ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​រំពឹង​នឹង​ប្រមូល​ចំណូល​ពន្ធ​បាន​៥០​ពាន់​លាន​ដុល្លារ​ក្នុង​១​ខែ ឬ​ច្រើន​ជាង​នេះ

4 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក Howard Lutnick បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ ថា…

សហរដ្ឋអាមេរិក ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អា​មេ​រិ​ក លោក Howard Lutnick បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ ថា លោក​រំពឹង​ថា សហរដ្ឋអាមេរិក​នឹង​ប្រមូល​ចំណូល​ពន្ធ​បាន​ចំនួន​៥០​ពាន់​លាន​ដុល្លារ​ក្នុង​១​ខែ ឬ​ច្រើន​ជាង​នេះ ពោល​កើនឡើង​ពី​៣០​ពាន់​លាន​ដុល្លារ កាលពី​ខែ​មុន ខណៈ​ដែល​ពន្ធ​បាន​កើនឡើង​លើ​ការ​នាំ​ចូល​ទំនិញ​មក​ពី​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ចេញផ្សាយ​។

ពន្ធ​ខ្ពស់​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) លើ​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ជា​ច្រើន​បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ ដោយ​ដំឡើង​ពន្ធ​នាំ​ចូល​ជា​មធ្យម​របស់​អា​មេ​រិ​ក​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​១​សតវត្ស ហើយ​ប្រទេស​ជា​ដៃគូ​ណិ​ជ្ជ​កម្ម​អា​មេ​រិ​ក​ត្រូវ​ប្រឈម​នឹង​ពន្ធ​ចាប់ពី ១០% ទៅ ៥០%​។

លោក ត្រាំ កាលពី​ថ្ងៃ​ទី​៦ ខែសីហា កន្លង​ទៅ ក៏​បាន​ប្រកាស​ពី​ផែនការ​យកពន្ធ​ប្រហែល ១០០% លើ​ការ​នាំ​ចូល​បន្ទះ​ឈី​ប ឬ​ផលិតផល​ពាក់កណ្តាល​សម្រេច (Semiconductor Chip) ពី​ប្រទេស​មួយ​ចំនួន លុះត្រាតែ​ក្រុមហ៊ុន​ផលិត​ប្តេជ្ញា​ចិត្ត​ផលិត​ក្នុង​ទឹកដី​អា​មេ​រិ​ក​។ ជាមួយ​គ្នា​នោះ​រួម​ទាំង​ពន្ធ​លើ​ការ​នាំ​ចូល​ឱសថ ដែល​អាច​កើនឡើង​ដល់ ២៥០% ទៅ​តាម​ពេលវេលា​កំណត់​។ ព័ត៌មាន​លម្អិត​ពី​ពន្ធ​តាម​វិស័យ​ដ៏​សំខាន់​ទាំងនេះ ត្រូវ​បាន​រំពឹង​ទុក​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ បន្ទាប់​ពី​នាយកដ្ឋាន​ពាណិជ្ជកម្ម​បាន​បញ្ចប់​ការ​សិក្សា​លើ​ផល​ប៉ះពាល់​នៃ​ការ​នាំ​ចូល​ទាំងនោះ​មក​លើ​សន្តិសុខ​ជាតិ​អា​មេ​រិ​ក​។

លោក Howard Lutnick បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ Fox Business ដោយ​ការ​កត់​សម្គាល់ថា ចំណូល​ពី​ពន្ធគយ​នឹង​បន្ត​កើត​ចេញពី​សសរស្តម្ភ​ឧស្សាហកម្ម​សកល ដោយ​លោក​និយាយ​ថា «​បន្ទះ​ឈី​ប ឬ​ផលិតផល​ពាក់កណ្តាល​សម្រេច ព្រមទាំង​ឱសថ និង​វិស័យ​យុទ្ធសាស្ត្រ​ជា​ច្រើន​ទៀត​នឹង​ស្ថិត​ក្នុង​ជួរ​បន្ទាប់​សម្រាប់​ការ​យកពន្ធ​»​។ លោក​បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន​អាច​ទទួល​បានការ​លើកលែង​ពន្ធ​លើ​បន្ទះ​ឈី​ប ឬ​ផលិតផល​ពាក់កណ្តាល​សម្រេច ដែល​រំពឹង​ទុក ប្រសិនបើ​ពួក​គេ​ដាក់​ផែនការ​សាងសង់​រោងចក្រ​នៅ​អា​មេ​រិ​ក​។ លោក​ថា​”​គោលដៅ​របស់​លោក​ប្រធានាធិបតី គឺ​ដើម្បី​នាំ​យក​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​បន្ទះ​ឈី​ប​ទាំងមូល​ត្រឡប់​មក​ទឹកដី​អា​មេ​រិ​ក​វិញ ដោយ​បន្ថែម​ថា គំនិត​ផ្តួចផ្តើម​នេះ​អាច​ទាក់ទាញ​ការ​វិនិយោគ​រហូត​ដល់​១​ទ្រី​លាន​ដុល្លារ​ក្នុង​ការ​ផលិត​ក្នុងស្រុក​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​។

ការ​ជំរុញ​ការ​ផលិត​បន្ទះ​ឈី​ប​ក្នុងស្រុក​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ ខណៈ​សភា​អា​មេ​រិ​កបាន​បង្កើត​កម្មវិធី​ឧបត្ថម្ភ​ធន​សម្រាប់​ការ​ផលិត និង​ស្រាវជ្រាវ​មាន​តម្លៃ​រហូត​ដល់ ៥២,៧​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២២ ក្រោម​ការ​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី លោក ចូ បៃ​ដិ​ន (Joe Biden) ហើយ​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ចំនួន​បាន​ព្រមព្រៀង​គ្នា កាលពី​ឆ្នាំ​មុន ដើម្បី​កំណត់​ទីតាំង​រោងចក្រ​ផលិត​បន្ទះ​ឈី​ប​នៅ​សហរដ្ឋអាមេរិក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ