ខេត្តក្រចេះ ៖ យុវជនជាអ្នកដើររើសអេតចាយម្នាក់ បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ដោយសារផ្ទុះគ្រាប់៦០មីល្លីម៉ែត្រ ខណៈពេលគាស់កាយដី ដើម្បីយកដែកលក់។ មន្រ្តីប៉ូលិសស្រុកស្នួលនិយាយថា ហេតុការណ៍ផ្ទុះគ្រាប់នេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៦ តុលា នៅចំណុចព្រៃចម្ការកៅស៊ូក្នុងភូមិច្រាបថ្មី ឃុំ២ធ្នូ ស្រុកស្នួល។ យុវជនរងគ្រោះរូបនេះ ត្រូវបានគេស្គាល់ថាឈ្មោះអិុត រ៉ាវី អាយុ១៧ឆ្នាំ ជាខ្មែរអ៊ិស្លាម មានទីលំនៅក្នុងឃុំ២ធ្នូ ស្រុកស្នួល។
លោកអនុសេនីយ៍ឯក ម៉ែន ប៊ុនធឿន អធិការស្តីទីនគរបាលស្រុកស្នួលបានឱ្យដឹងថា ជនរងគ្រោះស្លាប់នៅនឹងកន្លែង ខណៈពេលដែលគ្រាប់បានផ្ទុះ ហើយសមត្ថកិច្ចសន្និដ្ឋានថា ជាប្រភេទក្បាលគ្រាប់៦០មីល្លីម៉ែត្រ ដែលកប់ដីតាំងពីយូរមកហើយ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះមានគ្នាបួននាក់បានដើររើសអេតចាយក្នុងព្រៃកៅស៊ូខាងលើ ប្រដាប់ដោយម៉ាស៊ីនស្រូបដែកម្នាក់មួយ ហើយពួកគេបានបំបែកគ្នាដើររុករកដែកអេតចាយពេញក្នុងព្រៃកៅស៊ូនោះ។ ជនរងគ្រោះបានដើររុករកតែម្នាក់ឯង និងបានប្រទះឃើញគ្រាប់ដែលកប់ក្នុងដីតែសង្ស័យថាជាដែកក៏យកចបកាប់ដីកាយយក។ ខណៈពេលកំពុងតែកាប់ ក៏ប៉ះចំក្បាលគ្រាប់បង្កឱ្យផ្ទុះលាន់រំពងពេញព្រៃកៅស៊ូ ហើយជនរងគ្រោះក៏ស្លាប់បាត់បង់ជីវិត៕
ចែករំលែកព័តមាននេះ