រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជាង២០នាក់បាននាំគ្នាចោមរោមវាយចោរម្នាក់ដែលពូកែលួចអាគុយរថយន្តនៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៧ តុលា តាមបណ្តោយផ្លូវហាណូយ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មុខសាលារៀនគរថ្លង់។
យោងតាមសម្តីរបស់បុរសម្នាក់ឈ្មោះសែម ចំរើន អាយុ៣០ឆ្នាំ មុខរបរបើករថយន្តដឹកទំនិញ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាម្ចាស់រថយន្តដែលត្រូវចោរលួចយកអាគុយបាននិយាយថា នៅវេលាម៉ោង១២និង៣០នាទីថ្ងៃ គាត់បានឈប់រថយន្តដឹកទំនិញនៅមុខឃ្លាំង ស្រាប់តែឮប្រជាពលរដ្ឋស្រែកឆោឡោថា មានចោរលួចអាគុយឡាន ភ្លាមៗនោះ គាត់ក៏រត់ទៅមើលស្រាប់តែឃើញប្រជាពលរដ្ឋជាង២០នាក់កំពុងចោមវាយចោរដែលល្បីលួចអាគុយឡាននោះ យ៉ាងចាស់ដៃ ។
ភ្លាមៗនោះ សមត្ថកិច្ចទៅដល់ និងបាននាំ យកចោរដែលត្រូវប្រជាពលរដ្ឋចោមវាយ ជាមួយនឹងវត្ថុតាងអាគុយរថយន្តចំនួន២យកមករក្សាទុក និងសាកសួរជនសង្ស័យនៅប៉ុស្តិ៍នគរបាលភ្នំពេញ ។
យោងតាមសម្តីរបស់សមត្ថកិច្ចភ្នំពេញថ្មីបានឱ្យដឹងថា ចោរលួចអាគុយដែលត្រូវប្រជាពលរដ្ឋចោមវាយនេះឈ្មោះប៉ុល រ៉ា អាយុ១៩ឆ្នាំ គ្មានមុខរបរ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចបានបន្តថា ចោរពូកែលួចអាគុយរថយន្តនេះ មានគ្នា៣នាក់ ជិះម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ បានលួចយកអាគុយរថយន្តចំនួន២គ្រឿង ហើយព្យាយាមដឹកចេញស្រាប់តែប្រជាពលរដ្ឋឃើញ ក៏ស្រែកឆោឡោ និងដេញចាប់ បានម្នាក់ ឯ២នាក់ទៀតរត់រួច ទើបប្រជាពលរដ្ឋនាំគ្នារោមវាយចោរម្នាក់យ៉ាងចាស់ដៃតែម្តង៕
ចែករំលែកព័តមាននេះ