រដ្ឋមន្ត្រីរតនាគារអាមេរិក លោក TIMOTHY GEITHNER បានស្នើកាលពីថ្ងៃទី៦ តុលា ដល់បណ្តាមេដឹកនាំអឺរ៉ុបឱ្យស្វែងរកយុទ្ធសាស្ត្រមួយដើម្បីរាំងខ្ទប់វិបត្តិនៃបំណុល។
ក្នុងឱកាសនៃសវនាការមួយនៅមុខគណៈកម្មការធនាគាររបស់ព្រឹទ្ធសភា លោក GEITHNER ថ្លែងថា វិបត្តិសេដ្ឋកិច្ចអឺរ៉ុបគំរាមកំហែងយ៉ាងខ្លាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។ ទ្វីបអឺរ៉ុបធំទូលាយ ហើយទាក់ទិនយ៉ាងជិតស្និទ្ធដល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល និងថាវិបត្តិធ្ងន់ធ្ងរមួយនៅអឺរ៉ុបនឹងអាចបង្កការខូចខាតធ្ងន់ធ្ងរប៉ះពាល់ដល់កំណើនដោយកាត់បន្ថយសេចក្តីត្រូវការ។
យោងតាមលោក GEITHNER ថា ភាពយឺតយ៉ាវនៃកំណើនសេដ្ឋកិច្ចនៅអឺរ៉ុបនឹងតំណាងឱ្យការគំរាមកំហែងមួយសម្រាប់សេដ្ឋកិច្ចអាមេរិក។ ចាប់តាំងពីច្រើនសប្តាហ៍មកហើយ លោក GEITHNER ទទូចដល់បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុ អឺរ៉ុបឱ្យបង្កើនសមត្ថភាពហិរញ្ញវត្ថុក្នុងតំបន់អឺរ៉ូ និងយន្តការនានាដើម្បីឆ្លើយតបចំពោះវិបត្តិនៃបំណុល ហើយឱ្យចាប់ផ្តើមតាមរយៈមូលនិធិអឺរ៉ុបធ្វើឱ្យមានស្ថេរភាពហិរញ្ញវត្ថុ។ លោកក៏បានស្នើផងដែរដល់បណ្តាសមាជិកសភាអាមេរិកឱ្យអនុម័តផែនការការងារដែលលើកឡើងដោយលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា ដើម្បីពង្រឹងសេដ្ឋកិច្ចអាមេរិក ៕
ចែករំលែកព័តមាននេះ