ឥណ្ឌា និងអាហ្វហ្គានីស្ថានបានចុះហត្ថលេខាកាលពីថ្ងៃទី៤ តុលា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្រ្តចម្បងមួយដែលសំដៅបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ និងវិស័យដទៃៗទៀតរវាងប្រទេសទាំង២។ នាយករដ្ឋមន្ត្រីឥណ្ឌាលោកម៉ាន់ ម៉ូហាន់ស៊ិញនិងប្រធានាធិបតីអាហ្វហ្គានីស្ថាន លោកហាមីដ កាហ្សៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្រោយការជួបពិភាក្សាគ្នានៅទីក្រុងញូវដែល្លី។
ប្រទេសទាំង២ក៏ព្រមព្រៀងគ្នាផងដែរជំរុញទំនាក់ទំនងសេដ្ឋកិច្ច ជាពិសេសខាងផ្នែករ៉ែ ប្រេងកាត និងឧស្ម័ន។ ទាក់ទិនដល់បញ្ហាសន្តិសុខ លោកស៊ិញថ្លែងថា ភេរវកម្មគំរាមកំហែងដល់តំបន់យើងទាំងមូល។ ប្រជាជនអាហ្វហ្គានីស្ថានរងទុក្ខវេទនាគ្រប់គ្រាន់ហើយ ដែលសមទទួលបានការរស់នៅក្នុងសុខសន្តិភាព ហើយសម្រេចដោយខ្លួនឯងផ្ទាល់នូវអនាគតរបស់ខ្លួនដោយគ្មានការជ្រៀតជ្រែកពីខាងក្រៅ និងគ្មានការបំភិតបំភ័យ។ លោកកាហ្សៃបានទៅដល់ប្រទេសឥណ្ឌាកាលពីថ្ងៃទី៤ តុលា ដើម្បីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃមួយនៅប្រទេសនេះ ៕
ចែករំលែកព័តមាននេះ