តម្លៃប្រេងឆៅធ្លាក់ចុះ ក្រោយ OPEC + ប្រកាសបន្តបង្កើនផលិតកម្មសម្រាប់ខែកញ្ញា
បរទេស ៖ អង្គការ OPEC+ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានព្រមព្រៀងគ្នា ដើម្បីបង្កើនផលិតកម្មប្រេងចំនួន ៥៤៧…
បរទេស ៖ អង្គការ OPEC+ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានព្រមព្រៀងគ្នា ដើម្បីបង្កើនផលិតកម្មប្រេងចំនួន ៥៤៧…
បរទេស ៖ អង្គការ OPEC+ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានព្រមព្រៀងគ្នា ដើម្បីបង្កើនផលិតកម្មប្រេងចំនួន ៥៤៧ ០០០បារ៉ែលក្នុង១ថ្ងៃសម្រាប់ខែកញ្ញា ដែលជាការបង្កើនផលិតកម្មប្រេងចុងក្រោយបំផុតក្នុងចំណោមការបង្កើនផលិតកម្មប្រេងជាបន្តបន្ទាប់របស់ខ្លួន ដើម្បីទទួលបានចំណែកទីផ្សារឡើងវិញ ចំពេលការព្រួយបារម្ភកើនឡើងពីការរំខានការផ្គត់ផ្គង់ ដែលមានទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី។
តាមរយៈការប្រកាសថ្មីពីអង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ពួកគេ ដែលត្រូវបានស្គាល់ថា OPEC+ តម្លៃប្រេងឆៅបានធ្លាក់ចុះ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ដោយប្រេងឆៅម៉ាក Brent ដែលជាប្រេងស្តង់ដារអន្តរជាតិក្នុងកិច្ចសន្យាអនាគតបានធ្លាក់ចុះ ១៨សេន ឬ ០,២៦% មកនៅត្រឹម ៦៩,៤៩ដុល្លារក្នុង១បារ៉ែល គិតត្រឹមម៉ោង១២ថ្ងៃត្រង់ (ម៉ោងនៅកម្ពុជា) ខណៈដែលប្រេងឆៅ West Texas Intermediate (WTI) របស់អាមេរិកមានតម្លៃ ៦៧,២១ដុល្លារក្នុង១បារ៉ែល ធ្លាក់ចុះ ១២ សេន ឬ ០,១៨%។
ការផ្លាស់ប្តូររបស់ OPEC+ ស្របតាមការរំពឹងទុករបស់ទីផ្សារ បង្ហាញពីដំណើការត្រលប់មកកាន់ការផ្គត់ផ្គងពេញលេញវិញ និងលើកដំបូងបន្ទាប់ពីការកាត់បន្ថយផលិតកម្មប្រេងដ៏ធំបំផុតរបស់ខ្លួន បូករួមទាំងការបង្កើនដាច់ដោយឡែកនៃផលិតកម្មប្រេងរបស់ប្រទេសអារ៉ាប់រួម ដែលសរុបស្មើនឹងប្រហែល ២,៥លានបារ៉ែលក្នុង១ថ្ងៃ ឬប្រហែល ២,៤% នៃតម្រូវការពិភពលោក។
ទោះជាយ៉ាងណាក៏ដោយ បណ្តាអ្នកវិនិយោគនៅតែប្រុងប្រយ័ត្ន ចំពោះការដាក់ទណ្ឌកម្មបន្ថែមរបស់អាមេរិកលើអ៊ីរ៉ង់ និងរុស្ស៊ី អាចរំខានដល់ការផ្គត់ផ្គង់។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមយកពន្ធបន្ទាប់បន្សំ ១០០% លើអ្នកទិញប្រេងឆៅពីរុស្ស៊ី ខណៈដែលលោកព្យាយាមដាក់សម្ពាធលើទីក្រុងមូស្គូឱ្យបញ្ឈប់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។
ជាមួយគ្នានោះ ការព្រួយបារម្ភអំពីពន្ធគយរបស់អាមេរិកដែលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចពិភពលោក និងការប្រើប្រាស់ប្រេងឥន្ធនៈ ក៏កំពុងអង្រួនទីផ្សារផងដែរ ជាពិសេសបន្ទាប់ពីទិន្នន័យសេដ្ឋកិច្ចរបស់អាមេរិកស្តីពីកំណើនការងារកាលពីថ្ងៃទី១ ខែសីហា កន្លងទៅ បង្ហាញអត្រាទាបជាងការរំពឹងទុក៕ ប្រភព ៖ Reuters និង CNN
ចែករំលែកព័តមាននេះ