ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ាឡេស៊ីស៊ើបអង្កេតករណីជនបរទេសចា.ក់សាំង RON95 ដែលជាសាំងឧបត្ថម្ភដោយរដ្ឋលក់សម្រាប់តែប្រជាជនខ្លួន

7 ម៉ោង មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ អាជ្ញាធរ​ម៉ា​ឡេ​ស៊ីក្នុង​រដ្ឋ​ចូ​ហរ (Johor) បាន​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​មួយ បន្ទាប់​ពី​រថយន្ត​ចុះបញ្ជី​នៅ​ប្រទេស​សិង្ហ​បុរី​១​គ្រឿង ត្រូវ​បាន​ប្រទះ​ឃើញ​ចាក់​សាំង​ប្រភេទ RON95 ដែល​ជា​សាំង​ទទួល​បានការ​ឧបត្ថម្ភ​ពិសេស​ពី​រដ្ឋាភិបាល សម្រាប់​លក់​ជូន​តែ​ប្រជាជន​ម៉ា​ឡេ​ស៊ី​ប៉ុណ្ណោះ​។…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ អាជ្ញាធរ​ម៉ា​ឡេ​ស៊ីក្នុង​រដ្ឋ​ចូ​ហរ (Johor) បាន​ចាប់ផ្តើម​ការ​ស៊ើបអង្កេត​មួយ បន្ទាប់​ពី​រថយន្ត​ចុះបញ្ជី​នៅ​ប្រទេស​សិង្ហ​បុរី​១​គ្រឿង ត្រូវ​បាន​ប្រទះ​ឃើញ​ចាក់​សាំង​ប្រភេទ RON95 ដែល​ជា​សាំង​ទទួល​បានការ​ឧបត្ថម្ភ​ពិសេស​ពី​រដ្ឋាភិបាល សម្រាប់​លក់​ជូន​តែ​ប្រជាជន​ម៉ា​ឡេ​ស៊ី​ប៉ុណ្ណោះ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន VnExpress ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៥​។

លោកស្រី Lilis Saslinda Pornomo នាយក​សាខារដ្ឋ​ចូ​ហរ នៃ​ក្រសួងពាណិជ្ជកម្ម​របស់​ម៉ា​ឡេ​ស៊ី បាន​ថ្លែង​ថា អាជ្ញាធរ​បានដឹង​ពី​រូបភាព​ដែល​បង្ហាញ​ពី​រថយន្ត​ដែល​បាន​ចុះបញ្ជី​នៅ​បរទេស ដែល​គេ​ជឿ​ថា​ជា​កម្មសិទ្ធិ​របស់​ប្រជាជន​សិង្ហ​បុរី កំពុង​ចាក់​សាំង RON95 នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយ​កន្លែង​ក្នុង​ទីក្រុង​ចូ​ហរ​បា​រូ (Johor Bahru) ដ្បិត​ទីក្រុង​ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​នៃ​ភាគ​ខាងត្បូង​ប្រទេស​ម៉ា​ឡេ​ស៊ី​មួយ​នេះ ស្ថិត​នៅ​កាត់​ព្រំដែន​ពី​ប្រទេស​សិង្ហ​បុរី​។

លោកស្រី​បាន​និយាយ​ថា «​ការ​ស៊ើបអង្កេត​ហ្មត់ចត់​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​កំណត់​ទីតាំង​នៃ​ស្ថានីយ៍​ដែល​ពាក់ព័ន្ធ និង​កំណត់​ថា តើ​មានការ​រំលោភ​លើ​បទ​ប្បញ្ញត្តិ​ដែល​មាន​ស្រាប់​ឬ​យ៉ាងណា?
រូបថត​ដែល​ត្រូវ​បាន​ចែកចាយ​លើ​បណ្តាញ​សង្គម ចាប់តាំងពី​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​មុន បាន​បង្ហាញ​ពី​រថយន្ត​១​គ្រឿង​មិន​ត្រឹមតែ​បាន​ចាក់​សាំង​ប្រភេទ RON95 ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ម្ចាស់​រថយន្ត​ថែម​ទាំង​បូម​សាំង​ដាក់​ក្នុង​ប៊ីដុង​ដ៏​ធំ​មួយ​ថែម​ទៀត​ផង​។

គួរ​រំលឹក​ថា សាំង RON95 ទទួល​បានការ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាជន ដោយ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ត្រឹម ២,០៥​រីង​ហ្គី​ត ឬ​ស្មើនឹង ៤៨​សេន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ​ក្នុង​១​លី​ត្រ​។ សាំង​ប្រភេទ​នេះ ត្រូវ​បាន​បម្រុង​ទុក​យ៉ាង​តឹងរ៉ឹង សម្រាប់​លក់​ជូន​តែ​ប្រជាជន​ម៉ា​ឡេ​ស៊ី​ប៉ុណ្ណោះ ដោយ​ក្បាល​ចាក់​ប្រេង​មាន​ពណ៌​លឿង​ជា​សំគាល់ ខណៈ​ដែល​យានយន្ត​ដែល​បាន​ចុះបញ្ជី​នៅ​បរទេស​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ទិញ​សាំង​ប្រភេទ​នេះ​ឡើយ ហើយ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទិញ​សាំង​ប្រភេទ​ខ្ពស់ និង​មាន​តម្លៃ​ថ្លៃ​ជាង​ដូច​ជា RON97 ឬ RON100 ជំនួស​វិញ​។ ប្រតិបត្តិ​ករ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ណាមួយ​ដែល​ហ៊ាន​លក់​សាំង RON95 ទៅ​ឱ្យ​យានយន្ត​ដែល​ចុះបញ្ជី​នៅ​បរទេស​អាច​ប្រឈម​ការ​ផាកពិន័យ​ធ្ងន់ធ្ងរ​បំផុត​រហូត​ដល់ ១​លាន​រីង​ហ្គី​ត ស្មើនឹង​ជាង ២៣៦ ០០០​ដុល្លារ ឬ​ជាប់​ពន្ធនាគារ​រហូត​ដល់​៣​ឆ្នាំ​។

លោកស្រី Lilis Saslinda បាន​និយាយ​ថា ប្រសិនបើ​ការ​ស៊ើបអង្កេត​បញ្ជាក់​ពី​បទល្មើស​ណាមួយ វិធានការ​សម​ស្រប​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ចំពោះ​ភាគី​ពាក់ព័ន្ធ រួម​ទាំង​ប្រតិបត្តិ​ករ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ផង​ដែរ ប្រសិនបើ​រក​ឃើញ​ថា​មានការ​ធ្វេសប្រហែស ឬ​មានការ​ជាប់​ពាក់ព័ន្ធ​។ លោកស្រី​ក៏​បាន​សង្កត់ធ្ងន់​ថា ការ​ហាមឃាត់​ការ​លក់​សាំង RON95 ទៅ​ឱ្យ​យានយន្ត​ដែល​បាន​ចុះបញ្ជី​នៅ​បរទេស​នៅ​តែ​ជា​ធរមាន ហើយ​បាន​ព្រមាន​ដល់​ប្រតិបត្តិ​ករ​ស្ថានីយ៍​ប្រេងឥន្ធនៈ​ទាំងអស់​ឱ្យ​គោរព​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​យ៉ាង​តឹងរ៉ឹង​។

ទន្ទឹម​ជាមួយ​គ្នា​នោះ អាជ្ញាធរ​បាន​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​ឱ្យ​ជួយ​ក្នុង​ការ​ស៊ើបអង្កេត ដោយ​រាយការណ៍​ពី​ភាព​មិន​ប្រក្រតី​ណាមួយ​ដែល​ទាក់ទង​នឹង​ការ​លក់​ប្រេងសាំង​ឧបត្ថម្ភ​ធន​ពី​រដ្ឋាភិបាល​ដោយ​ខុសច្បាប់​ទៅ​ឱ្យ​យានយន្ត​ដែល​មិន​បាន​ចុះបញ្ជី​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ