ក្រុងប៉ោយប៉ែត ៖ យុវជនម្នាក់បន្ទាប់ពីលង់ទឹកស្លាប់ និងបាត់ខ្លួនមួយយប់មកហើយត្រូវគេរកសពឃើញនៅវេលាម៉ោង២រសៀល ថ្ងៃទី១៩ តុលា ។ ជនរងគ្រោះឈ្មោះរឿន ហាក់ អាយុ២៧ឆ្នាំ ជាបុគ្គលិកបម្រើការងារនៅកាសីុណូហ្គានទីងផ្នែកបោកគក់។
តាមការបំភ្លឺពីយុវជនឈ្មោះហឿប វឿន អាយុ២៤ឆ្នាំ ឱ្យដឹងថា ពួកគេមានគ្នា៣នាក់ រួមទាំងជនរងគ្រោះផងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ តុលា បានទៅលេងទឹកកំសាន្តនៅចំណុចយាងចាស់ ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្តដោយកន្លែងលេងទឹកនេះជាប្រឡាយទឹកហូរ ខណៈមានទឹកជន់លិចពាសពេញកន្លែងនោះ ។ ពួកគេបានទៅអង្គុយលើចំណុចដីទួលមួយដែលមានទឹកហូរក្បែរនោះ ហើយពួកគេបានទិញស្រាបៀរចំនួនមួយកេសយកទៅផឹក ។
តាមសំដីមិត្តភក្តិថា ក្នុងការអង្គុយកំសាន្តនោះដោយឃើញស្រីស្អាតចំនួន៣នាក់ជិះពោងមួយបណ្តែតលេងតាមទឹកហូរយុវជនរងគ្រោះដែលស្រវឹងស្រឿងៗក៏លោតទឹកបំណងទៅលេងក្បែរស្រីស្អាតទាំងនោះ។ ពេលលោតទៅនោះស្រាប់តែបាត់មួយសន្ទុះមិនឃើញងើប ហើយបែរជាឃើញងើបនៅទិសខាងកើតចម្ងាយប្រមាណ៥០ម៉ែត្រក្រោមខ្សែទឹកហូរ ព្រមទាំងបក់ដៃហៅឱ្យគេជួយ។ ពេលឃើញបែបនេះមិត្តភក្តិគ្រប់គ្នាស្ទុះទៅជួយ តែជួយមិនទាន់ក៏លិចចូលក្នុងទឹកម្តងទៀត ហើយបាត់រហូតតែម្តង។
សាច់ញាតិប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី១៩ តុលា ថា យុវជនរងគ្រោះបាត់១យប់២ថ្ងៃទើបរកសពឃើញ។ គេមានស្រុកកំណើតនៅភូមិកំពង់ឆ្លងវត្តតាមឹម ស្រុកបាត់ដំបង ខេត្តបាត់ដំបង តែបច្ចុប្បន្នជាបុគ្គលិកបម្រើការកាសីុណូនៅប៉ោយប៉ែត។
សាច់ញាតិបន្តថា ក្រោយពេលបាត់ជនរងគ្រោះមួយយប់ពួកគេបានរាយការណ៍ជូនសមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែតឱ្យជួយរកសពជនរងគ្រោះ។
អ្នកភូមិរស់នៅក្បែរកន្លែងកើតហេតុឱ្យដឹងថា ចំពោះទឹកប្រឡាយដែលហូរខ្លាំងនេះមានជំរៅជាង២ម៉ែត្រគួបផ្សំមានទឹកភ្លៀងដែលជន់លិចពាសពេញផងនោះធ្វើឱ្យទឹកហូរកាន់តែខ្លាំងថែមទៀត។
លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតមានប្រសាសន៍ថា ចំពោះបញ្ហាទឹកជំនន់នេះគឺជាទឹកដែលបានហូរធ្លាក់មកពីប្រទេសសៀមចូលមកក្នុងអូរព្រំដែន។ ដោយសារមានជំនន់ទឹកភ្លៀងច្រើនពេក ទឹកហូរមិនទាន់ទើបច្រាលជន់លិចពាសពេញវាល។
លោកអភិបាលក្រុងបន្តថា នៅរដូវប្រាំងខាងមុខនេះមន្ត្រីជំនាញក្រុងរបស់លោកនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ធ្វើទ្វារទឹកចំនួន២អមសងខាងអូរ ដើម្បីរំដោះទឹកនៅរដូវវស្សា ។ មិនតែប៉ុណ្ណោះចំពោះក្រុមហ៊ុនអានកូដែលធ្វើទំនប់ទប់អូរដោយមិនធ្វើទ្វារទឹកនោះក៏តម្រូវឱ្យធ្វើទ្វារទឹកនៅចំណុចអូរខៃផងដែរដើម្បីកុំឱ្យលិចលង់តទៅទៀតនៅឆ្នាំក្រោយ ៕
ចែករំលែកព័តមាននេះ