហាញក្នុងសារមន្ទីរបន្តទៀត ៕
ចែករំលែកព័តមាននេះ