រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញផ្សាយកាលពីថ្ងៃទី៥ តុលា ឆ្នាំ២០១១ ឱ្យដឹងថា ឃុំសង្កាត់ចំនួន៣១៦ ដែលរងគ្រោះដោយទឹកជំនន់ត្រូវបន្ថែមពេលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។
គ.ជ.ប បន្តថា ខ្លួនបានសម្រេចបន្ថែមរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតចំនួន៣ថ្ងៃ សម្រាប់ឃុំ-សង្កាត់ចំនួន៣១៦ក្នុងរាជធានី-ខេត្ត១៣ ដែលរងគ្រោះដោយសារទឹកជំនន់។ ការសម្រេចនេះបន្ទាប់ពីគ.ជ.ប បានបើកកិច្ចប្រជុំនាថ្ងៃទី៥ តុលា ឆ្នាំ២០១១ ដោយការពិនិត្យលើសំណើរបស់អគ្គលេខាធិការ គ.ជ.ប។ រាជធានី-ខេត្តដែលមានឃុំ-សង្កាត់ត្រូវបន្ថែមរយៈពេលសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតចំនួន៣ថ្ងៃ រួមមាន ខេត្តបន្ទាយមានជ័យ៥ឃុំ កំពង់ចាម៥៦ឃុំ កំពង់ឆ្នាំង៣៣ឃុំ កំពង់ធំ៧១ឃុំ កណ្តាល២០ឃុំ ក្រចេះ១៥ឃុំ រាជធានីភ្នំពេញ១២សង្កាត់ ព្រះវិហារ៣១ឃុំ ព្រៃវែង៣៧ឃុំ ពោធិ៍សាត់១៣ឃុំ សៀមរាប៦ឃុំ តាកែវ១០ឃុំ និងខេត្តឧត្តរមានជ័យ៧ឃុំ។
លោកទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា ការពន្យារពេលនេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ស្នើសុំរបស់អគ្គលេខារាជធានីភ្នំពេញ-ខេត្តរៀបចំការបោះឆ្នោតពាក់ព័ន្ធ និងតាមរយៈកិច្ចប្រជុំជាគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី៥ តុលា ឆ្នាំ២០១១។
ផ្អែកតាមរបាយការណ៍របស់អង្គការនិចហ្វិច និងវិទ្យាស្ថានជាតិសាធារណរដ្ឋអន្តរជាតិចេញផ្សាយកាលពីថ្ងៃទី៥ តុលា ឆ្នាំ២០១១ ឱ្យដឹងថា បានធ្វើសេចក្តីសន្និដ្ឋានមួយចំនួនជុំវិញការអនុវត្តការងារក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតមានភាពមិនប្រក្រតីមួយចំនួនបានកើតឡើង។ ក្នុង៣០០ឃុំ- សង្កាត់។ របាយការណ៍ចំនួន២.៩៩០ មាន៩៤,១៨% លើកឡើងថាការិយាល័យចុះឈ្មោះបោះឆ្នោតបានបើកទាន់ពេលវេលា និងមាន តែ៦៦,២៤%បានបិទតាមពេលកំណត់។
អង្គការនិចហ្វិចបានអះអាងថាមានឃុំចំនួន ៤៧ (ស្មើនឹង១៥,៧%) ក្នុងចំណោមឃុំ-សង្កាត់ ២៩៩ ស្មៀនឃុំ-សង្កាត់បានអនុញ្ញាតឱ្យអ្នកចុះឈ្មោះម្នាក់បានចុះឈ្មោះដោយពុំមានឯកសារ គ្រប់គ្រាន់។
ក្នុងចំណោម៤៧ឃុំមាន៣ឃុំដែលស្មៀនឃុំ អនុញ្ញាតយ៉ាងហោចណាស់១០នាក់ក្នុងមួយថ្ងៃ ដែលគ្មានឯកសារគ្រប់គ្រាន់។ ទិន្នន័យបានបង្ហាញថាឃុំ-សង្កាត់ចំនួន១១៨ (ស្មើ៣៩,៤%) ក្នុងចំណោមឃុំ-សង្កាត់ចំនួន២៩៩ មានឃុំ-សង្កាត់ចំនួន៤អនុញ្ញាតឱ្យប្រជាពលរដ្ឋចំនួនច្រើនជាង១០នាក់ក្នុងមួយថ្ងៃបានចុះឈ្មោះដោយមិនបានបង្ហាញខ្លួននៅចំពោះមុខស្មៀន។
អង្គការនិចហ្វិចបានអះអាងទៀតថា អត្តសញ្ញាណប័ណ្ណដែលផុតកំណត់ដែលត្រូវបានអនុ ញ្ញាតឱ្យប្រើប្រាស់រហូតដើម្បីចុះឈ្មោះ និងបោះ ឆ្នោតរហូតដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១១ មិនត្រូវបានអនុវត្តជាទូទៅឡើយ។ តាមលទ្ធផល សង្កេតឱ្យដឹងថា ៤៨ឃុំអ្នកសង្កេតរកឃើញថាស្មៀនឃុំបានបដិសេធចុះឈ្មោះឱ្យប្រជាពលរដ្ឋ ដែលកាន់អត្តសញ្ញាណប័ណ្ណផុតកំណត់។ យ៉ាងហោចណាស់ប្រជាពលរដ្ឋចំនួន៧.៣៩៣នាក់
បានចុះឈ្មោះដោយប្រើប្រាស់ទម្រង់បញ្ជាក់អត្ត សញ្ញាណសំរាប់ការបោះឆ្នោត៕
ចែករំលែកព័តមាននេះ