ខេត្តមណ្ឌលគិរី ៖ បុរសម្នាក់ត្រូវប្រជាពលរដ្ឋរស់នៅផ្សារកែវសីមា ចាប់ខ្លួនបានខណៈពេលដែលបុរសម្នាក់នោះ ព្យាយាមលបលួចឡើងទៅលើដំបូលផ្ទះរបស់អ្នកភូមិម្នាក់នៅពេលយប់ ដើម្បីលួចមើលស្រីៗងូតទឹកតែត្រូវម្ចាស់ផ្ទះទាន់ ហើយស្រែកឆោឡោផ្អើលដល់មនុស្សតាមផ្លូវ ហើយចាប់ឃាត់ខ្លួនបញ្ជូនទៅ ប៉ុស្តិ៍រដ្ឋបាលឃុំស្រែខ្ទុម កាលពីវេលាម៉ោង២០និង៥៥នាទី ថ្ងៃទី៥ តុលា ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។
លោកជិន សុខន នាយប៉ុស្តិ៍រដ្ឋបាលស្រែខ្ទុមបានឱ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងពីប្រជាពលរដ្ឋរួចមក លោកបានបញ្ជាកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចុះទៅចាប់ខ្លួនជនសង្ស័យនោះ ដែលជាប់ចោទប៉ុនប៉ងចូលលួចក្នុងផ្ទះប្រជាពលរដ្ឋ។លោកនាយប៉ុស្តិ៍បាននិយាយថា ហេតុការណ៍នេះបានកើតឡើងខណៈពេលម្ចាស់ផ្ទះកំពុងជាប់រវល់មើលទូរទស្សន៍ ហើយជនសង្ស័យបានឆ្លៀតពេលម្ចាស់ផ្ទះមិនចាប់អារម្មណ៍ ក៏លួចឡើងតាមបង្គោលភ្លើងឆ្លងតាមសំយាបផ្ទះស្រាប់តែភ្លាត់ជើងជាន់ស័ង្កសីឮសូប្រាវៗ ធ្វើឱ្យម្ចាស់ផ្ទះឆោឡោឡើងក៏ស្រែកភ្ញាក់ផ្អើលដល់អ្នកជិតខាង ចេញមកមើលឃើញក៏ព័ទ្ធចាប់បាននៅហ្នឹងកន្លែងតែម្តង។ ទម្រាំតែប៉ូលិសមកដល់ ជនសង្ស័យម្នាក់នេះត្រូវប្រជាពលរដ្ឋស្រឿសរសៃម្នាក់១ដៃ១ជើងទ្រោមខ្លួន។
បើតាមសម្តីរបស់ជនសង្ស័យបានសារភាពថា ខ្លួនមិនមានបំណងចូលលួចអ្វីនោះទេ គឺគ្រាន់តែឡើងទៅលួចមើលនារីៗងូតទឹកនៅក្នុងបន្ទប់ទឹកផ្ទះសំណាក់យីហោ កែវសីមា១ប៉ុណ្ណោះ។ ជនសង្ស័យនេះឈ្មោះក្លាង រិទ្ធ អាយុ២៣ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកកែវសីមា បច្ចុប្បន្នស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកម្ចាស់ផ្ទះឈ្មោះហែម កុសែម ភេទប្រុស អាយុ៣៦ឆ្នាំ ជាមន្ត្រីនគរបាលព្រំដែន។ បច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕
ចែករំលែកព័តមាននេះ