ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​គាំទ្រ​គំនិត​ដែល​អនុញ្ញាត​ឱ្យ​ហ្សេ​ឡិន​ស្គី​ចូល​រួម​ចរ​ចា​ត្រី​ភាគី

15 ម៉ោង មុន

ទី​ក្រុង​កៀវ៖ មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ដំណឹង​ដែល​ថា​លោក​ត្រាំ​អាច​នឹង​អញ្ជើញ​មេ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិនស្គី​ ឱ្យ​ចូល​រួម​នៅ​ក្នុង​ការ​ជួប​គ្នា​កម្រិត​កំពូល​នៅ​រដ្ឋ​អាឡាស់​ស្កា​នៅ​ថ្ងៃ​ទៅ​១៥ ខែ​សីហា​ខាង​មុខ​នេះ​។ មន្ត្រី​ជាន់​ខ្ពស់​អ៊ុយ​ក្រែន​មួយ​រូប​ចាត់​ទុក​ថា​បើ​បាន​ដូច្នេះ​មែន​ជា​ការ​ល្អ​។ មន្ត្រី​រូប​នេះ​យល់​ថា​នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​។ ​លោក​យល់​ថា​មិន​គួរ​មាន​ការ​ចរ​ចា​គ្នា​​ដើម្បី​បញ្ចប់​សង្គ្រាម​ដោយ​គ្មាន​វត្ត​មាន​របស់​អ៊ុយ​ក្រែន​ចូល​រួម​នោះ​ទេ​។ លោក​អូឡិច​សាន់​ដឺ មើស​ស្កូ…

ទី​ក្រុង​កៀវ៖ មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​តប​ទៅ​នឹង​ដំណឹង​ដែល​ថា​លោក​ត្រាំ​អាច​នឹង​អញ្ជើញ​មេ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិនស្គី​ ឱ្យ​ចូល​រួម​នៅ​ក្នុង​ការ​ជួប​គ្នា​កម្រិត​កំពូល​នៅ​រដ្ឋ​អាឡាស់​ស្កា​នៅ​ថ្ងៃ​ទៅ​១៥ ខែ​សីហា​ខាង​មុខ​នេះ​។ មន្ត្រី​ជាន់​ខ្ពស់​អ៊ុយ​ក្រែន​មួយ​រូប​ចាត់​ទុក​ថា​បើ​បាន​ដូច្នេះ​មែន​ជា​ការ​ល្អ​។ មន្ត្រី​រូប​នេះ​យល់​ថា​នេះ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​។ ​លោក​យល់​ថា​មិន​គួរ​មាន​ការ​ចរ​ចា​គ្នា​​ដើម្បី​បញ្ចប់​សង្គ្រាម​ដោយ​គ្មាន​វត្ត​មាន​របស់​អ៊ុយ​ក្រែន​ចូល​រួម​នោះ​ទេ​។

លោក​អូឡិច​សាន់​ដឺ មើស​ស្កូ (Oleksandr Merezhko) ជា​ប្រធាន​គណៈ​កម្ម​ការ​រដ្ឋ​សភា​ទទួល​បន្ទុក​ខាង​កិច្ច​ការ​បរទេស​ថ្លែង​ប្រាប់​ទស្សនាវដ្ដី​ញូ​ស្វីក (Newsweek) ថា​ការ​នាំ​យក​លោក​ហ្សេឡិន​ស្គី​ចូល​ទៅ​ក្នុង​កញ្ចប់​នៃ​កិច្ច​ចរ​ចា​​គឺ​ស្រប​ទៅ​នឹង​គោល​ការណ៍​ស្ដី​ពី​ «កិច្ច​ពិភាក្សា​ដែល​គ្មាន​អ៊ុយ​ក្រែន​ចូល​រួម​មិន​អាច​ចាត់​ទុក​ថា​ជា​ការ​ដោះ​ស្រាយ​បញ្ហា​អ៊ុយ​ក្រែន​ទេ​»។

ការ​ធ្វើ​អត្ថា​ធិប្បាយ​របស់​មន្ត្រី​រូប​នេះ​​បន្ទាប់​ពី​សារ​ព័ត៌​មាន​អាមេរិក​ផ្សាយ​ថា​សេត​វិមាន​កំពុង​ពិចារណា​​ដាក់​បញ្ចូល​​លោក​ហ្សេ​ឡិន​ស្គី​​ទៅ​ក្នុង​កញ្ចប់​ចរ​ចា​នៅ​ថ្ងៃ​សុក្រ ទី​១៥​ ខែ​សីហា​​។​ ទូរទស្សន៍​អឹន​ប៊ី​ស៊ី (NBC) បាន​ដក​ស្រង់​ប្រភព​ពី​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​មក​ផ្សាយ​ថា​​​សេត​វិមាន​កំពុង​ពិនិត្យ​មើល​លទ្ធ​ភាព​នៃ​ការ​អញ្ជើញ​លោក​ហ្សេឡិនស្គី​​ឱ្យ​ចូល​​រួម​នៅ​ក្នុង​ការ​​ចរ​ចា​គ្នា​។

មន្ត្រី​អាមេរិក​ខាង​លើ​នេះ​បញ្ជាក់​ថា​លទ្ធ​ភាព​អាច​នឹង​កើត​មាន (ដែល​ថា​លោក​ហ្សេឡិន​ស្គី​អាច​​នឹង​ចូល​រួម​នៅ​ក្នុង​គម្រោង​ជួប​គ្នា​)។​ គ្រប់​គ្នា​កំពុង​សង្ឃឹម​ទុក​ជា​មុន​ថា​ព្រឹត្តិ​ការណ៍​នេះ​នឹង​កើត​​ឡើង​​​។ មន្ត្រី​សេត​វិមាន​ម្នាក់​ថ្លែង​ប្រាប់​អឹន​ប៊ីស៊ី​ថា​លោក​ត្រាំ​បើក​ចំហ​ជា​និច្ច​សម្រាប់​គម្រោង​ជួប​គ្នា​ត្រី​ភាគី​។ ​សម្រាប់​ពេល​នេះ ​​​​សេត​វិមាន​ចង់​​ផ្ដោត​សំខាន់​ទៅ​លើ​​គម្រោង​ជួប​គ្នា​ទ្វេ​ភាគី​​​ដែល​ស្នើ​ឡើង​ដោយ​លោក​ពូទីន​។

អង់គ្លេស​ បារាំង អ៊ីតាលី អាល្លឺម៉ង់ ប៉ូឡូញ ហ្វាំង​ឡង់ និង​ប្រធាន​គណៈ​កម្ម​ការ​អឺរ៉ុប​បាន​ចេញ​សេច​ក្ដី​ថ្លែង​ការណ៍​រួម​គាំទ្រ​ការ​ប្រកាន់​ជំហរ​របស់​រដ្ឋាភិបាល​ទី​ក្រុង​កៀវ​ត្រង់​ចំណុច​ដែល​ថា​ «ការ​សម្រេច​ចិត្ត​ជ្រើស​រើស​យក​មាគ៌ា​ណា​មួយ​ដើម្បី​សន្តិ​ភាព​នៅ​អ៊ុយ​ក្រែន​មិន​អាច​កើត​មាន​ទេ​បើ​គ្មាន​អ៊ុយ​ក្រែន​ចូល​រួម​។​ យើង​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​ដែល​ថា​ព្រំ​ដែន​ជា​អន្តរ​ជាតិ​មិន​អាច​កែ​ប្រែ​ដោយ​ការ​ប្រើ​ប្រាស់​កម្លាំង (​យោធា) ​បាន​ឡើយ»​។

​ជំនួយ​ការ​របស់​លោក​ពូទីន​គឺ​លោក​អ៊ូសាកូស (Ushakov) បញ្ជាក់​ថា​​សេតវិមាន​ និង​វិមាន​ក្រឹម​ឡាំង​មាន​កិច្ច​ការ​ច្រើន​ណាស់​ដែល​ត្រូវ​​ធ្វើ​យ៉ាង​ប្រញឹក​ដៃ​​បំផុត​ព្រោះ​នៅ​សល់​ពេល​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ លោក​ថ្លែង​ថា​​​អាមេរិក​ និង​រុស្ស៊ី​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​ដែល​ខណ្ឌ​ដោយ​ច្រក​សមុទ្រ​បេរីង (Bering Strait) ទទឹង​៥៥​ម៉ាយ (ប្រហែល​៨៨,៥​គីឡូ​ម៉ែត្រ)។ ជំនួយ​ការ​រូប​នេះ​យល់​ថា​​វា​ជា​រឿង​ដែល​អាច​ទៅ​រួច​បើ​គណៈ​ប្រតិ​ភូ​រុស្ស៊ី​ធ្វើ​ដំណើរ​ឆ្លង​កាត់​​ដៃ​សមុទ្រ​បេរីង​ចូល​​រដ្ឋ​អាឡាស់​ស្កា​ ហើយ​ថ្នាក់​ដឹក​នាំ​ទាំង​២​ (លោក​ត្រាំ និង​លោក​ពូទីន) ជួប​គ្នា​នៅ​លើ​ទឹក​ដី​​​នេះ​​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ