ប្រធានសភា(ឌូមា) រុស្ស៊ី លោកបូរីស ហ្គ្រី ស្លូវថ្លែងកាលពីថ្ងៃទី៦ តុលា ថា គណបក្សកាន់អំណាចគឺគណបក្សរុស្ស៊ីរូបរួមគ្រោងជ្រើសរើសជាផ្លូវការនាខែវិច្ឆិកា ខាងមុខនេះនូវរូបលោកនាយករដ្ឋមន្ត្រីវ្ល៉ាឌីមៀរ ពូទីន ជាបេក្ខជនសម្រាប់ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី។
ពីដំបូងគណបក្សនេះគ្រោងជ្រើសរើសលោកពូទីន ជាបេក្ខជនក្រោយការបោះឆ្នោតសភាដែលគ្រោងធ្វើនាថ្ងៃទី៤ ធ្នូ ។ ក្នុងសន្និសីទសារព័ត៌មានមួយនាទីក្រុងទូឡា ប្រធានសភារុស្ស៊ីថ្លែងថា យើងបានព្រមព្រៀងគ្នារួចហើយលើបេក្ខភាពប្រធានាធិបតី ហើយនោះគឺលោកវ្ល៉ាឌីមៀរពូទីន ។ ពេលណាកាលបរិច្ឆេទនៃការបោះឆ្នោតត្រូវបានប្រកាសនោះយើងនឹងបើកកិច្ចប្រជុំមួយ។
លោកហ្គ្រីស្លូវ ដែលក៏ជាប្រធានរបស់ក្រុមប្រឹក្សាជាន់ខ្ពស់នៃគណបក្សរុស្ស៊ីរួបរួមដែរនោះបន្តថា សម័យប្រជុំលើកទី៣របស់សមាជគណបក្សរុស្ស៊ីរួបរួមអាចប្រព្រឹត្តទៅនាដំណាច់ខែវិច្ឆិកា។
ក្នុងសមាជគណបក្សរុស្ស៊ីរួបរួមកាលពីខែកញ្ញា កន្លងមកនេះប្រធានាធិបតីរុស្ស៊ីលោកឌីមីឌ្រី ម៉េដវេដេវ បានបដិសេធលទ្ធភាពនៃការឈរឈ្មោះរបស់លោកសម្រាប់អាណត្តិទី២ ហើយលោកបានសំដែងពីការគាំទ្រទាំងស្រុងចំពោះលោកពូទីន។ ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីនាពេលខាងមុខនេះគ្រោងធ្វើនាថ្ងៃទី៤ មីនា ឆ្នាំ២០១២៕
ចែករំលែកព័តមាននេះ