រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បំពាក់គ្រឿងឥស្សរិយយសសហមេត្រីថ្នាក់មហាសិរីវឌ្ឍន៍ជូនចំពោះលោកជំទាវ Eva Mysliwiec ប្រធានស្ថាបនិកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកម្ពុជា ហៅកាត់ CDRI ដែលបានជួយបណ្តុះបណ្តាលធនធានមនុស្ស និងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជាជាង៣០ឆ្នាំកន្លងមកនេះ ។ ពិធីបំពាក់គ្រឿងឥស្សរិយយសនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកបណ្ឌិត សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីកាលពីរសៀលថ្ងៃទី៥ តុលា នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
លោកឯក ថា អ្នកនាំពាក្យជាអនុប្រធាននាយកដ្ឋានព័ត៌មាននៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សទីស្តីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា លោកជំទាវ Eva Mysliwiec បានមកកម្ពុជាតាំងពីឆ្នាំ១៩៨០ ដោយបានជួយធ្វើការងារផ្នែកមនុស្សធម៌ និងបណ្តុះបណ្តាលធនធានមនុស្ស ហើយបានបើកវិទ្យាស្ថាន CDRI និងបើកសមាគមយុវជនកម្ពុជា ។
លោកបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្តថា លោកជំទាវបានចូលរួមវិភាគទានជួយអភិវឌ្ឍប្រទេសកម្ពុជា ដូចជាការស្រាវជ្រាវបញ្ហាសេដ្ឋកិច្ច លើទីផ្សារសេរី និងការចូលរួមផ្នែកមនុស្សធម៌ជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង៣០ឆ្នាំកន្លងមក ។
ដោយមើលឃើញពីគុណបំណាច់របស់លោកជំទាវក្នុងការចូលរួមការងារជួយដល់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានបំពាក់គ្រឿងឥស្សរិយយសនេះជូនក្នុងការដឹងគុណបំណាច់ដែលលោកជំទាវបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រទេសកម្ពុជាក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ។
វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍកម្ពុជាដែលលោកជំទាវបង្កើតឡើងក្នុងគោលបំណងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ឱ្យមានសមត្ថភាពក្នុងការងារ ។ នៅ៥ឆ្នាំដំបូងវិទ្យាស្ថានបានផ្តោតទៅលើការហ្វឹកហ្វឺនដល់មន្ត្រីរាជរដ្ឋាភិបាលឱ្យពួកគេមានសមត្ថភាពបំពេញការងារ។ កម្មវិធីនេះ គឺបណ្តុះបណ្តាលអំពីផែនការ អភិវឌ្ឍសេដ្ឋកិច្ចការបើកទូលំទូលាយទីផ្សារសេរីសម្រាប់ឱ្យមានសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា៕
ចែករំលែកព័តមាននេះ