ខេត្តបាត់ដំបង ៖ រថយន្តដឹកអ្នកដំណើរចំនួន៤គ្រឿងដែលនៅក្រុមហ៊ុនផ្សេងៗគ្នាត្រូវគេរកឃើញថា បានបង្កឱ្យមានមនុស្សស្លាប់ និងរបួសច្រើនជាងគេបំផុតក្នុងចំណោមមនុស្សស្លាប់ និងរបួសក្នុងរដូវបុណ្យភ្ជុំបិណ្ឌកន្លងទៅ គិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០១១ ។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ។
តាមរបាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាឆ្នាំនេះ ដោយគិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៧ កញ្ញា មានគ្រោះថ្នាក់ចរាចរណ៍សរុបចំនួន១៧លើក មនុស្សស្លាប់៦នាក់ របួសធ្ងន់និងស្រាលសរុប៥៣នាក់ ។ចំពោះសម្ភារដែលខូចខាតក្រៅពីម៉ូតូ គឺមានតែរថយន្តរបស់ក្រុមហ៊ុនដឹកអ្នកដំណើរ៤គ្រឿងប៉ុណ្ណោះដែលបង្កគ្រោះថ្នាក់ ក្នុងនោះមានរថយន្តរបស់ក្រុមហ៊ុនផារ៉ាម៉ោនអង្គរចំនួន២គ្រឿង ក្រុមហ៊ុនដឹកអ្នកដំណើរកម្ពុជាអិុចស្ព្រេស១គ្រឿង និងក្រុមហ៊ុនកាពីតូល១គ្រឿង ។
របាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់៦នាក់ មាន៥នាក់ស្លាប់ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តដឹកអ្នកដំណើរទាំង៤គ្រឿងខាងលើនេះ ហើយក្នុងចំណោមអ្នករបួសសរុប៥៣នាក់ មាន២៤នាក់ ក៏គ្រោះថ្នាក់ដោយសាររថយន្ត៤គ្រឿងនេះដែរ។ ដូច្នេះរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនទាំង៣ខាងលើនេះ បានឆក់យកជីវិតមនុស្សច្រើនជាងគេហើយធ្វើឱ្យរបួសជិតពាក់កណ្តាលនៃចំនួនអ្នករបួសទាំងអស់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១១ នេះ ។
លោកសាត គឹមសាន ប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបានថ្លែងថា រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនផារ៉ាម៉ោនអង្គរបានបុកគោយន្តកន្ត្រៃមួយគ្រឿងបណ្តាលឱ្យស្លាប់មនុស្ស៤នាក់ របួសធ្ងន់-ស្រាលចំនួន៣នាក់ នៅឃុំកំពង់ព្រះ ស្រុកសង្កែ ដែលឧប្បត្តិហេតុនេះលោកនិយាយថា កំហុសភាគច្រើនបណ្តាលមកពីភាគីអ្នកបើកគោយន្ត ។ ដោយឡែក រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូល និងក្រុមហ៊ុនផារ៉ាម៉ោនអង្គ បានបុកគ្នាពេញទំហឹងក្នុងទិសដៅបញ្ច្រាសទិសគ្នា នៅក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ដែរ បណ្តាលឱ្យមនុស្ស២៤នាក់រងរបួសធ្ងន់ និងស្រាល ។ រីឯរថយន្តរបស់ក្រុមហ៊ុនកម្ពុជាអិុចស្ព្រេស បានបុកអ្នកជិះម៉ូតូម្នាក់ស្លាប់នៅឯឃុំតាម៉ឺន ស្រុកថ្មគោល។
លោកសាត គឹមសាន បានបញ្ជាក់ថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍របស់រថយន្តធំៗ៤គ្រឿងខាងលើនេះ បើពិនិត្យលើចំណុចកើតហេតុ គឺមិនប្រាកដថា សុទ្ធតែជាកំហុសរបស់ភាគីរថយន្តនេះទាំងស្រុងទេ តែលោកទទួលស្គាល់ថា រថយន្តរបស់ក្រុមហ៊ុនដឹកអ្នកដំណើរភាគច្រើនមានកំហុសដោយសារបើកលឿនលើសកំណត់ ដែលនេះអាចចាត់ទុកថា អ្នកបើកបររថយន្តទាំងនេះ មិនបានគោរពច្បាប់ចរាចរណ៍ឡើយ ។
រថយន្តដឹកអ្នកដំណើរស្ទើរគ្រប់ក្រុមហ៊ុនទាំងអស់ បច្ចុប្បន្នត្រូវរងនូវការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋាននានាអំពើការបើកបរហាក់បង្ហាញអំពីការមិនគោរពច្បាប់ចរាចរណ៍ បើទោះជាអ្នកបើកបរសុទ្ធតែឆ្លងកាត់សាលាបើកបរត្រឹមត្រូវតាមច្បាប់ក្តី ។ អ្នករិះគន់និយាយថា អ្នកបើកបររថយន្តដឹកអ្នកដំណើរស្ទើរទាំងអស់ ហាក់ដូចមិនបានគិតអំពីគ្រោះថ្នាក់ទេ ពីព្រោះពួកគេអាចយល់ថា រថយន្តរបស់ក្រុមហ៊ុនទាំងអស់សុទ្ធតែមានការធានារ៉ាប់រងពីក្រុមហ៊ុន ដូច្នេះបើជួបគ្រោះថ្នាក់ធ្ងន់ធ្ងរស្លាប់មនុស្ស ឬបែបណានោះដាក់មេប្រូចបាត់ស្រមោលទុកឱ្យក្រុមហ៊ុនធានារ៉ាប់រងចេញមុខដោះស្រាយជាការស្រេច ។
ទោះជាមានការរិះគន់បែបនេះក្តី ក្រុមអ្នកបើកបររថយន្តដឹកអ្នកដំណើរខាងលើ តែងតែពន្យល់ប្រាប់អ្នកដំណើរថា ការធ្វើដំណើរសុទ្ធតែត្រូវបានកំណត់ពេលវេលាដោយម្ចាស់ក្រុមហ៊ុន ទោះម៉ោងឈប់សម្រាកក្តី ឬទីកន្លែងឈប់សម្រាកក្តី ដូច្នេះអ្នកបើកបរត្រូវតែបញ្ជារថយន្តរបស់ខ្លួនឱ្យដល់គោលដៅតាមការកំណត់របស់ក្រុមហ៊ុន ។
លោកសាត គឹមសាន បានបញ្ជាក់ដែរថា កន្លងមក ខាងនាយកដ្ឋានសណ្តាប់ធ្នាប់របស់ក្រសួងធ្លាប់អញ្ជើញតំណាងក្រុមហ៊ុនដឹកអ្នកដំណើរទាំងអស់ ទៅប្រជុំណែនាំអំពីការធ្វើអាជីវកម្មរបស់ពួកគេ ជាពិសេសណែនាំអំពីច្បាប់បើកបរ ថែមទាំងមានការបំពេញលក្ខខណ្ឌត្រឹមត្រូវទៀតផង ប៉ុន្តែក្រុមហ៊ុន ឬអ្នកបើកបរទាំងនេះហាក់ដូចជាមិនបានយកចិត្តទុកដាក់ឡើយ ។ លោកបានបន្ថែមថា សូម្បីតែការត្រួតពិនិត្យល្បឿនក៏ដោយ គឺក្រុមអ្នកបើកបររថយន្តក្រុងទាំងនេះមិនសូវគោរពដែរ ពោលគឺពួកគេបន្ថយល្បឿន តែកន្លែងគោលដៅប៉ុណ្ណោះ លុះឆ្លងផុតបន្តិចបន្ថែមល្បឿនដូចហោះទៀតដដែល ។
លោកសាត គឹមសាន បានបញ្ជាក់បន្ថែមអំពីផ្លូវច្បាប់ថា ច្បាប់ចរាចរណ៍នឹងត្រូវរឹតបន្តឹងបំផុតនៅចុងឆ្នាំ២០១២ ខាងមុខ ហើយពេលនោះ អ្នកបើកបរដែលមិនសូវគោរពច្បាប់ បែបព្រហើននឹងច្បាប់អាចនឹងត្រូវប្រឈមជាមួយនឹងការដកហូតសិទ្ធិបើកបរដែលធ្វើឡើងដោយតុលាការ ៕
ចែករំលែកព័តមាននេះ