ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដង្ហែ​ក្បួន​លោក ត្រាំ ប្រទះ​ឃើញ​បើកបរ​នៅ​ទីក្រុង​ប៉េ​កាំ​ង មុន​ដំណើរ​ទស្សនកិច្ច​ស​ប្តា​ហ៍​ក្រោយ

2 នាទី មុន

ទីក្រុង​ប៉េ​កាំ​ង ៖ មុន​ពេល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ទៅ​ដល់ទី​ក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន…

ទីក្រុង​ប៉េ​កាំ​ង ៖ មុន​ពេល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) ទៅ​ដល់ទី​ក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន នៅ​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២៦ សម្រាប់​ដំណើរ​ទស្សនា​កិច្ច​រយៈពេល​២​ថ្ងៃ ប៉ុន្តែ​រថយន្ត​ការពារ​កម្រិត​ខ្ពស់​ក្នុង​ក្បួន​រថយន្ត​របស់​លោក ត្រូវ​បាន​ប្រទះ​ឃើញ​បើកបរ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង​រួច​ទៅ​ហើយ​។ នេះ​បើ​តាម​ប្រភព​ពី​កាសែត South China Morning Post ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៦​។

យោង​តាម​រូបភាព​មួយ​ចំនួន​ដែល​ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម​ចិន កាលពី​ថ្ងៃ​ទី​៦ ខែឧសភា បាន​បង្ហាញ​ពី​រថយន្ត SUV ពណ៌​ខ្មៅ ២ គ្រឿង​កញ្ចក់​ពណ៌​ខ្មៅក្រឹប​ជាមួយ​ផ្លា​ក​លេខ​រដ្ឋាភិបាល​អា​មេ​រិ​ក ត្រូវ​បាន​ប្រទះ​ឃើញ​លើ​ផ្លូវ​ហា​យ​វ៉េ​មួយ​ក្នុង​ទីក្រុង​ប៉េ​កាំ​ង ដែល​ជា​សញ្ញា​នៃ​ការ​ចាប់ផ្តើម​ការ​ពង្រឹង​សន្តិសុខ​យ៉ាង​ខ្លាំង សម្រាប់​ព្រឹត្តិការណ៍​ការទូត​ដ៏​សំខាន់​បំផុត​ប្រចាំឆ្នាំ​នេះ គឺ​កិច្ចប្រជុំ​កំពូល​ចិន​-​សហរដ្ឋអាមេរិក​។

បណ្តាញ​សង្គម​ចិន​កំពុង​តែ​ផ្ទុះ​ការ​ជជែក​ដេញដោល​ពាក់ព័ន្ធ​នឹង​រូបភាព​បង្ហាញ​ពី​រថយន្ត Chevrolet Suburban ដ៏​រឹង​មាំ​២​គ្រឿង​របស់​ភ្នាក់ងារ​សេវា​សម្ងាត់​សហរដ្ឋអាមេរិក (US Secret Service) ដែល​តែង​បម្រើ​ជា​រថយន្ត​ការពារ​ចម្បង​ក្នុង​ក្បួន​រថយន្ត​ប្រធានាធិបតី​អា​មេ​រិ​ក អមដំណើរ​រថយន្ត​ដឹក​ប្រធានាធិបតី​ដែល​មាន​រហស្សនាម​ថា «The Beast»​។

រថយន្ត SUV ទាំងនេះ ត្រូវ​បាន​រាយការណ៍​ថា​បាន​ដឹក​មក​ដល់​ទឹកដី​ប្រទេស​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ តាម​រយៈ​យន្តហោះ​ដឹក​ជញ្ជូន C-17 Globemaster III របស់​កងទ័ពអាកាស​អា​មេ​រិ​ក​។ ចាប់តាំងពី​ថ្ងៃ​ទី​១ ខែឧសភា​មក យន្តហោះ C-17 ជា​ច្រើន​គ្រឿង​បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ប៉េ​កាំ​ង ដោយ​ដឹក​ជញ្ជូន​បណ្តា​ឧបករណ៍​ឯកទេស​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី រួម​ទាំង​រថពាសដែក ឧបករណ៍​ទំនាក់ទំនង​សេវា​សម្ងាត់ និង​ក្រុមការងារ​សន្តិសុខ​កម្រិត​ខ្ពស់​ផង​ដែរ​។

យ៉ាងណាមិញ គេ​មិន​ទាន់​ឃើញ​វត្តមាន​កំពូល​រថយន្ត​ដឹក​ប្រធានាធិបតី​អា​មេ​រិ​ក «The Beast» នៅឡើយ​ទេ ដោយ​បង្កើត​សំនួរ​ជា​ច្រើន​ក្នុង​ចំណោម​អ្នក​និយម​លេង​បណ្តាញ​សង្គម​ចិន​ថា តើ «The Beast» មក​ដល់ទី​ក្រុង​ប៉េ​កាំ​ង​ហើយ​ឬ​នៅ?

គួរ​បញ្ជាក់​ថា «The Beast» ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​យ៉ាង​ទូលំទូលាយ​ថា​បន្ទាយ​ចល័ត​ដ៏​រឹង​មាំ​នោះ គឺជា​រថយន្ត​ពាស​ដែក Limousine របស់​ប្រធានាធិបតី​អា​មេ​រិ​ក​ផលិត​ដោយ​ក្រុមហ៊ុន Cadillac ដែល​ជា​បុត្រ​សម្ពន្ធ​របស់​ក្រុមហ៊ុន General Motors (GM)​។ យោង​តាម​ក្រុមហ៊ុន GM បាន​បង្ហាញ​ថា កំណែទម្រង់​បច្ចុប្បន្ន​គឺ​ផ្អែក​ទៅ​លើ​ម៉ូ​ដែល Cadillac CT6 ហើយ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​លើក​ដំបូង​ក្នុង​ឆ្នាំ ២០១៨ អំឡុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក ត្រាំ ទៅ​កាន់​ទីក្រុង​ញូ​វ​យ៉​ក​។

លក្ខណៈ​ពិសេស​របស់ «The Beast» ដែល​មាន​តម្លៃ ១,៥ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គ្រឿង​នោះ ដោយ​តួ​រថយន្ត​ត្រូវ​បាន​ផលិត​ពី​ដែកថែប អាលុយមីញ៉ូម សេ​រ៉ា​មិច និង​ទី​តានី​ញ៉ូ​ម​មាន​កម្រាស់​រហូត​ដល់ ២០,៣ សង់ទីម៉ែត្រ ទម្ងន់​ប្រហែល ៦ ៨០០ គីឡូក្រាម ទៅ ៩ ១០០ គីឡូក្រាម ដែល​អាច​ការពារ​គ្រាប់កាំភ្លើង និង​ការ​វាយប្រហារ​ដោយ​កាំភ្លើង​ធំ​។ បង្អួច​ទៀត​សោត បំពាក់​ដោយ​កញ្ចក់​ការពារ​គ្រាប់កាំភ្លើង​ច្រើន​ស្រទាប់​កម្រាស់ ៧,៦ សង់ទីម៉ែត្រ​។

កំពូល​រថយន្ត​ដែល​មាន​កៅអី​ចំនួន​៧​មួយ​នេះ ក៏​ត្រូវ​បាន​រាយការណ៍​ថា​ប្រព័ន្ធ​មើលឃើញ​ពេល​បើកបរ​យប់​ងងឹត កាណុង​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក របាំង​ផ្សែង និង​ដៃ​ទ្វារ​អគ្គិសនី​ដ៏​ទំនើប​ផង​ដែរ​។ កាប៊ី​ន​បិទ​ជិត​ដែល​មានការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​ផ្ទាល់ខ្លួន ដើម្បី​ការពារ​ប្រឆាំង​នឹង​ការ​វាយប្រហារ​អាវុធ​គីមី និង​អាច​បូម​ខ្យល់​បរិសុទ្ធ​ចូល​ក្នុង​កាប៊ី​ន​ក្នុង​ករណី​មានការ​វាយប្រហារ​។ មិនតែប៉ុណ្ណោះ វា​មាន​ទូទឹកកក​តូច​មួយ ដែល​រក្សា​ទុក​ឈាម​ដែល​មាន​ប្រភេទ​ដូច​គ្នា​ទៅ​នឹង​ឈាម​របស់​ប្រធា​នាធិបតី ដើម្បី​ត្រៀមលក្ខណៈ​ផ្ទេរ​ឈាម​ជា​បន្ទាន់​ក្នុង​ករណី​រង​របួស​។

រថយន្ត​ក៏​បំពាក់​ឧបករណ៍​ពិសេស​អនុញ្ញាត​ឱ្យ​រថយន្ត​នៅ​តែ​អាច​បើកបរ​បាន ទោះបីជា​សំបក​កង់​ត្រូវ​គេ​បាញ់​ធ្លាយ ឬ​បំផ្លាញ​ក៏​ដោយ ព្រមទាំង​បំពាក់​បច្ចេកវិទ្យា​ទំនើប​បំផុត​ជា​ច្រើន​ផ្សេង​ទៀត រួម​មាន​ប្រព័ន្ធ​អ៊ីនធឺណិត បណ្តាញទូរស័ព្ទ​មាន​សុវត្ថិភាព​ខ្ពស់ ពិសេស​ឧបករណ៍​សម្រាប់​បញ្ជូន​កូដ​សម្ងាត់​បញ្ជា​ឱ្យ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​នុយ​ក្នុង​ករណី​អាសន្ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ