លោកហ្វ្រេដឌី រ៉ូចបាននិយាយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅនេះថា កូនសិស្សរបស់ខ្លួនកីឡាករម៉ានី ប៉ាក់គីអាវមានកម្លាំងខ្លាំងជាងមុន ពោលគឺពុំមានសញ្ញាណាមួយនៃការចុះអន់ថយឡើយ។
គ្រូបង្ហាត់សញ្ជាតិអាមេរិករូបនេះបានបន្តថា ៖ «ខ្ញុំបានពាក់សាក់ការពារខ្លួន ហើយប៉ាក់គីអាវវាយសាក់នោះបានខ្លាំងនិងធ្ងន់ជាងបណ្តាកីឡាករអូឡាំពិកល្បីៗដែលខ្ញុំធ្លាប់បានបង្ហាត់កន្លងមក។ ចំណែកលោកចច លីណារេសដែលខ្ញុំនាំយកទៅហាត់សមជាមួយ ក៏បានប្រាប់ខ្ញុំដែរថា ខ្លួនគាត់ស្ទើរតែរឹងថ្គាមនិងជើងនៅពេលត្រូវកណ្តាប់ដៃប៉ាក់គីអាវ។ ការហ្វឹកហាត់ក្នុងពេលមួយ ប៉ាក់គីអាវបានវាយខ្ញុំចំទ្រូង ពេលនោះខ្ញុំស្ទើរតែដាច់ដង្ហើម។ ដូច្នេះខ្ញុំគិតថា គេមានកណ្តាប់ដៃវាយចេញធ្ងន់ជាងពីពេលមុន»។
ប៉ាក់គីអាវបានហ្វឹកហាត់ជាមួយលោករ៉ូចនៅទីក្រុង Baguio ប្រទេសហ្វ៊ីលីពីនអស់៣សប្តាហ៍។ ប៉ុន្តែក្នុងពេលនេះពួកគេកំពុងស្ថិតនៅក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិកជាទីដែលប៉ាក់គីអាវបន្តការហ្វឹកហាត់រហូតដល់គេចេញដំណើរទៅក្រុងឡាសវេហ្គាស១ថ្ងៃមុនការប្រកួតការពារខ្សែក្រវាត់របស់ខ្លួនប្រឆាំងនឹងកីឡាករចូអាន ម៉ានូអែល ម៉ាកហ្គេសនៅសង្វៀន MGM Grand Garden Arenaថ្ងៃទី១២វិច្ឆិកាខាងមុខ។
លោករ៉ូចបាននិយាយបន្តថា ៖ «ប៉ាក់គីអាវក្នុងពេលនេះមានទម្ងន់ពី១៤៧ផោនទៅ១៤៨ផោន។ យើងសង្ឃឹមថា ទម្ងន់របស់គេនឹងចុះនៅត្រឹម១៤៤ផោនដល់ថ្ងៃប្រកួត។ ចំណែកកីឡាករម៉ាកហ្គេសវិញ បើខ្ញុំជាគ្រូគេវិញខ្ញុំនឹងឲ្យគេបញ្ចុះទម្ងន់ខ្លួនត្រឹម១៣៥ផោនក្នុងថ្ងៃប្រកួត។ ធ្វើបែបនេះគេនឹងមិនបាត់បង់ល្បឿនវាយចេញ។ កីឡាករម៉ាកហ្គេសសព្វថ្ងៃនេះមានអាយុ៣៨ឆ្នាំហើយៗប្រសិនជាគេឡើងទម្ងន់លើសពីទម្ងន់ធម្មតា នោះគេនឹងយឺតខ្លាំង»។
ដូច្នេះតាមអ្វីទាំងអស់នេះ លោករ៉ូចជឿថា ម៉ាកហ្គេសនឹងទទួលបានលទ្ធផលដោយត្រូវសន្លប់ក្រោមកណ្តាប់ដៃប៉ាក់គីអាវជាពុំខាន។ ការប្រកួតលើកនេះលោក រ៉ូចហាក់ដូចជាបានរៀបចំយុទ្ធសាស្ត្រឲ្យប៉ាក់ គីអាវដើររួចជាស្រេចទៅហើយ។ សម្រាប់កីឡាករម៉ាកហ្គេសការប្រកួតដណ្តើមខ្សែក្រវាត់លើកនេះតាមសេចក្តីរាយការណ៍ថា គេនឹងទទួលបានទឹកប្រាក់តម្លៃខ្លួន៥លានដុល្លារអាមេរិក ខណៈប៉ាក់គីអាវទទួលបានដល់ទៅ២០លាន។
ការជួបគ្នាចំនួន២លើកកន្លងមក កណ្តាប់ដៃវាយខាវឆ្វេងរបស់ប៉ាក់គីអាវបានធ្វើឲ្យម៉ាកហ្គេសត្រូវអាជ្ញាកណ្តាលរាប់ចំនួន៤លើក។ ប្រកួតលើកទី៣នេះ លោករ៉ូចថាម៉ាកហ្គេសអាចនឹងរងគ្រោះដោយកណ្តាប់ដៃស្តាំ។ និយាយពីឯតទគ្គកម្មប្រកួតវិញ ប៉ាក់គីអាវធ្លាប់ប្រកួតឈ្នះ៥៣លើកក្នុងនោះឈ្នះដោយផ្តួលដៃគូឲ្យសន្លប់ចំនួន៣៨លើក ប៉ុន្តែមាន៣លើកដែលគេចាញ់គូប្រកួត។ ឯម៉ាកហ្គេសវិញធ្លាប់យកឈ្នះគូប្រកួត៥៣លើកដូចជាប៉ាក់គីអាវដែរ ប៉ុន្តែគេវាយដៃគូឲ្យសន្លប់បានដល់ទៅ៣៩លើកនិងចាញ់ការប្រកួតដល់ទៅ៥លើក ៕
ចែករំលែកព័តមាននេះ