ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ប្រកាស​ពី​ការ​ដំឡើង​ពន្ធ​ទ្វេ​ដង​លើ​ការ​នាំ​ចូល​ដែកថែប និង​អាលុយមីញ៉ូម

3 ថ្ងៃ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​ដំឡើង​ពន្ធ​ទ្វេ​ដង​លើ​ការ​នាំ​ចូល​ដែកថែប…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​ដំឡើង​ពន្ធ​ទ្វេ​ដង​លើ​ការ​នាំ​ចូល​ដែកថែប និង​អាលុយមីញ៉ូម​នា​ពេល​បច្ចុប្បន្ន​ពី ២៥% ទៅ ៥០% ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២៥ តទៅ​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២​ឥ​២៥​។

ថ្លែង​នៅ​ឯការ​ជួបជុំ​គ្នា​មួយ នៅ​ក្នុង​ទីក្រុង​ភី​ត​ស៍​ប៊ឺ​ក (Pittsburgh) នៃ​រដ្ឋ​ផេ​ន​ស៊ី​ល​វ៉ា​នៀ (Pennsylvania) កាលពី​ថ្ងៃ​សុក្រ លោក ត្រាំ បាន​ប្រកាស​ថា វិធានការ​ដំឡើង​ពន្ធ​ទ្វេ​ដង​លើ​ការ​នាំ​ចូល​ដែកថែប និង​អាលុយមីញ៉ូម​នេះ នឹង​ជួយ​ជំរុញ​ឧស្សាហកម្ម​ដែក​ក្នុងស្រុក និង​ការ​ផ្គត់ផ្គង់​ជាតិ ដោយ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រទេស​ចិន​។ លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ទឹកប្រាក់​ចំនួន​១៤​ពាន់​លាន​ដុល្លារ នឹង​ត្រូវ​បាន​វិនិយោគ​លើ​ការ​ផលិត​ដែក​ក្នុង​តំបន់​នេះ តាម​រយៈ​ភាព​ជា​ដៃគូ​រវាង US Steel និង Nippon Steel របស់​ប្រទេស​ជប៉ុន បើ​ទោះបីជា​ក្រោយមក លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា លោក​មិន​ទាន់​ឃើញ ឬ​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ចុង​ក្រោយ​ក៏​ដោយ​។

សេចក្តី​ប្រកាស​នេះ គឺជា​ការ​ប្រកាស​ចុង​ក្រោយបង្អស់​ក្នុង​សាស្ត្រ​យុទ្ធ Rollercoaster របស់​លោក ត្រាំ ចំពោះ​ពន្ធគយ​ចាប់តាំងពី​ការ​ចូល​កាន់​តំណែង​ម្តងទៀត​តប​ស់លោក នៅ​ក្នុង​ខែមករា​កន្លង​ទៅ​។ លោក ត្រាំ បាន​ប្រាប់​ហ្វូង​អ្នកចូលរួម​ពោរពេញ​ដោយ​កម្មករ​ដែក ដើម្បី​អបអរសាទរ​ថា​នឹង​គ្មាន​ការ​បញ្ឈប់​ការងារ និង​គ្មាន​ប្រភព​ខាងក្រៅ​ណាមួយ​លើ​វិស័យ​នេះ ហើយ​កម្មករ​ដែក​អា​មេ​រិ​ក​គ្រប់​រូប​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​៥​ពាន់​ដុល្លារ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

ទោះ​យ៉ាងណា​ក៏​ដោយ កង្វល់​ចម្បង​មួយ​របស់​កម្មករ​ដែកថែប​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ជប៉ុន គឺ​អំពី​របៀប​ដែល​ប្រទេស​ជប៉ុន​នឹង​គោរព​កិច្ចសន្យា​របស់​សហជីព​កម្មករ​ដែល​គ្រប់គ្រង​លើ​ប្រាក់​ឈ្នួល និង​ការ​ជួល​។ សុន្ទរកថា​មាន​រយៈពេល​ប្រហែល​មួយ​ម៉ោង​របស់​លោក ត្រាំ បាន​បង្ហើប​ពី​កិច្ចព្រមព្រៀង​ដែល​លោក​បាន​ធ្វើ​ជាមួយ​ក្រុមហ៊ុន Nippon Steel របស់​ជប៉ុន ប៉ុន្តែ​លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ថ្មី​ណាមួយ​ឡើយ​។

សូម​ជម្រាប​ជូន​ថា ក្រុមហ៊ុន US Steel កាលពី​ខែធ្នូ ឆ្នាំ​២០២៣ បាន​យល់ព្រម​លក់​សិទ្ធិ​កាន់កាប់​ទៅ​ឱ្យ​ក្រុមហ៊ុន Nippon Steel ក្នុង​កិច្ចព្រមព្រៀង​មាន​តម្លៃ​១៥​ពាន់​លាន​ដុល្លារ មុន​ពេល​ត្រូវ​បាន​រារាំង​ដោយ​ប្រធានាធិបតី​អា​មេ​រិ​ក លោក ចូ បៃ​ដិ​ន (Joe Biden) កាល​លោក​នៅ​កាន់​តំណែង លើ​ហេតុផល​សន្តិសុខ​ជាតិ​។

មន្ត្រី​សេត​វិមាន​បាន​អះអាង​ថា លោក ត្រាំ បាន​បញ្ចុះបញ្ចូល​ក្រុមហ៊ុន Nippon Steel ឱ្យ​ជំរុញ​ការ​វិនិយោគ​របស់​ខ្លួន​នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក និង​ផ្តល់​ឱ្យ​រដ្ឋាភិបាល​នូវ​គន្លឹះ​សំខាន់​ៗ​ជុំវិញ​ប្រតិបត្តិការ​នៃ​រោងចក្រ​នៅ​សហរដ្ឋអាមេរិក​។ បើ​យោង​ទៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​មេ​រិ​កបាន​រាយការណ៍​ថា ប្រទេស​ជប៉ុន​គ្រោង​នឹង​វិនិយោគ​១៤​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​១៤​ខែ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ