ខេត្តកណ្តាល ៖ ប៉ូលិសចរាចរណ៍ម្នាក់បានវាយអ្នករត់ម៉ូតូឌុបម្នាក់តែបណ្តាលឱ្យបាក់ក្តោងច្រមុះ នារីដែលកំពុងជិះពីក្រោយទៅវិញ ដែលហេតុការណ៍នេះកើតនៅវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី៧ តុលា តាមបណ្តោយផ្លូវលេខ២០៦ ភូមិដើមមៀន ក្រុងតាខ្មៅ ជិតសាលាខេត្តកណ្តាល។
យោងតាមសម្តីរបស់នារីរងគ្រោះឈ្មោះជង ចាន់ណា ហៅប៉ុយ អាយុ១៩ឆ្នាំ មុខរបរលក់ដូរនៅផ្សារដើមគ ស្នាក់នៅបុរីសន្តិសុខ សង្កាត់ចោមចៅ ខណ្ឌដង្កោ បានឱ្យដឹងថា មុនពេលកើតហេតុ រូបនាងបានជិះម៉ូតូឌុបចេញពីកន្លែងលក់ ទៅលេងផ្ទះមិត្តភក្តិនៅឯក្រុងតាខ្មៅ ពេលជិះហួសសាលាខេត្តកណ្តាលបានបន្តិច ស្រាប់តែឃើញប៉ូលិសចរាចរណ៍៣នាក់ចេញមកឃាត់ម៉ូតូដែលនាងជិះហើយប្រាប់ថា ម៉ូតូនេះជិះបញ្ច្រាសផ្លូវ ហើយម៉ូតូឌុបនោះក៏ជិះចូលខាង ប៉ុន្តែភ្លាមៗនោះមិនដឹងយ៉ាងម៉េចទេ ស្រាប់តែឃើញប៉ូលិសចរាចរណ៍ម្នាក់បានស្ទុះមកវាយអ្នករត់ម៉ូតូឌុបដែលពាក់មួកសុវត្ថិភាពមួយដៃចំកណ្តាលមុខ បណ្តាលឱ្យអ្នករត់ម៉ូតូភ្ងើយក្បាលទៅក្រោយទង្គិចចំក្តោងច្រមុះនាងហូរឈាមពេញថ្នល់។ ភ្លាមៗនោះនាងក៏សុំឱ្យប៉ូលិសចរាចរណ៍នោះទទួលខុសត្រូវ តែត្រូវប៉ូលិសនោះសម្លុត ហើយនិយាយថា មិនដឹងមិនឮចង់ប្តឹងទៅណាប្តឹង
ទៅ។
នៅពេលនោះនាងក៏ឃើញប៉ូលិសអធិការដ្ឋាននគរបាលក្រុងតាខ្មៅ មកយកនាង និងប៉ូលិសចរាចរណ៍បង្កហេតុម្នាក់នោះទៅដោះស្រាយនៅឯអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។ នារីរងគ្រោះបន្តថា ពេលទៅដល់សមត្ថកិច្ចទាំងអស់នោះមិនបានសួរនាំនាងទេ ហើយប្រាប់នាងថា ឱ្យទៅផ្ទះវិញទៅ តែនៅពេលនាងឃើញអ្នកយកព័ត៌មានរបស់កោះសន្តិភាពមកដល់ សមត្ថកិច្ចទាំងនោះក៏បានមកសុំឱ្យនាងដោះស្រាយរឿងនេះទៅ ហើយមិនបាច់ប្តឹងទៀតទេ ដោយពួកគេសុំសងជាទឹកប្រាក់ចំនួន២០ម៉ឺនរៀល ហើយប្រាប់ថា កុំផ្តល់ព័ត៌មានដល់អ្នកកាសែតឱ្យសោះ ។
គួរបញ្ជាក់ផងដែរថា ពេលអ្នកយកព័ត៌មានកោះសន្តិភាពទៅដល់ហើយសួរនាំក្រុមគ្រួសាររងគ្រោះស្រាប់តែឃើញលោកស័ក្តិ៣ម្នាក់ឈ្មោះហ៊ឹម ភិរុណ ជិះរថយន្តម៉ាកកាមរីឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខ កណ្តាល 2A-6476 បានមកសម្លុត ហើយគំរាមក្រុមគ្រួសារនារីរងគ្រោះមិនឱ្យផ្តល់ព័ត៌មានដល់អ្នកយកព័ត៌មានកោះសន្តិភាព បើមិនដូច្នេះសមត្ថកិច្ចមិនរកយុត្តិធម៌ និងសងជំងឺចិត្តដល់ក្រុមគ្រួសារស្រីរងគ្រោះជាដាច់ខាត។ អ្នកយកព័ត៌មានរបស់កោះសន្តិភាពបានព្យាយាមសុំុការបំភ្លឺពីប៉ូលិសចរាចរណ៍ដែលត្រូវនារីរងគ្រោះប្តឹងតែទាក់ទងមិនបាន។
ស្របពេលដែលមានរឿងនេះ មានអ្នកដំណើរ និងប្រជាពលរដ្ឋច្រើនដែលនៅទីនោះនិយាយថា ប៉ូលិសចរាចរណ៍នៅចំណុចខាងលើនេះ និងនៅចំណុចស្ពានក្រុងតាខ្មៅ កន្លងមកគឺតែងមានទំនាស់ជាមួយអ្នកដំណើរជារឿយៗ ដែលមើលទៅដូចជាធ្ងន់ធ្ងរណាស់ ជាក់ស្តែងករណីខាងលើនេះតែម្តង៕
ចែករំលែកព័តមាននេះ