ការវាយប្រហារដោយរថយន្តកាំមីញ៉ុងផ្ទុកគ្រឿងផ្ទុះមួយប្រកាសទទួលខុសត្រូវដោយពួកឧទ្ទាមអ៊ិស្លាម ចំនួនអ្នកស្លាប់ឡើងដល់ទៅជាង៧០នាក់ ហើយមនុស្ស១៥០នាក់ទៀតត្រូវរបួសកាលពីថ្ងៃទី៤ តុលា នៅកណ្តាលទីក្រុងម៉ូហ្គាឌីស្យូ រដ្ឋធានីសូម៉ាលី។
ការវាយប្រហារនេះជាការវាយប្រហារយ៉ាងបង្ហូរឈាមបំផុតរបស់ពួកឧទ្តាមអ៊ិស្លាមនៃចលនា CHABAAB តាំងពីចាប់ផ្តើមការបះបោររបស់ក្រុមនេះ ពីឆ្នាំ២០០៧មក។
ប្រធានាធិបតីសូម៉ាលី លោកស៊ិក សារីហ្វ អាម៉េដ បានថ្កោលទោសចំពោះអំពើហិង្សាដ៏សាហាវព្រៃផ្សៃ និងអមនុស្សធម៌នេះ។ ចំណែកឯអគ្គលេខាធិការ អ.ស.ប លោកបាន គីមូន ក៏ថ្កោលទោសចំពោះការវាយប្រហារនេះដែរ។
សាក្សីទាំងឡាយរាយការណ៍ថា រថយន្តកាំមីញ៉ុងបង្កប់គ្រឿងផ្ទុះ មួយបានផ្ទុះនៅត្រង់ច្រកចូលសង្កាត់ K4 ក្រុងម៉ូហ្គាឌីស្យូ ដែលក្នុងសង្កាត់នេះ មានទីតាំងក្រសួង៤ ពេលពួកនិស្សិតត្រៀមខ្លួនប្រឡង។ អ្នកសម្របសម្រួលនៃផ្នែករថយន្តសង្គ្រោះលោកអាលីមូស និយាយប្រាប់រ៉យទ័រថា មនុស្ស៧០នាក់ ត្រូវស្លាប់ក្នុងនោះរួមមានទាហាន និស្សិត និងជនស៊ីវិល។ រថយន្តដែលផ្ទុះសង្ស័យផ្ទុកប្រេងសាំង និងគ្រឿងផ្ទុះច្រើន។
អ្នកនាំពាក្យម្នាក់របស់ពួកឧទ្ទាមអ៊ិស្លាមនិយាយថា ពួក CHABAAB ជាអ្នកធ្វើការវាយប្រហារនេះ។ យើងវាយប្រហារសំដៅលើក្រសួងទាំងឡាយ។ ដោយស្នើដល់ប្រជាជនសូម៉ាលីឱ្យស្ថិតនៅដាច់ឆ្ងាយពីអគាររដ្ឋាភិបាលទាំងឡាយ ព្រមទាំងបណ្តាមូលដ្ឋានយោធា អ្នកនាំពាក្យរបស់ពួក CHABAAB បានព្រមានថា នឹងមានការវាយប្រហារជាបន្តបន្ទាប់ទៀត៕
ចែករំលែកព័តមាននេះ