ខេត្តកណ្តាល ៖ អ្នកបើករថយន្តដឹកទឹកកកព្រោះតែខឹងអ្នកបើករថយន្តដឹកស្ករសចតបាំងផ្លូវ បាននាំគ្នាព្រួតវាយក្រុមអ្នកបើករថយន្តដឹកស្ករសបណ្តាលឱ្យរងរបួសធ្ងន់និងស្រាល៣នាក់ រួចហើយទើបនាំគ្នាបើករថយន្តរត់គេចខ្លួន ប៉ុន្តែគេចមិនបានប៉ុន្មានថ្ងៃផង ក៏ត្រូវនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនបានម្នាក់ក្នុងចំណោមបក្សពួកពីរនាក់ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី៥ តុលា ឆ្នាំ២០១១ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ប្រភពពីមន្ត្រីប៉ូលិសខេត្តបានឱ្យដឹងថា ជនដែលត្រូវបានឃាត់ខ្លួននេះឈ្មោះយុទ្ធ ពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកបើករថយន្តដឹកទឹកកកមានទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ចំណែកបក្សពួកម្នាក់ទៀត ដែលរត់គេចខ្លួន ឈ្មោះខុន ប៊ុន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិព្រែហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ ជនរងគ្រោះខាងរថយន្តដឹកស្ករស មាន១-ឈ្មោះស៊ីម វ៉ាត ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិព្រាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត ជាអ្នកបើកបររងរបួសធ្ងន់ ២-ឈ្មោះណាត លី ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប និង៣-ឈ្មោះគង់ សាឡៃ ភេទប្រុស នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ អ្នកទាំងពីរនាក់ក្រោយនេះ ជាកម្មកររថយន្តរងរបួសស្រាល។
មន្ត្រីប៉ូលិសបានឱ្យដឹងទៀតថា កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២ តុលា ភាគីជនរងគ្រោះខាងរថយន្តដឹកស្ករស បានចតរថយន្តនៅលើផ្លូវមួយខាងមុខឃ្លាំងស្ករសក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ហើយចងអង្រឹងដេកនៅក្បែររថយន្តនោះ។ នៅគ្រានោះដែរ មានរថយន្តដឹកទឹកកក បើកបរដោយឈ្មោះយុទ្ធ ពន្លឺ និងកម្មករម្នាក់ មកដល់ស៊ីផ្លេឱ្យរថយន្តដឹកស្ករសបើកផ្លូវឱ្យខ្លួនហើយអ្នកបើកបររថយន្តដឹកស្ករសភ្ញាក់ពីដេកឡើងក៏ទៅបញ្ឆេះរថយន្តមួយសន្ទុះដើម្បីឱ្យចូលខ្យល់ហ្វ្រាំងបូម។ ដោយសារតែចាំយូរពេកអ្នកបើកបររថយន្តដឹកទឹកកកជាមួយព្រូរថយន្តបានស្ទុះទៅវាយអ្នកបើកបររថយន្តដឹកស្ករសនិងដែកបំពង់ថ្ពក់ទឹកកកបណ្តាលឱ្យរយះក្បាល និងខ្លួន ហើយកម្មកររថយន្តដឹកស្ករស២នាក់ទៀតក៏រងបួសដែរ ដោយសារអ្នកបើកបរនិងព្រូរថយន្តដឹកទឹកកកវាយ។
មន្ត្រីប៉ូលិសបានឱ្យដឹងទៀតថា បន្ទាប់ពីព្រួតគ្នាវាយគេឱ្យរងរបួសហើយ ក៏នាំគ្នាបើករថយន្តគេចខ្លួនតែម្តង ប៉ុន្តែដោយសារជនរងគ្រោះស្គាល់អត្តសញ្ញាណក្រុមជននេះក៏មកប្តឹងប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលឱ្យជួយចាត់ការ ហើយប៉ូលិសស្រាវជ្រាវចាប់ខ្លួនបានម្នាក់ឈ្មោះយុទ្ធ ពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ ជាអ្នកបើកបររថយន្តដឹកទឹកកក ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់។ ជនឈ្មោះយុទ្ធ ពន្លឺ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ហើយនៅល្ងាចថ្ងៃទី៥ តុលា តុលាការបានសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន៕
ចែករំលែកព័តមាននេះ