ទីក្រុងបាកដាដ ៖ ប្រទេសអ៊ីរ៉ាក់បានដាក់ចេញការផ្តល់ជូនពិសេសដោយបញ្ចុះតម្លៃប្រេងឆៅសម្រាប់ខែឧសភា ឆ្នាំ២០២៦ លើសពី ៣០ ដុល្លារអាមេរិកក្នុង១បារ៉ែល ដើម្បីទាក់ទាញអ្នកទិញណាហ៊ានប្រថុយឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz) ដែលកំពុងមានភាពតានតឹងខ្លាំង ដោយសារសង្គ្រាមមជ្ឈិមបូព៌ា។ នេះបើយោងតាមប្រភពពី Reuters ចេញផ្សាយកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។
បើតាមទិន្នន័យពីក្រុមហ៊ុនលក់ប្រេងរដ្ឋ SOMO របស់អ៊ីរ៉ាក់បានបង្ហាញថា ប្រេងប្រភេទ Basrah Medium ត្រូវបានបញ្ចុះតម្លៃរហូតដល់ ៣៣,៤០ដុល្លារក្នុង១បារ៉ែល សម្រាប់កាលវិភាគដឹកជញ្ជូនចន្លោះថ្ងៃទី១ ដល់ទី១០ ខែឧសភា ហើយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែឧសភា នឹងបញ្ចុះតម្លៃ ២៦ដុល្លារ១ក្នុងបារ៉ែល។ ចំណែកប្រេងប្រភេទ Basrah Heavy ត្រូវបានបញ្ចុះតម្លៃ ៣០ ដុល្លារក្នុង១បារ៉ែល។
ការផ្តល់ជូនពិសេសនេះ អនុវត្តចំពោះតែការទិញបែប Free-on-Board (FOB) នៅឯកំពង់ផែបាស្រា (Basrah) ឬចំណុចផ្ទុកប្រេងក្នុងឈូងសមុទ្រពែរ្ស (Persian Gulf) ដែលមានន័យថា អ្នកទិញត្រូវទទួលខុសត្រូវលើហានិភ័យដឹកជញ្ជូនដោយខ្លួនឯង។
ការបញ្ចុះតម្លៃទាំងនេះ បានបង្ហាញពីសម្ពាធកាន់តែខ្លាំងឡើងលើការនាំចេញប្រេងឆៅរបស់អ៊ីរ៉ាក់ ខណៈដែលហានិភ័យនៃការដឹកជញ្ជូននៅតែបន្តកើតមានក្នុងផ្លូវទឹក ដែលជាសរសៃឈាមដ៏សំខាន់សម្រាប់លំហូរប្រេងសកល។ ច្រកសមុទ្រហ័រមូសត្រូវបានបិទស្ទើរតែទាំងស្រុងតាំងពីចុងខែកុម្ភៈ ដោយសារសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលធ្វើឱ្យការនាំចេញប្រេងអ៊ីរ៉ាក់តាមច្រកនេះធ្លាក់ចុះយ៉ាងខ្លាំង ដោយក្នុងខែមេសា មាននាវាដឹកប្រេងត្រឹម ២ គ្រឿងប៉ុណ្ណោះ ដែលបានផ្ទុកប្រេងចេញពីកំពង់ផែបាស្រា។
យោងតាមទិន្នន័យរបស់ក្រុមហ៊ុនផ្តល់ទិន្នន័យវិភាគ និងស៊ើបការណ៍សម្ងាត់ Kpler បានបង្ហាញថា ការនាំចេញប្រេងឆៅរបស់អ៊ីរ៉ាក់ដែលមានជាមធ្យម ៣,៣៣ លានបារ៉ែលក្នុង១ថ្ងៃក្នុងឆ្នាំ ២០២៥ ភាគច្រើនត្រូវបានដឹកជញ្ជូនទៅកាន់ទីផ្សារអាស៊ី៕


ចែករំលែកព័តមាននេះ