ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ករណី​ចាប់​បង្ខាំង​ជនជាតិ​ចិន​ម្នាក់ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ក្នុង​នោះ​៣​នាក់​ជា​អ្នក​សារព័ត៌មាន

13 ម៉ោង មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ចាប់​ឃុំឃាំង​មនុស្ស​ដោយ​ខុសច្បាប់ កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​,…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ចាប់​ឃុំឃាំង​មនុស្ស​ដោយ​ខុសច្បាប់ កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​, ហិង្សា​ដោយ​ចេតនា និង​ប្រើប្រាស់​ស្លាក​លេខ​ក្លែង រហូត​ឈាន​ដល់​ការ​សង្គ្រោះ​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ម្នាក់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៤​នាក់ ក្នុង​នោះ​៣​នាក់ ជា​អ្នក​សារព័ត៌មាន ។

ជនសង្ស័យ​ទាំងនោះ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៥ ។

ការ​បង្ក្រាប​បទល្មើស​ចាប់​បង្ខាំង​ដោយ​ខុសច្បាប់​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ១៥​និង​០០​នាទី ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ចំណុច​ភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ បន្ទាប់​ពី​អាវុធហត្ថ​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ អំពី​ករណី​ចាប់​ជនជាតិ​ចិន​ម្នាក់ បញ្ចូល​ទៅ​ក្នុង​រថយន្ត ។ ភ្លាម​ៗ​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី បាន​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ឲ្យ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ ។

​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ហ៊ា​ង ដា​រ៉ា ប្រធាន​ស្ដីទី ដោយ​មានការ​សហការ​ពី​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់ និង​ស្រុក​កំពង់​សីលា ព្រមទាំង​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង ។

កម្លាំង​សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ឈ្មោះ Ye Honjun ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ទេសចរណ៍ ដែល​ទើបតែ​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​គ័ង​ចូ​វ ប្រទេស​ចិន ។

ទន្ទឹម​នឹង​នោះ កម្លាំង​ជំនាញ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន ០៤​នាក់ នៅ​ពីរ​ទីតាំង​ផ្សេង​គ្នា គឺ​នៅ​ចំណុច​គីឡូម៉ែត្រ​លេខ ១៥៩-១៦០ ក្នុងភូមិ​មនោ​រម្យ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ និង​នៅ​ចំណុច​ច្រក​ចេញចូល​ផ្លូវ​ល្បឿន​លឿន ក្នុងភូមិ​ចាំ​ស្រី ឃុំ​កំពង់​សីលា ស្រុក​កំពង់​សីលា ។​

ជនសង្ស័យ​ទាំង ០៤​នាក់ រួម​មាន ៖

១. ឈ្មោះ ឡាយ ធី ភេទ​ប្រុស អាយុ ៣១​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ចោម​ចៅ​៣ រាជធានី​ភ្នំពេញ​។​
២. ឈ្មោះ ម៉ុ​ត វិ​ន ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ​អ្នក​សារព័ត៌មាន “​គំនិត​ខ្មែរ​” រស់នៅ​ខេត្តកណ្តាល​។
៣. ឈ្មោះ ម៉ុ​ត រ៉ា​វី ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មុខរបរ​អ្នក​សារព័ត៌មាន​គេហទំព័រ “​ទូរទស្សន៍​អំណាច​ទាំង​៤” រស់នៅ​ខេត្តកណ្តាល​។​
៤. ឈ្មោះ នូ ចាន់​រ័​ត្ន ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ មុខរបរ​អ្នក​សារព័ត៌មាន “​សម្លេង​មាស​” រស់នៅ​ខេត្តកោះកុង​។

​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​មួយ​ចំនួន ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ឃុំឃាំង និង​បង្ខាំង​ដោយ​ខុសច្បាប់​ កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ​ហិ​.​ង្សា​ដោយ​ចេតនា​ និងប្រើប្រាស់​ស្លាក​លេខ​រថយន្ត​ក្លែងក្លាយ ។

ដោយឡែក​ជន​រង​គ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ទិញ​សំបុត្រ​យន្តហោះ​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​ស្រុក​កំណើត​វិញ ដោយ​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ