ខេត្តកណ្តាល ៖ បុរសម្នាក់ត្រូវរថយន្តកៀបដាច់ជើងឆ្វេងត្រឹមក្បាលជង្គង់ ខណៈកំពុងតែដេកលក់ នៅចន្លោះពេលគាត់ផ្ទេរការបើកបរនោះទៅឱ្យបុរសម្នាក់ទៀត បើកបរជំនួសស្រាប់តែអ្នកបើកបរនោះបើកទៅបុករថយន្តកុងតឺន័រ ដែលឈប់កណ្តាលផ្លូវ បណ្តាលឱ្យខ្លួនជាអ្នកដេកលក់ជួបគ្រោះអាក្រក់បែបនេះ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៤៤នាទីទៀបភ្លឺ ថ្ងៃទី១៧ សីហា ឆ្នាំ២០១១ កន្លងមកស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល។ ទោះបីព័ត៌មាននេះបានកន្លងជិត២ខែ ទៅហើយក្តីតែវាជាមេរៀនមួយបង្ហាញជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍មិនអាចមើលរំលងបានទេ។
បុរសរងគ្រោះដាច់ជើងឈ្មោះសែន ប៊ុនធា អាយុ៣៨ឆ្នាំ ជាអ្នកបើកបររថយន្តដឹកទំនិញពីភ្នំពេញទៅរតនគិរី មានស្រុកកំណើតភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ គាត់បានឱ្យដឹងថា ការបើកបររថយន្តដឹកទំនិញពីភ្នំពេញទៅរតនគិរី គឺរថយន្តមួយមានអ្នកបើកបរពីរនាក់សម្រាប់ផ្លាស់ប្តូរគ្នា។ នៅថ្ងៃកើតហេតុគាត់បើកតាំងពីខេត្តរតនគិរីមកដល់ថ្នល់ទទឹងទើបដូរឱ្យអ្នកបើកបររថយន្តម្នាក់ទៀតឈ្មោះឡូញ អាយុ២៦ឆ្នាំ ជាអ្នកបើកម្តង ហើយគាត់ក៏ដេកលក់ទៅ។ ពេលបុរសនោះបើកបរមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលល្បឿនបុករថយន្តកុងតឺន័រ ដែលឈប់ចតនៅកណ្តាលផ្លូវ ហើយអត់មានដាក់ស្លាកសំគាល់ទេ ធ្វើឱ្យរថយន្តក្រពឹត កៀបជើងរបស់គាត់ដាច់ និងបាក់ជាពីរកំណាត់។
ប្រភពដដែលបន្តថា ក្រោយហេតុការណ៍អ្នកបើកបរនោះបានរត់គេចខ្លួនបាត់ នៅសល់តែអ្នករងរបួសម្នាក់ឯងហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ កាលពីថ្ងៃទី១៨ សីហា រហូតមក។ ជនរងគ្រោះបន្តទៀតថា គាត់មានកូន៥នាក់ បួសជាសង្ឃ២នាក់ ហើយគាត់មានជីវភាពក្រីក្រណាស់ គ្មានកន្លែងស្នាក់នៅ ត្រូវយកកូនទាំងបីនាក់មកនៅក្នុងមន្ទីរពេទ្យជាមួយដែរ ថ្ងៃខ្លះក៏មានបាយហូប ថ្ងៃខ្លះមិនមានអីហូបទេ បានអ្នកជំងឺនៅជិតខាងឱ្យ។ មិនតែប៉ុណ្ណោះមានបងប្អូនអ្នកឈឺទៅសួរសុខទុក្ខឃើញគាត់មានជីវភាពខ្វះខាតបានទាក់ទងអង្គការគ្រួសារថ្មីឱ្យជួយយកកូនទៅចិញ្ចឹម ប៉ុន្តែអង្គការទទួលយកតែ២នាក់ប៉ុណ្ណោះ ដោយកូនម្នាក់ទៀតតូចពេកអង្គការមិនអាចទទួលបាន។
គាត់ត្អួញត្អែរថា កាលពីគ្រោះថ្នាក់ដំបូងគេសងថ្លៃព្យាបាលបានចំនួន៥០០ដុល្លារអាមេរិក ប៉ុន្តែប្រាក់នោះអស់យូរហើយ មានថ្ងៃខ្លះគ្រូពេទ្យឃើញគាត់អត់ពេកឱ្យប្រាក់១ម៉ឺនរៀល គ្រាន់ទិញបាយហូបក៏មានដែរ៕
ចែករំលែកព័តមាននេះ