មកដល់ថ្ងៃទី៧ តុលា ២០១១ សង្គ្រាមនៅអាហ្វហ្គានីស្ថានឆ្លងកាត់រយៈពេល១០ឆ្នាំ ហើយចាប់តាំងពីការលុកលុយដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីវាយបណ្តេញពួកតាលីបង់ចេញពីអំណាចចាប់ផ្តើមពីខែតុលា ឆ្នាំ២០០១មក។
ជាមួយនឹងពេលវេលាអូសបន្លាយសង្គ្រាមនេះចាត់ទុកថា ជាការជាប់ផុងមួយរបស់ពួកលោកខាងលិច។ ពុំមានពិធី ឬព្រឹត្តិការណ៍ពិសេសណាគ្រោងធ្វើសម្រាប់រំលឹកខួបនេះឡើយ តែបាតុកម្មប្រឆាំងលោកខាងលិច និងប្រឆាំងអូតង់អាចកើតមានក្នុងទីក្រុងជាច្រើន បន្ទាប់ពីពិធីសូត្រធម៌ថ្ងៃសុក្រ។ កាលពីថ្ងៃទី៦ តុលា មានបាតុកម្មមួយនៅក្រុងកាប៊ុល ដោយមានមនុស្សចូលរួមប្រមាណជា២០០នាក់ទាមទារឱ្យដកកងទ័ពអូតង់ចេញ ហើយបរិហារពីការសម្លាប់ជនស៊ីវិលក្នុងប្រតិបត្តិការនានារបស់អូតង់។
សន្តិសុខត្រូវបានពង្រឹងនៅរដ្ឋធានីកាប៊ុល បន្ទាប់ពីការវាយប្រហារបង្ហូរឈាមជាច្រើនដែលបញ្ជាក់ពីភាពផុយស្រួយរបស់រដ្ឋាភិបាលលោកប្រធានាធិបតីហាមីដ កាហ្សៃ។
ក្នុងប្រទេសនេះអូតង់ និងកងទ័ពអាហ្វហ្គានីស្ថានប៉ុនប៉ងផ្ទេរការធានាសន្តិសុខឱ្យដល់កងកម្លាំងអាហ្វហ្គានីស្ថានឱ្យបានចប់សព្វគ្រប់នាដំណាច់ឆ្នាំ២០១៤ ៕
ចែករំលែកព័តមាននេះ