រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ កោះសន្តិភាពបានទទួលទូរស័ព្ទមួយថ្ងៃ៤ទៅ៥ដងពីអ្នកធ្វើដំណើរតាមផ្លូវដែលសុំឱ្យជួយចុះផ្សាយពីផ្លូវមានរណ្តៅដែលពួកគាត់ចាត់ទុកជា«រណ្តៅមរណៈ»បង្កគ្រោះថ្នាក់ដល់អ្នកធ្វើចរាចរណ៍ស្ទើររាល់យប់នៅចំកណ្តាលរាជ ធានីភ្នំពេញ។
រណ្តៅមរណៈនេះស្ថិតនៅត្រង់ចំណុចភ្លើងស្តុបជលផល(ស្តុបចំការមន) រាជធានីភ្នំពេញ។ អ្នករស់នៅតាមដងផ្លូវដែលមានរណ្តៅនេះបានប្រាប់កោះសន្តិភាពថា រំខានពួកគាត់ណាស់នៅពេលយប់ ព្រមទាំងគួរឱ្យអាណិតបំផុតដល់អ្នករងគ្រោះ។ ជាពិសេសនៅពេលយប់ងងឹតមានអ្នកដំណើរភាគច្រើនដែលមិនដឹងថា ទីនេះមានរណ្តៅបានជិះម៉ូតូ ឬបើករថយន្តធ្លាក់គ្រលុកនេះ ដួលប្រកាច់ប្រកិន។ ពេលខ្លះឮសំឡេងគ្រាំងៗ ខ្លាំងៗ ទោះជាដេកលក់ហើយក៏ភ្ញាក់វិញដែរ ព្រមទាំងបានឃើញអ្នកខ្លះស្រែកទ្រហោទួញសោក អ្នកខ្លះដួលប្រកាច់ប្រកិនគួរឱ្យអាណិតណាស់ និងមានរថយន្តពេទ្យមកជួយដឹកទៅព្យាបាលក៏មានដែរស្ទើរតែរាល់យប់ ។
ប្រជាពលរដ្ឋទាំងនោះបានលើកឡើងជាសំណួរថា ហេតុអ្វីមន្ត្រីជំនាញទទួលបន្ទុកមើលផ្លូវ បែរជាមើលមិនឃើញ? ប្រជាពលរដ្ឋរស់នៅជិតនោះបានសំណូមពរម្តងហើយម្តងទៀតដល់សាលារាជធានីភ្នំពេញ ជាពិសេសលោកកែប ជុតិមា ជាអភិបាលរាជធានីសុំឱ្យមានការជួសជុលជាបន្ទាន់ផង បើទុកយូរទៅៗគេមិនខ្លាចវាក្លាយទៅជាត្រពាំងទេ តែវាអាចក្លាយទៅជារណ្តៅមរណៈធំទៅៗ យកជីវិតមនុស្សកាន់តែច្រើនឡើងៗក្លាយជា«ជើងកប»នៅពេលយប់ជាមិនខាន៕
ចែករំលែកព័តមាននេះ