ក្រុងប៉ោយប៉ែត ៖ បន្ទាប់ពីជំនន់ទឹកភ្លៀងនិងទឹកបានហូរបុកចេញពីអូរព្រំដែនកាន់តែខ្លាំង ធ្វើឱ្យអ្នកភូមិមួយចំនួន ពិសេសភូមិប៉ោយប៉ែត សង្កាត់-ក្រុងប៉ោយប៉ែត កំពុងប្រឈមនឹងការលំបាកដោយពេលនេះ ទឹកឡើងលិចត្រឹមទ្រូងមនុស្សចាស់ ហើយលំនៅឋានដែលគេធ្វើខ្ពស់ៗដើម្បីបញ្ចៀសទឹកជំនន់នោះក៏ពុំអាចទប់ទល់ស្ថានភាពនេះបានដែរ។
ខណៈមានការជន់លិចយ៉ាងគំហុកនេះគេឃើញសំរាមអណ្តែតត្រៀបត្រាលើផ្ទៃទឹក ចំណែកអាជ្ញាធរក្រុងកំពុងមានវិធានការចាត់ចែងប្រជាពលរដ្ឋឱ្យរកទីទួលសុវត្ថិភាព។ លោកស្រីស៊ិន ណាំយ៉ុង មេភូមិប៉ោយប៉ែត បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅព្រឹកទី៧ តុលា នេះ ថា ប្រជាពលរដ្ឋក្នុងភូមិរបស់គាត់ដែលរងការជន់លិចលំនៅឋាននោះ គឺមាន៥០ភាគរយ ហើយក្នុងចំណោមប្រជាពលរដ្ឋទាំងអស់ដែលមានចំនួន៩៦២គ្រួសារ ។ លោកស្រីប្រាប់ថា ពេលនេះអាជ្ញាធរក្រុងប៉ោយប៉ែតបានឱ្យក្រុមការងារប្រកាសប្រាប់ប្រជាពលរដ្ឋឱ្យនាំគ្នាឡើងទៅរកទីទួលសុវត្ថិភាពជាបណ្តោះអាសន្ន។
ទោះបីជាបែបណា ការជំនន់លិចនេះពុំទាន់បង្កឱ្យនរណាម្នាក់ស្លាប់ ឬរងរបួសនៅឡើយទេ ចំណែកឯប៉ុស្តិ៍ប៉ូលិសព្រំដែននាពេលនេះក៏ទទួលរងការជន់លិចផងដែរ។
ក្រៅពីភូមិប៉ោយប៉ែត នៅមានភូមិមួយចំនួនទៀតស្ថិតនៅខាងត្បូងផ្លូវជាតិលេខ៥ ក៏កំពុងរងការជន់លិចជាបណ្តើរហើយ៕
ចែករំលែកព័តមាននេះ