ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យានយន្ត​ប្រើ​សាំង និង​ម៉ា​ស៊ូ​ត​អាច​បាត់​វត្តមាន​ពី​កណ្តាល​ក្រុង​ហូ​ជី​មិ​ញ នៅ​ឆ្នាំ​២០២៦

19 ម៉ោង មុន

ប្រទេស​វៀតណាម ៖ យានយន្ត​ប្រើ​សាំង និង​ម៉ា​ស៊ូ​ត​អាច​នឹង​បាត់​វត្តមាន​ពី​ទីប្រជុំជន​នៃ​ទីក្រុង​ហូ​ជី​មិ​ញ ចាប់ពី​ឆ្នាំ​២០២៦ ក្រោម​ការ​ជំរុញ​ដ៏​ម​ហិ​ច្ឆិ​តា ដើម្បី​កាត់​បន្ថយ​ការ​បំពុល ក៏​ដូច​ជា​ការពារ​សុខភាព​ប្រជាជន និង​ធ្វើ​ទំនើប​កម្ម​ការ​ដឹក​ជញ្ជូន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម…

ប្រទេស​វៀតណាម ៖ យានយន្ត​ប្រើ​សាំង និង​ម៉ា​ស៊ូ​ត​អាច​នឹង​បាត់​វត្តមាន​ពី​ទីប្រជុំជន​នៃ​ទីក្រុង​ហូ​ជី​មិ​ញ ចាប់ពី​ឆ្នាំ​២០២៦ ក្រោម​ការ​ជំរុញ​ដ៏​ម​ហិ​ច្ឆិ​តា ដើម្បី​កាត់​បន្ថយ​ការ​បំពុល ក៏​ដូច​ជា​ការពារ​សុខភាព​ប្រជាជន និង​ធ្វើ​ទំនើប​កម្ម​ការ​ដឹក​ជញ្ជូន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៥​។

ប្រភព​ដដែល​បាន​បន្ត​ថា សម្ព័ន្ធ​មួយ​បាន​ស្នើ​ឱ្យ​សាកល្បង​តំបន់​បំ​ភាយ​ឧស្ម័ន​កម្រិត​ទាប (LEZs) នៅ​កណ្តាល​ទីប្រជុំជន និង​តំបន់ឆ្នេរ​នៅ​សង្កាត់ Can Gio នៃ​ទីក្រុង​ហូ​ជី​មិ​ញ ដោយ​រឹត​បន្តឹង​បន្តិច​ម្តង​ៗ​លើ​យានយន្ត​ដែល​មិន​អនុលោម​តាម​ច្បាប់ (​ប្រើ​សាំង និង​ម៉ា​ស៊ូ​ត​) ចាប់ពី​ឆ្នាំ​២០២៦ មុន​ពេល​បញ្ឈប់​ការ​ប្រើប្រាស់​ទាំងស្រុង​នៅ​ឆ្នាំ​២០៣២​។

សំណើ​ដែល​បាន​ដាក់​ជូន​នាយកដ្ឋាន​សំណង់​កាលពី​ថ្ងៃ​ទី​៨ ខែសីហា បាន​កំណត់​តំបន់​គោលដៅ​ដែល​មាន​ចរាចរណ៍ និង​កម្រិត​បំពុល​ខ្ពស់​បំផុត ហើយ​តំបន់​ទីប្រជុំជន​នឹង​គ្របដណ្តប់​លើ​ស្ពាន​សំខាន់​ៗ និង​ផ្លូវ​ដ៏​មមាញឹក​ជាប់​នឹង​ផ្លូវថ្នល់​ដូច​ជា Dien Bien Phu, Hai Ba Trung, Nam Ky Khoi Nghia, Le Van Sy, Nguyen Van Cu, Calmette និង Khanh Hoi​។

Can Gio ដែល​ជា​កន្លែង​បម្រុង​ជីវ​មណ្ឌល និង​ទទួលស្គាល់​ដោយ​អង្គការ​យូ​ណេ​ស្កូ ត្រូវ​បាន​ដាក់​បញ្ចូល​ដើម្បី​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី ដើម្បី​លើកកម្ពស់​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​។ ក្រុម​មន្ត្រី​បាន​លើក​ឡើង​ថា ពួក​គេ​ចង់​ការពារ​តំបន់​នេះ មុន​ពេល​ការ​បំពុល​ក្លាយទៅជា​វិបត្តិ​។

តាម​ផែនការ ឆ្នាំ​២០២៥ គឺជា​ឆ្នាំ​រៀបចំ ផ្តោត​លើ​ចងក្រង​ក្រប​ខណ្ឌ​ច្បាប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មុន​សិន​។ នៅ​ឆ្នាំ​២០២៦ ទីក្រុង​នឹង​ចាប់ផ្តើម​ដាក់​កម្រិត​ទៅ​លើ​រថយន្ត និង​ទោចក្រយានយន្ត​ពាណិជ្ជកម្ម​ក្នុង​ប្រព័ន្ធ​ដឹក​ជញ្ជូន ដែល​មិន​បាន​បំពេញ​តាម​ស្តង់ដារ​កំណត់​។ នៅ​ឆ្នាំ​២០២៧ ទោចក្រយានយន្ត​ទាំងអស់​នឹង​ត្រូវ​ឆ្លងកាត់​ការ​ធ្វើតេស្ត​បំ​ភាយ​ឧស្ម័ន​កម្រិត​ទាប​។

នៅ​ចុងឆ្នាំ​២០២៨ ទោចក្រយានយន្ត​ត្រូវ​តែ​ប្រើ​អគ្គិសនី​ពេញលេញ ហើយ​នៅ​ខែធ្នូ ឆ្នាំ​២០២៩ ទោចក្រយានយន្ត​ប្រើ​សាំង​នឹង​ត្រូវ​បាន​ហាមឃាត់​ពី​កម្មវិធី​សេវាកម្ម​ដឹក​ជញ្ជូន​។ ចាប់ពី​ឆ្នាំ​២០៣០ តទៅ ច្បាប់​នៃ​ការ​បំ​ភាយ​ឧស្ម័ន​កម្រិត​ទាប នឹង​អនុវត្ត​ចំពោះ​យានយន្ត​ផ្ទាល់ខ្លួន​ទាំងអស់​នៅ​ក្នុង​ទីប្រជុំជន​។ បន្ទាប់​ពី​ឆ្នាំ​២០៣២ ទីក្រុង​ហូ​ជី​មិ​ញ​នឹង​ពិនិត្យ​មើល​កម្មវិធី ហើយ​ពិចារណា​ពង្រីក​ច្បាប់​បំ​ភាយ​ឧស្ម័ន​កម្រិត​ទាប ដើម្បី​គ្របដណ្តប់​ច្រករបៀង​ផ្លូវ​ក្រវាត់ក្រុង​ទាំងមូល​តែ​ម្តង​។ កាមេរ៉ា​សម្គាល់​ស្លាក​លេខ​នឹង​ត្រួតពិនិត្យ​យានយន្ត​ទាំងអស់​ដែល​ចូល​នៅ​ក្នុង​តំបន់ ដោយ​ពិនិត្យ​មើល​ភាព​ខុស​ប្រឆាំង​នឹង​មូលដ្ឋាន​ទិន្នន័យ​នៃ​ការ​បំ​ភាយ​ឧស្ម័ន ហើយ​យានយន្ត​ដែល​មិន​គោរព​ច្បាប់​នឹង​ត្រូវ​ពិន័យ​។

ទីក្រុង​គ្រោង​នឹង​ពង្រីក​ផ្លូវ​រថយន្តក្រុង​អគ្គិសនី អភិវឌ្ឍ​ប្រព័ន្ធ​ចែករំលែក​កង់​សាធារណៈ និង​បង្កើត​ច្រករបៀង​ពណ៌​បៃតង​សម្រាប់​អ្នក​ថ្មើរជើង និង​អ្នក​ជិះ​កង់​។ ស្រប​ពេល​ដែល​ស្ថានីយ៍​សាក​ថ្ម​អគ្គិសនី​នឹង​ត្រូវ​បាន​ផ្តល់​អាទិភាព​នៅ​ចំណតរថយន្ត មជ្ឈមណ្ឌល​ផ្សារ​ទំនើប និង​មជ្ឈមណ្ឌល​ចរាចរណ៍​សំខាន់​ៗ​។

លោក Bui Hoa An អនុប្រធាន​នាយកដ្ឋាន​សំណង់​ប្រចាំ​ទីក្រុង​ហូ​ជី​មិ​ញ​បាន​ថ្លែង​ថា ប្រជាពលរដ្ឋ​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ដែល​ពឹងផ្អែក​លើ​យានជំនិះ​ចាស់​ៗ នឹង​ទទួល​បានការ​គាំទ្រ​ពី​រដ្ឋ​តាម​គោលដៅ ដើម្បី​ធានា​ថា ពួក​គេ​អាច​សម្រប​ខ្លួន​ដោយ​មិន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​។

គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០២៥ ទីក្រុង​ហូ​ជី​មិ​ញ​គ្រប់គ្រង​យានយន្ត​បាន​ជាង ៩,៦​លាន​គ្រឿង ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​ប្រទេស​វៀតណាម រួម​ទាំង​រថយន្ត​ជាង​១​លាន​គ្រឿង និង​ទោច​ចក្រយានយន្ត​ជិត ៨,៦​លាន​គ្រឿង​។ ចំនួន​យានយន្ត​បាន​កើនឡើង ៣% បើ​ធៀប​នឹង​ឆ្នាំ​មុន ដោយ​គិតតែ​ចំនួន​ម្ចាស់​រថយន្ត​បាន​កើនឡើង ៦%​។

សូម​ជម្រាប​ថា ផែនការ​តំបន់​បំ​ភាយ​ឧស្ម័ន​កម្រិត​ទាប គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ការ​បំ​ភាយ​ជាតិ​ដ៏​ទូលំទូលាយ​របស់​វៀតណាម​។ ទីក្រុង​ហាណូយ​កំពុង​រៀបចំ​ការ​ផ្លាស់​ប្តូរ​ស្រ​ដៀង​គ្នា​នេះ​រួច​ហើយ ដោយ​មាន​បំណង​ហាមឃាត់​ទោចក្រយានយន្ត​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ពី​កណ្តាល​ទីក្រុង ដែល​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២៦ និង​ពង្រីក​តំបន់​បញ្ចេញ​ឧស្ម័ន​ទាប​នៅ​ទូ​ទាំង​ទីក្រុង​នៅ​ឆ្នាំ​២០៣០៕ ប្រភព ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ