អង្គការអូតង់កាលពីថ្ងៃទី៦ តុលា បានសម្តែងក្តីសង្ឃឹមថា បេសកកម្មរបស់ខ្លួននៅលីប៊ី នឹងបញ្ចប់ក្នុងពេលដ៏ឆាប់ខាងមុខដោយបញ្ជាក់ថា ការសម្រេចចិត្តនឹងផ្អែកលើការវាយតម្លៃ ចំពោះការគំរាមកំហែងលើប្រជាជនស៊ីវិល និងសមត្ថភាពរបស់អាជ្ញាធរថ្មីលើការធានាសន្តិសុខ។
រដ្ឋមន្ត្រីការពារប្រទេសអាមេរិកលោក LEON PANETTA និយាយពីកុងសង់ស៊ុសច្បាស់គួរសមមួយក្នុងចំណោមរដ្ឋមន្ត្រីការពារប្រទេសរបស់បណ្តាប្រទេសជាសមាជិកអូតង់ក្នុងកិច្ចប្រជុំមួយនៅទីក្រុងព្រូសែលប្រទេសបែលហ្ស៊ិក ។
ក្នុងចំណោមបញ្ហាដែលនាំឱ្យអូតង់ពុំទាន់អាចបញ្ឈប់បេសកកម្មរបស់ខ្លួននៅលីប៊ីរដ្ឋមន្ត្រីការពារប្រទេសអាមេរិកបានរៀបរាប់ពីវាសនារបស់ទីក្រុង SYRTE ជាទីក្រុងកំណើតរបស់លោកមូអាម៉ា កាដាហ្វី ដែលនៅទីនោះកង កម្លាំងក្រុមប្រឹក្សាជាតិបណ្តោះអាសន្នលីប៊ី CNT ជួបប្រទះនឹងការវាយទប់ទល់យ៉ាងខ្លាំងក្លាពីសំណាក់ពួកយុទ្ធជនដែលនៅតែស្មោះត្រង់នឹងលោកកាដាហ្វី ។ លោក PANETTA ក៏លើកឡើងផងដែរពីការគំរាមកំហែងដែលនៅបន្តរបស់របបចាស់មកលើប្រជាជនស៊ីវិលនិងពីសមត្ថភាពរបស់អាជ្ញាធរថ្មីក្នុងការធានាសន្តិសុខ។
សេនាប្រមុខ JAMES STAWRIDIS មេបញ្ជាការរបស់អូតង់គូសបញ្ជាក់ថា អូតង់នៅពុំទាន់កំណត់កាលបរិច្ឆេទច្បាស់លាស់មួយឡើយ និងថាការសម្រេចចិត្តខាងនយោបាយមួយនឹងធ្វើដោយផ្អែកលើអនុសាសន៍ខាងយោធាទាំងឡាយ ។
រដ្ឋមន្ត្រីការពារប្រទេសបារាំងលោក GERARD LONGUET បញ្ជាក់ថា នៅពុំទាន់គ្រប់គ្រាន់នៅឡើយ សម្រាប់បញ្ចប់អន្តរា គមន៍របស់អូតង់ ទោះបីជាទីក្រុង SYRTE អាចវាយដណ្តើមយកបានក្តី ។ លោកបន្តថា ទីក្រុង SYRTE ពុំមែនជាប្រទេសលីប៊ីទាំងមូលឡើយ ។ នៅមានការតស៊ូស្និទ្ធលោកកាដាហ្វីក្នុងទីក្រុងបានីវ៉ាលីដ ជាឧទារណ៍ និងនៅមានចលនាប្រឆាំងឯទៀតៗនៅភាគខាងត្បូងលីប៊ី៕
ចែករំលែកព័តមាននេះ