រាជធានីភ្នំពេញ ៖ បើតាមគម្រោងគឺលោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ នឹងដឹកនាំមន្ត្រីជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ADMM-Retreat (អេ.ឌី.អឹម.អឹម.រី.ទ្រីត) នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ីនាថ្ងៃទី២៣ តុលា ២០១១ ខាងមុខនេះ ។
គួររំលឹកឡើងវិញថា កាលពីព្រឹកថ្ងៃទី៥ តុលា ២០១១ លោកឧត្តមនាវីឯកហ្គូ ណាឌី ប្រេសិតពិសេសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ី បានប្រគល់លិខិតអញ្ជើញនិងជម្រាបជូនដល់លោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់ អំពីរបៀបវារៈនៃកិច្ចប្រជុំ ADMM-Retreat នៅឥណ្ឌូណេស៊ីរួចមកហើយ។ ជាមួយនឹងកិច្ចប្រជុំនេះ ប្រទេសឥណ្ឌូនេស៊ីក៏នឹងរៀបចំផងដែរនូវពិធីតាំងពិព័រណ៍អាស៊ាន ដែលចូលរួមបើកដោយប្រធានាធិបតីឥណ្ឌូណេស៊ី ហើយក្រៅពីនេះទៀត រដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ នឹងត្រូវជួបប្រជុំជាមួយនឹងរដ្ឋមន្ត្រីក្រសួងការពារប្រទេសសហរដ្ឋអាមេរិកថែមទៀត។
មានប្រសាសន៍ឆ្លើយតបវិញ លោកទៀ បាញ់ បានឯកភាពចំពោះការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូណេស៊ី ដោយលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិកម្ពុជា បានចាត់ទុកថា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន គឺជាព្រឹត្តិការណ៍មួយយ៉ាងសំខាន់ ហើយកម្ពុជាត្រូវទទួលកិច្ចការនេះបន្ត សំរាប់រៀបចំធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំ២០១២។
លោករដ្ឋមន្រ្តីការពារ ជាតិ ទៀ បាញ់ ក៏បានលើកឡើងផងដែរពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងការទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ដែលត្រូវមានភារកិច្ចមកត្រួតពិនិត្យក្នុងតំបន់គ្មានកងទ័ពនៅតំបន់ប្រាសាទព្រះវិហារ។ លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះសភាពការណ៍នៅតាមព្រំដែនមានភាពធូរស្រាល ហើយភាគីទាំង២ដែលឈរជើងនៅព្រំដែនក៏បានធ្វើទំនាក់ ទំនងល្អជាមួយគ្នាឡើងវិញដែរ៕
ចែករំលែកព័តមាននេះ