បណ្តាផ្សារហ៊ុននិងទំនិញនានាបានងើបឡើងវិញនាថ្ងៃទី៦ តុលា បន្ទាប់ពីមានព័ត៌មានសុទិដ្ឋិនិយមពីទ្វីបអឺរ៉ុបក្នុងការគ្រប់គ្រងវិបត្តិប្រាក់បំណុលក្នុងតំបន់ និងទិន្នន័យសេដ្ឋកិច្ចអាមេរិកល្អប្រសើរជាងការរំពឹងទុក។ តម្លៃប្រាក់អឺរ៉ូប្រែប្រួលតម្លៃល្អប្រសើរបន្តិចធៀបជាមួយប្រាក់ដុល្លារ មុនពេលកិច្ចប្រជុំរបស់ធនាគារកណ្តាលអឺរ៉ុប។
ផ្សារហ៊ុនពិភពលោកទាំងមូលបានកើនឡើង០,៩ភាគរយ គិតត្រឹមម៉ោង៣និង៥នាទីម៉ោងនៅក្នុងទីក្រុងតូក្យូ។ ចំណែកផ្សាហ៊ុនអាមេរិកStandard&Poor 500 កើនឡើងបន្តិចតិចជាង០,១ភាគរយ ស្របពេលក្រុមហ៊ុន Apple បានធ្លាក់ចុះប្រហែល៥,៣ភាគរយក្នុងការជួញដូរក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីក្រុមហ៊ុនប្រកាសថា ស្ថាបនិក Steve Jobs ស្លាប់ក្នុងអាយុ៥៦ឆ្នាំ ដោយសារជំងឺមហារីក។ ចំណែកតម្លៃប្រាក់អឺរ៉ូប្តូរបាន១,៣៣៤៤ដុល្លារក្នុងមួយអឺរ៉ូឡើងថ្លៃពីថ្ងៃទី៥តុលា ដែលប្តូរបាន ១,៣៣៤៨ដុល្លារក្នុងមួយអឺរ៉ុប។ ចំណែកផ្សារហ៊ុន S&P GSCI ក្នុងវិស័យទំនិញបានកើនឡើង០,៤ភាគរយ ស្របពេលស្ពាន់កើនឡើង២,២ភាគរយ បន្ទាប់ពីធ្លាក់ចុះស្ទើរពេញមួយសប្តាហ៍។
មន្ត្រីសហភាពអឺរ៉ុបកំពុងពង្រីកមូលធនរបស់ធនាគារដើម្បីទប់ស្កាត់វិបត្តិប្រាក់បំណុល។ នេះបើតាម IMF។ អ្នកវិនិយោគកំពុងទន្ទឹងរង់ចាំទិន្នន័យការងារដើម្បីវាស់ស្ទង់កម្លាំងនៃការស្តារសេដ្ឋកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីមានព័ត៌មានចេញផ្សាយកាលពីថ្ងៃទី៥ តុលាថា មានការកើនឡើងលឿនជាងការរំពឹងទុកទាំងផ្នែកប្រាក់ខែ និងឧស្សាហកម្មការងារ ។ តែអាមេរិកពេលនេះក៏បាត់បង់អ្នកបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាដែលមានតម្លៃបំផុតលើលោកគឺក្រុមហ៊ុន Apple ដោយបាត់បង់ស្ថាបនិក Steve Jobs។
ទីផ្សារចាប់ផ្តើមមានសុទិដ្ឋិនិយមបន្តិចដោយសារក្តីសង្ឃឹមលើអ្នកនយោបាយអឺរ៉ុបក្នុងការស្វែងរកដំណោះស្រាយ ជាពិសេសការដោះស្រាយ ចំពោះធនាគារអឺរ៉ុប។ នេះបើតាមសំដីរបស់លោក Tim Schroeders ជាប្រធានក្រុមហ៊ុន Pengana Capital Ltd ក្នុងទីក្រុងMelbourn។ គាត់បន្តថា ទិន្នន័យចុងក្រោយរបស់សហរដ្ឋអាមេរិក ជាសញ្ញាមួយល្អ ហើយថា សេដ្ឋកិច្ចអាមេរិកមានលំនឹងហើយ។
ចំណែកផ្សារហ៊ុនអឺរ៉ុប Stoxx Europe 600 កើនឡើង០,៥ភាគរយ ។ ឯផ្សារហ៊ុនអាល្លឺម៉ង់កើនឡើង០,៦ភាគរយ ឯនៅបារាំងវិញCAC 40 កើនឡើង០,៩ភាគរយ ស្របពេលផ្សារហ៊ុននៅអង់គ្លេស FTSE 100 កើនឡើង០,៧ភាគរយ។
ចំណែកផ្សារហ៊ុននៅអាស៊ីវិញ ដូចជាផ្សារហ៊ុនអាស៊ីប៉ាស៊ីហ្វិក MSCI កើនឡើង២,៩ភាគរយ ឯផ្សារហ៊ុនជប៉ុន Nikkei 225 កើនឡើង១,៧ភាគរយ អូស្រ្តាលី S&P/ASX កើនឡើង៣,៧ភាគរយ ចំណែកផ្សារហ៊ុនកូរ៉េខាងត្បូង Kospi កើនឡើង២,៦ភាគរយ។ ចំណែកផ្សារហ៊ុនហុងកុង Hang Seng កើនឡើង៥ភាគរយ ស្របពេលផ្សារហ៊ុនចិន និងឥណ្ឌាបិទទ្វារ។
សេវាការងារ ADP បង្ហាញថា ក្រុមហ៊ុននៅសហរដ្ឋអាមេរិកបានបន្ថែមបុគ្គលិកចំនួន៩១.០០០នាក់ក្នុងខែកញ្ញា។ តម្លៃប្រេងកើនឡើង០,៦ភាគរយ មានតម្លៃ៨០,១៥ដុល្លារក្នុងមួយបារ៉ែលនៅទីផ្សារញូវយ៉ក៕
ចែករំលែកព័តមាននេះ