ទីក្រុងប៉េកាំង ៖ កាសែត Financial Times នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានរាយការណ៍ថា ប្រទេសចិនចង់ឱ្យសហរដ្ឋអាមេរិកបន្ធូរបន្ថយការគ្រប់គ្រងការនាំចេញបន្ទះឈីប ដែលមានសារៈសំខាន់សម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលវាជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម មុនកិច្ចប្រជុំកំពូលដែលអាចធ្វើទៅបានរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។
កាសែតសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេសមួយនេះ បានរាយការណ៍ដោយដកស្រង់សម្តីពីបុគ្គលសុំមិនបញ្ចេញឈ្មោះដែលបានដឹងអំពីបញ្ហានេះថា មន្ត្រីចិនបានប្រាប់អ្នកជំនាញអាមេរិក ថា ចិនចង់ឱ្យរដ្ឋបាលរបស់លោក ត្រាំ បន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញបន្ទះឈីបអង្គចងចាំកម្រិតខ្ពស់ ឬ HBM Chip។ កាសែត Financial Times បន្តទៀតថា ប្រទេសចិនមានការព្រួយបារម្ភដោយសារតែការគ្រប់គ្រងបន្ទះឈីប HBM របស់សហរដ្ឋអាមេរិករារាំងសមត្ថភាពរបស់បណ្តាក្រុមហ៊ុនចិនដូចជា ក្រុមហ៊ុន Huawei ជាដើម ដើម្បីធ្វើការអភិវឌ្ឍន៍បន្ទះឈីប AI ផ្ទាល់ខ្លួន។
រដ្ឋបាលអាមេរិកជាបន្តបន្ទាប់បានទប់ស្កាត់ការនាំចេញបន្ទះឈីបទំនើបទៅកាន់ប្រទេសចិន ដោយសម្លឹងមើលការរារាំងវិស័យ AI និងការអភិវឌ្ឍន៍វិស័យការពារជាតិរបស់ទីក្រុងប៉េកាំង។ ខណៈពេលដែលសកម្មភាពទាំងនេះបានជះឥទ្ធិពលដល់សមត្ថភាពបណ្តាក្រុមហ៊ុនអាមេរិកក្នុងការដោះស្រាយយ៉ាងពេញលេញ នូវតម្រូវការដែលកំពុងកើនឡើងពីប្រទេសចិន ដែលបច្ចុប្បន្នជាទីផ្សារបន្ទះឈីប ឬផលិតផលពាក់កណ្តាលសម្រេច (Semiconductor) ដ៏ធំបំផុតមួយរបស់ពិភពលោក ហើយវានៅតែជាកត្តាជំរុញប្រាក់ចំណូលដ៏សំខាន់សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក៕ ប្រភព ៖ Reuters


ចែករំលែកព័តមាននេះ