ក្រោយការឡើងថ្លៃស្រ៊ឺតៗយ៉ាងខ្ពស់រយៈពេលប៉ុន្មានខែចុងក្រោយនេះ មាសបានចុះថ្លៃវិញយ៉ាងគំហុកមកនៅត្រឹមតែ១.៥៣៤ដុល្លារ ក្នុង១អោន (ជាង៨ជី) កាលពីថ្ងៃទី២៦ កញ្ញា កន្លងមកនេះដែលនោះជាការធ្លាក់តម្លៃ១៥% ក្នុងរយៈពេលតែ៤ថ្ងៃ និងជិត២០%ចាប់តាំងពីដើមខែកញ្ញានេះមក ។
តម្លៃមាសបានឡើងខ្ពស់បំផុតនារដូវក្តៅនេះ គឺដល់១៩០០ដុល្លារក្នុង១អោន កាលពីថ្ងៃទី២៣ សីហា មុនឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រនាថ្ងៃទី៦ កញ្ញា ដល់១.៩២១ដុល្លារក្នុងមួយអោន ។ ការចុះថោកវិញយ៉ាងគំហុកនៃតម្លៃមាសបណ្តាលមកពីការកើនឡើងនៃការប្លន់យកគ្រឿងអលង្ការពីមាស និងការកើនឡើងនៃការលក់គ្រឿងអលង្ការរបស់បណ្តាគ្រួសារ ។
ម្យ៉ាងទៀតការធ្លាក់ចុះនៃតម្លៃមាសនេះមូលហេតុសំខាន់មកពីតម្លៃប្រាក់ដុល្លារឡើងខ្ពស់ ។ ប្រាក់ដុល្លារឡើងថ្លៃដល់កម្រិតខ្ពស់បំផុតពុំធ្លាប់មានចាប់តាំងពី៨ខែមកហើយ បើប្រៀបនឹងប្រាក់អឺរ៉ូ ។ កត្តាសំខាន់មួយទៀតដែលនាំឱ្យតម្លៃមាសធ្លាក់ចុះមកពីធនាគារអន្តរជាតិទាំងឡាយដូចជាធនាគារ BANK OF CHINA ជាដើម ទាមទារឱ្យមានការផ្លាស់ប្តូរជាប្រាក់ដុល្លារជាមួយបណ្តាធនាគារបារាំង និងអឺរ៉ុបដែលញ៉ាំងឱ្យមានការខ្វះសាច់ប្រាក់ដុល្លារសម្រាប់ការផ្លាស់ប្តូរនេះដែលជំរុញឱ្យមានការបញ្ចេញមាសលក់ ដើម្បីយកប្រាក់ដុល្លារវិញ ៕
ចែករំលែកព័តមាននេះ