រាជធានីភ្នំពេញ ៖ អំណោយសង្គ្រោះបន្ទាន់របស់សម្តេចតេជោហ៊ុន សែន ត្រូវបានលោកជំទាវទូច សារ៉ុម អភិបាលរងរាជធានីភ្នំពេញ និងលោកនុត ពុធដារ៉ា អភិបាលរងខណ្ឌឫស្សីកែវ ព្រមទាំងមន្ត្រីរាជការអាជ្ញាធរ មូលដ្ឋាននាំយកទៅចែកជូនប្រជាពលរដ្ឋចំនួន៩៥គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់នៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី៧ តុលា។ ពិធីនេះបានរៀបចំឡើងនៅទីទួលសុវត្ថិភាព ចំណុចស្ពានលេខ២ សង្កាត់ព្រែកលៀបដោយជិះទូកចុះទៅចែកផ្ទាល់ដល់លំនៅឋានរបស់ប្រជាពលរដ្ឋរងគ្រោះ។ អំណោយ ដែលនាំទៅចែកជូនក្នុងឱកាសនោះក្នុង១គ្រួសារ ទទួលបានអង្ករ២០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ១យួរ និងថវិកាចំនួន១ម៉ឺនរៀល។
លោកអឿ ស៊ីផុន ចៅសង្កាត់ស្តីទីព្រែកតាសេក បានឱ្យដឹងថា នេះជាលើកទី៤ ហើយដែលសាលារាជធានីភ្នំេពញ និងគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ នាំអំណោយមកចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងសង្កាត់ព្រែកតាសេក។ នេះជាការយកចិត្តទុកដាក់របស់សម្តេចតេជោហ៊ុន សែន និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដើម្បីជួយសម្រួលការរស់នៅបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។
លោកជំទាវទូច សារ៉ុម អភិបាលរង រាជធានីភ្នំពេញ បានឱ្យដឹងថា អំណោយដែលនាំមកចែកជូនដល់បងប្អូនរងគ្រោះនៅពេលនេះជាអំណោយដ៏ថ្លាថ្លៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដើម្បីជួយជាបន្ទាន់ដល់បងប្អូនរងគ្រោះដែលកំពុងជួបការលំបាក។
លោកជំទាវក្នុងនាមលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ ក៏បានសំដែងនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខលំបាករបស់បងប្អូន ដែលនេះជាគ្រោះថ្នាក់ធម្មជាតិធ្វើឱ្យប្រជាពលរដ្ឋស្ទើរទូទាំងប្រទេសបានរងគ្រោះដោយទឹកជំនន់។ លោកជំទាវទូច សារ៉ុម បានបន្តទៀតថា អំណោយទាំងនេះវាតិចតួចមែនតែអាចជួយសម្រួលការលំបាករបស់បងប្អូនបានមួយគ្រា ម្យ៉ាងទៀតបញ្ជាក់ពីការយកចិត្តទុកដាក់ និងចូលរួមចំណែកយ៉ាងសកម្ម ពីសំណាក់សម្តេច និងលោកជំទាវ ដែលតែងតែគិតគូរចំពោះការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់៕
ចែករំលែកព័តមាននេះ