ខេត្តតាកែវ ៖ កោះសន្តិភាពបានចុះផ្សាយ១លេខរួចមកហើយ ករណីប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់ចោរកាច់សោម៉ូតូតាមវាលស្រែវាយរហូតស្លាប់ម្នាក់ និងប៉ូលិសចាប់ខ្លួនបានម្នាក់ ខណៈក្រុមជនសង្ស័យកាច់សោម៉ូតូបានហើយតែរត់មិនរួច ។
លោកវរសេនីយ៍ត្រី ង៉ាន់ សារី អធិការនគរបាលស្រុកបាទី បានឱ្យដឹងថា នៅថ្ងៃទី៦ តុលា ជនសង្ស័យម្នាក់ដែលប៉ូលិសចាប់ខ្លួនបានឈ្មោះអង់ ចាន់ដារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលម្តុំបឹងត្របែក រាជធានីភ្នំពេញ បានសារភាពថា បក្សពួករបស់ខ្លួនមានចំនួន៤នាក់ បានធ្វើសកម្មភាពកាច់សោម៉ូតូនៅតាមវាលស្រែដែលប្រជាពលរដ្ឋបញ្ឈរទុកនៅលើភ្លឺស្រែចំនួន៦លើក ធ្វើសកម្មភាពនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ២លើក បានម៉ូតូ២គ្រឿង នៅស្រុកបាទី ខេត្តតាកែវ ចំនួន៤លើកបានម៉ូតូ៤គ្រឿង ហើយរាល់ពេលធ្វើសកម្មភាពពួកគេតែងតែផ្លាស់ប្តូរគ្នាជានិច្ច ។
លោកអធិការនគរបាលស្រុកបានបន្តថា ជនជាបក្សពួកដែលប្រជាពលរដ្ឋវាយនោះឈ្មោះខ្នាក់ ភេទប្រុស អាយុប្រហែល៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលក្បែរគ្នា និងធ្លាប់ចូលរួមធ្វើសកម្មភាពកាច់សោម៉ូតូទាំង៦លើក ឯ២នាក់ទៀ តម្នាក់ឈ្មោះម៉ាប់ និងម្នាក់ទៀតអត់ស្គាល់ឈ្មោះទេ ។ ពួកគេរស់នៅកន្លែងផ្សេងគ្នា តែរាល់ពេលធ្វើសកម្មភាពបានម៉ូតូ ហើយនោះ ពួកគេលក់បានលុយតែងតែចែកគ្នាជា៤ចំណែកជានិច្ច ។
ពាក់ព័ន្ធនឹងក្រុមលួចកាច់សោម៉ូតូនេះ លោកអធិការបញ្ជាក់ថា ករណីលួចកាច់សោម៉ូតូចំនួន២លើកនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គឺខាងព្រហ្មទណ្ឌខេត្តកណ្តាលបានមកសហការជាមួយប៉ូលិសស្រុកបាទី ដើម្បីសហការជាមួយប៉ូលិសរាជធានីតាមចាប់ខ្លួនបក្សពួក២នាក់ទៀតដែលនៅសល់ហើយកំពុងរត់គេចខ្លួន។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ តុលា វេលាម៉ោង១១ព្រឹក ម្ចាស់ម៉ូតូឈ្មោះនិន ដានី ភេទប្រុស អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះស្រង់ មុំ អាយុ៤០ឆ្នាំ រស់នៅភូមិត្រាំពោ ឃុំពត់សរ ស្រុកបាទី បានបញ្ឈរម៉ូតូមួយគ្រឿងធុន C125 ស៊េរីឆ្នាំ២០០៨ ទុកនៅលើខ្នងប្រឡាយ។ ពេលនោះមានជនសង្ស័យ២នាក់ជិះម៉ូតូសង់កូរ៉េពណ៌ក្រហម១គ្រឿង បានធ្វើសកម្មភាពកាច់សោយកម៉ូតូរបស់គាត់ខណៈកំពុងអោនដកស្មៅក្នុងស្រែ តែនៅពេលងើបឡើងឃើញចោរជិះម៉ូតូរបស់គាត់ចេញទៅក៏ស្រែកឱ្យអ្នកមកមើលស្រូវដូចគ្នាជួយដេញចាប់ និងព័ទ្ធចាប់បានម្នាក់។ ដោយមានកំហឹង និងការស្អប់ខ្ពើមឈ្មោះថាចោរ ក្រុមប្រជាពលរដ្ឋបានព្រួតគ្នាវាយ១ដំបងម្នាក់រហូតស្លាប់នៅនឹងកន្លែង ។ សពជនសង្ស័យត្រូវបានលោកអធិការនគរបាលស្រុកជួលប្រជាពលរដ្ឋកប់នៅទួលក្បែរនោះ៕
ចែករំលែកព័តមាននេះ