ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្បួនធម្មយាត្រាសន្តិភាពគណៈសង្ឃនាយកកម្ពុជា បង្ហាញឱ្យអន្តរជាតិឃើញគ្រប់ភាគីទាំងអស់នៅកម្ពុជា ទាំងព្រះសង្ឃ ទាំងគ្រហស្ថ ត្រូវការសន្តិភាព

16 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់​ថា ក្បួន​ធម្ម​យាត្រា​សន្តិភាព​របស់​គណៈ​សង្ឃនាយក​កម្ពុជា ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ឱ្យ​អន្តរជាតិ​បានឃើញ​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់​ថា ក្បួន​ធម្ម​យាត្រា​សន្តិភាព​របស់​គណៈ​សង្ឃនាយក​កម្ពុជា ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ឱ្យ​អន្តរជាតិ​បានឃើញ​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​កម្ពុជា ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ ត្រូវការ​សន្តិភាព​, ការ​រីក​ចម្រើន និង​ស្ថេ​រ​ភាព ដោយ​មិន​ត្រូវការ​សង្គ្រាម​ឡើយ ។

ឯកឧត្តម ឃួ​ង ស្រេង ថ្លែង​បែប​នេះ​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ក្នុង​អំឡុង​អញ្ជើញ​ពិនិត្យ លើ​ការ​រៀប​ចំការ​ការពារ សន្តិសុខ​សណ្តាប់ធ្នាប់ ជូន​គណៈ​សង្ឃនាយក​កម្ពុជា ក្នុង​ដំណើរ​ធម្ម​យាត្រា​សន្តិភាព ដែល​និមន្ត​ចេញដំណើរ​ពីរ​មណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​ឆ្ពោះទៅ​វិមាន​ឯករាជ្យ នា​រសៀល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២៥​នេះ ។

ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់​ថា គណៈសង្ឃ​នាយក​បាន​យល់​ច្បាស់​ថា សាសនា​បាន​កើង​ឡើង​ក្រោម​ដំបូង​សន្តិភាព មាន​សន្តិភាព ទើប​មាន​សាសនា ។ សាសនា​នៅ​កម្ពុជា ត្រូវ​បាន​បាត់បង់ នៅ​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុ​ល ពត ប៉ុន្តែ​បាន​កើតឡើង​វិញ​នៅ​ក្រោយ​ថ្ងៃ​៧​មក​រា ឆ្នាំ​១៩៧៩ និង​កំពុង​រីក​ដុះដាល ដោយ​មាន​ជំនឿ​ពី​ពុទ្ធសាសនិក​នៅ​កម្ពុជា ប្រមាណ​ជាង​៩០% ដែល​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ព្រះពុទ្ធ​សាសនា ខណៈ​ដែល​គ្រប់​ទី​វត្ត​អារាម​ទាំងអស់​កំពុង​មានការ​រីក​ចម្រើន ។

ក្នុង​នោះ​ឯកឧត្តម ឃួ​ង ស្រេង បាន​បន្ថែម​ថា ព្រះសង្ឃ ក៏​មានការ​ភ័យ​ខ្លាច ការ​បាត់បង់​សន្តិភាព ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ របស់​ព្រះ​អង្គ ដូចនេះ​ទើប​គណៈសង្ឃ​នាយក បិណ្ឌបាត​ទៅ​រាជរដ្ឋាភិបាល សុំ​ធ្វើ​ធម្ម​យាត្រា​សន្តិភាព សុំ​សន្តិភាព និង​សុំ​ការ​ដោះ​លែង​ចំណាំ​ក្មាំ​ង ដែល​មាន​អរិភាព​ជាមួយ​គ្នា​កន្លង​មកនេះ ។

ឯកឧត្តម ឃួ​ង ស្រេង មាន​ប្រសាសន៍​ថា «​ការ​ធ្វើ​នេះ ដើម្បី​បង្ហាញ​ឱ្យ​អន្តរជាតិ​បានឃើញ​ថា គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ ទាំង​សាសនិក ឬ​កាតូលិក ឥ​ស្លា​ម​សាសនា ដែល​ជា​ប្រជានុរាស្ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវការ​សន្តិភាព ត្រូវការ​ការ​រីក​ចម្រើន ត្រូវការ​ការ​រស់នៅ​មួយ ដែល​មាន​ស្ថេ​រ​ភាព ចឹ​ង​មិន​ត្រូវការ​សង្គ្រាម​ទេ​» ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ក៏​សូម​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ហើយ​ត្រូវ​មាន​ទំនុកចិត្ត ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ដែល​អាច​ធានា​បាន​ថា ទឹកដី​កម្ពុជា​មិន​បាត់​មួយ​មី​លី​ម៉ែត្រ ហើយ​ក៏​មិន​ត្រូវការ​ទឹកដី​អ្នក​ដទៃ​មួយ​មី​លី​ម៉ែត្រ​ដែរ ។

បន្ថែម​លើ​នេះ ឯកឧត្តម ឃួ​ង ស្រេង ជឿជាក់​ថា ក្រោយ​មាន​អរិភាព​នេះ ទូ​ទាំង​សកលលោក​បាន​មើលឃើញ​ច្បាស់​ពី​ប្រជាជន​កម្ពុជា និង​មើលឃើញ​ច្បាស់​ពី​ការ​ដឹកនាំ​របស់​សម្តេច​ទាំង​ទ្វេ តេ​ជោ​-​ធិ​បតី ក្នុង​កិច្ចការ​ដឹកនាំ ដែល​មិនជា​អ្នក​បង្ក​ឱ្យ​មាន​បញ្ហា​ជាមួយ​ប្រទេស​ជិតខាង​ឡើយ តែ​ផ្ទុយ​ទៅ​វិញ មាន​តែ​អ្នក​ជិតខាង​កម្ពុជា​នោះ​ទេ ដែល​ធ្វើ​ទ​ង្វើ​មិន​គោរព​ច្បាប់​អន្តរជាតិ ។ ទោះជា​យ៉ាង​កម្ពុជា នៅ​តែ​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា យុត្តិធម៌​នៅ​តែ​មាន​សម្រាប់​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ